CEO ធំរបស់ MSI បានទទួលមរណភាព ក្រោយធ្លាក់ពីលើអគារក្រុមហ៊ុន ដោយមិនទាន់ដឹងមូលហេតុច្បាស់​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

លោក Charles Chiang អាយុ 56 ឆ្នាំ ដែលត្រូវជាអ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន MSI នៅកោះតៃវ៉ាន់ បានទទួលមរណភាព បន្ទាប់ពីបានធ្លាក់ពីលើអគាររបស់ក្រុមហ៊ុន កាលពីម្សិលមិញកន្លងទៅនេះ។ ខណៈពេលដែល មូលហេតុធ្វើឲ្យគាត់ធ្លាក់នេះ គឺមិនទាន់ត្រូវបានក្រុមហ៊ុន ប្រកាសប្រាប់ជាផ្លូវការនៅឡើយទេ ប៉ុន្ដែពិតជាគួរឲ្យសោកស្ដាយមែនទែន ដោយគាត់បានធ្វើការនៅ MSI អស់រយៈពេលជាង 2 ទសវត្សរ៍ឯណោះ រហូតមកដល់ពេលឥឡូវនេះ។

អាប់ដេតក្រោយពីបានចុះផ្សាយព័ត៌មាននេះរួចមក ក្រុមហ៊ុន MSI ក៏បានបង្ហោះបញ្ជាក់ប្រាប់ពីមូលហេតុហើយថា ដោយសារហេតុផលសុខភាព។

ជាការពិតណាស់ បើទោះបីជាគាត់ទើបទទួលបានតំណែងជា ប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ កាលពីដើមឆ្នាំមុនយ៉ាងណាក្ដី ដោយឡែក គាត់បាននៅជាមួយក្រុមហ៊ុន MSI អស់រយៈពេលជាង 20 ឆ្នាំមកហើយ និងទទួលបានការគោរពច្រើន ពីអ្នកធ្វើការជាមួយគ្នា ថែមទៀតផង។ លោក Charles Chiang បានចូលរួមធ្វើការជាមួយ MSI លើកដំបូងនៅក្នុងឆ្នាំ 1999 ដោយគាត់ជាអនុប្រធានផ្នែកខាងវិស្វកម្ម និងបានចាប់យកតំណែងជា អ្នកគ្រប់គ្រងទូទៅលើផ្នែកកុំព្យូទ័រលើ នៅក្នុងអំឡុងឆ្នាំ 2010 ហើយទើបបានឡើងជា CEO នៅខែមករាឆ្នាំ 2019 តែម្ដង។ ចំណែកឯព័ត៌មានដែលបានចុះផ្សាយដោយ ក្រុមសារព័ត៌មាននៅកោះតៃវ៉ាន់ បានលើកឡើងមកថា គាត់បានធ្លាក់ពីជាន់ទី 7 នៃអាគារក្រុមហ៊ុននោះ និងបានទទួលមរណភាព មុនពេលបញ្ចូនទៅមន្ទីរពេទ្យ។

នាពេលបច្ចុប្បន្ននេះ សម្រាប់មូលហេតុចម្បង ដែលបណ្ដាលឲ្យមានករណីនេះកើតឡើង គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដូច្នេះក្រុមការងារយើងនឹងរង់ចាំតាមដាន នៅលើព័ត៌មានក្រោយៗទៀត។ នេះពិតជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងពិបាកទទួលយកមែនទែន ហើយសូមឲ្យគាត់ទៅឲ្យបានស្ងប់ចុះ។

ដោយ​ ៖ Tom's Hardware
អត្ថបទទាក់ទង