តម្រុយថ្មីបង្ហាញថា នាឡិកាឆ្លាតវៃដំបូងរបស់ vivo អាចនឹងត្រូវបានប្រកាសចេញឆាប់ៗ​
ដោយ​ ៖ គាលី | 4 សប្តាហ៍មុន SHARE

 

ដូចប្រិយមិត្តបានដឹងហើយថា vivo កំពុងត្រៀមពង្រីកវិសាលភាពខ្លួន បន្ថែមទៅក្នុងផលិតកម្មនាឡិកាឆ្លាតវៃ ដូចក្រុមហ៊ុនទូរសព្ទធំៗដទៃទៀតដែរ។ តួយ៉ាង ទាក់ទងនឹងវត្តមាននៃនាឡិកាឆ្លាតជំនាន់ដំបូងរបស់ vivo នេះ យើងក៏ធ្លាប់ទទួលបានរបាយការណ៍មួយ ដោយបញ្ជាក់ថា វាទទួលបានការចុះបញ្ជីវិញ្ញបនបត្រ 3C ពីភ្នាក់ងារទំនាក់ទំនងរបស់ប្រទេសចិន កាលពីខែមុនរួចរាល់ហើយ។

ពិតមែនណាស់ បើយោងតាមវិញ្ញបនបត្រ 3C បានបង្ហាញពីនាឡិកាឆ្លាតវៃរបស់ vivo ជាមួយកូដសម្គាល់ដល់ទៅ 2 ម៉ូឌែលឯណោះ រួមមាន W2056 និង W2052 ព្រមទាំងបញ្ជាក់ថា វានឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 5W ទៀតផង។ ដោយឡែក រហូតមកដល់ពេលថ្មីៗនេះ នាឡិកាឆ្លាតដំបូងរបស់ vivo ត្រូវបានគេប្រទះឃើញ ទទួលបានវិញ្ញាបនបត្រពី Bluetooth SIG បន្ថែមទៀត ដោយក្នុងនោះ យើងឃើញវាមានចំនួនមួយម៉ូឌែលប៉ុណ្ណោះ ដែលបានចុះបញ្ជីជាមួយស្ថាប័នខាងលើ ដោយមានកូដម៉ូឌែលសម្គាល់ W2056 ពិតជាដូចម៉ូឌែល ដែលទទួលបានពីវិញ្ញបនបត្រ 3C កាលពីដើមខែមិថុនាអញ្ចឹងដែរ។ ក្នុងវិញ្ញាបនបត្រនោះ គឺមិនមានបង្ហាញពីលក្ខណៈសម្បត្តិអ្វីផ្សេងទេ ក្រៅពីបញ្ជាក់ឲ្យយើងបានដឹងកាន់តែច្បាស់ថា នាឡិកាឆ្លាតខាងលើ នឹងមានឈ្មោះ vivo Watch ហើយក៏អាចនឹងគាំទ្រ Bluetooth 5.0 ជាដើម។  

យ៉ាងណាមិញ ទោះបីជាមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានព័ត៌មានលម្អិត ពីក្រុមហ៊ុន vivo ផ្ទាល់ក៏ដោយ ប៉ុន្តែ បើតាមការសង្កេតកន្លងមក ឲ្យតែមានឧបករណ៍អេឡិចត្រូនិចថ្មីៗ ដែលចាប់ផ្តើមទទួលបានវិញ្ញាបនបត្រពី Bluetooth SIG ហើយនោះ ដូច្នេះ អាចបញ្ជាក់បានមុនថា vivo Watch នឹងបង្ហាញខ្លួនជាផ្លូវការ ឆាប់ៗខាងមុខ ដែលទំនងជាអាចធ្វើឡើង នៅចុងខែកក្កដានេះតែម្តង។ 

ដោយ​ ៖ Pocketnow
អត្ថបទទាក់ទង