ថេប្លេត​ថ្មី​មួយ​ទៀត​របស់ Samsung ត្រូវបាន​គេប្រទះ​ឃើញ​មាន​បំពាក់​ឈីប​ដូច​នៅ​លើ Galaxy S9 ដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ជារឿយៗ យើងតែងតែទទួលបានព័ត៌មានថ្មី ទាក់ទងនឹងទូរសព្ទឆ្លាតលំដាប់កំពូល, ថេប្លេតលំដាប់កំពូល ក៏ដូចជានាឡិកាឆ្លាតជំនាន់ថ្មីរបស់ Samsung ព្រោះថាបច្ចុប្បន្ន ពេលវេលាដែលគេរពឹងថា ក្រុមហ៊ុនមួយនេះ នឹងប្រកាសចេញផលិតផលទាំងនោះ គឺកាន់តែកៀកហើយ ហេតុនេះ ទើបដំណឹងលេចធ្លាយថ្មីៗ បានចេញមកជាហូរហែរ។ ដោយឡែក សម្រាប់អត្ថបទនេះ យើងមិននិយាយពីទូរសព្ទឆ្លាត ឬថេប្លេតលំដាប់កំពូលរបស់ Samsung ទៀតទេ ផ្ទុយទៅវិញ យើងនឹងនិយាយថេប្លេតលំដាប់ថវិកាមួយទៀត ដែលក្រុមហ៊ុនកូរ៉េខាងត្បូងនេះ កំពុងធ្វើការទៅលើ ហើយក្នុងនោះ គេក៏បានប្រះឃើញវា នៅក្នុង Geekbench ថែមទៀតផង។

បើតាមដំណឹងដែលយើងទើបទទួលបាននោះ បានបញ្ជាក់ថា Samsung កំពុងតែធ្វើការទៅលើថេប្លេតជំនាន់ថ្មីរបស់ខ្លួនមួយ ដែលអាចស្ថិតក្រោមត្រកូល Galaxy Tab A ហើយគេអាចនឹងប្រកាសចេញវា នៅចុងឆ្នាំនេះតែម្ដង។ នៅក្នុងនោះដែរ គេបានបញ្ជាក់ថា ថេប្លេតរបស់ Samsung គឺមិនបានបំពាក់មកជាមួយឈីបថ្មីនោះទេ ប៉ុន្តែវាអាចនឹងប្រើប្រាស់ឈីបដូចគ្នានឹង Galaxy S9 Series ឬ Galaxy Note 9 ដែរ ពោលគឺឈីប 10nm Exynos 9810 នេះឯង ហើយក៏មិនមែនលើកទីមួយដែរ ដែល Samsung ប្រើប្រាស់ឈីបនេះ លើទូរសព្ទឆ្លាត ឬថេប្លេតជំនាន់ថ្មីរបស់ខ្លួន ជាក់ស្ដែងកាលពីកន្លងមកនេះ គេក៏បានប្រើប្រាស់វា នៅលើ Galaxy Note 10 Lite ដែរ។ ថេប្លេតថ្មីនេះដែរ វាត្រូវបានគេដឹងថា មានកូដម៉ូឌែល SM-T575 អាចជាម៉ូឌែល LTE ហើយសម្រាប់ម៉ូឌែល Wi-Fi មិនទាន់មានការបង្ហាញនៅលើឡើយទេ ប៉ុន្តែវាអាចមានកូដម៉ូឌែល SM-T570 តែម្ដង នេះបើតាមទម្លាប់របស់ Samsung។ សម្រាប់ការបង្ហាញរបស់ Geekbench បានបញ្ជាក់ឲ្យដឹងថា ថេប្លេតនោះ អាចនឹងមានភ្ជាប់មកជាមួយរ៉េម 4GB ក៏ដូចជាដំណើរការដោយ Android 10 ផងដែរ។

ក្រៅពីនេះទៀត គេក៏បានបង្ហាញដែរថា វាអាចនឹងមានប្រើប្រាស់ថាមពលថ្មត្រឹម 5,000mAh ប៉ុណ្ណោះ ចំណែកឯផ្នែកពិន្ទុនៃឈីប Exynos 9810 នៅលើថេប្លេតមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នោះវិញ ត្រូវបានគេបញ្ជាក់ដែរថា ចំពោះផ្នែក Single-Core វាអាចធ្វើបាន 285 ពិន្ទុ ខណៈពេលដែលផ្នែក Multi-Core វិញ វាទទួលបានដល់ 1116 ពិន្ទុ។ និយាយរួមមកវិញ បើតាមដំណឹងថ្មីពេលនេះ បានបញ្ជាក់ឲ្យដឹងថា Samsung កំពុងតែត្រៀមខ្លួន សម្រាប់ដាក់បង្ហាញ ថេប្លេតលំដាប់ថវិការបស់ខ្លួនមួយទៀត អាចស្ថិតក្រោមត្រកូល Galaxy Tab A លើសពីនេះ វាក៏អាចមានប្រើប្រាស់ឈីបដូចគ្នានឹង Galaxy S9 ឬ Galaxy Note 10 Lite ថែមទាំងអាចមានថាមពលថ្មត្រឹម 5,000mAh ប៉ុណ្ណោះ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង