កុំព្យូទ័រយួរដៃ RedmiBook 16 ជម្រើស Intel Core i7 ជំនាន់ទី 10 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 8 ខែកក្កដានេះ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ដោយឃើញថាបច្ចុប្បន្ន ទីផ្សារកុំព្យូទ័រយួរដៃ មានភាពរីកចម្រើនខ្លាំង ទើបក្រុមហ៊ុន Redmi ដែលជាក្រុមហ៊ុនផលិតទូរសព្ទឆ្លាតមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ Xiaomi សម្រេចចិត្តពង្រីកវិសាលភាពខ្លួន ចូលក្នុងវិស័យនេះផងដែរ។ ជាក់ស្តែង កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនមួយនេះ ក៏បានធ្វើការបញ្ចេញកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួន ដែលរួមមានម៉ូឌែល RedmiBook 13, 14 និង 16 Ryzen Edition ជាមួយការបំពាក់ CPU Ryzen ជំនាន់ចុងក្រោយ របស់ AMD ទៀតផង។ 

ក្រោយពីបានបញ្ចេញកុំព្យូទ័រយួរដៃ RedmiBook 16 បានមួយរយៈពេលហើយនោះ ស្រាប់តែថ្ងៃនេះ ក្រុមហ៊ុនខាងលើ បានប្រកាសថា នឹងកំណត់យកថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2020 ឆាប់ៗខាងមុខនេះ ដើម្បីធ្វើការប្រកាសចេញ នូវកុំព្យូទ័រយួរដៃ RedmiBook 16 ស៊េរីថ្មីមួយផ្សេងទៀត ដែលជាជំនាន់អាប់ដេតពី RedmiBook 16 ប្រើឈីប AMD Ryzen ដែលបានចេញកាលពីពេលកន្លង។ គួរបញ្ជាក់ផងថា RedmiBook 16 ដែលត្រៀមនឹងបង្ហាញខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ  នឹងបំពាក់មកជាមួយ CPU Core i7 ជំនាន់ទី 10 ចុងក្រោយរបស់ក្រុមហ៊ុន Intel ដែលផ្អែកលើស្ថាបត្យកម្ម មានទំហំ 10nm។ ក្រៅពីមានការបញ្ជាក់ នឹងអាប់ដេតមកប្រើប្រាស់ CPU របស់ Intel វិញហើយនោះ RedmiBook 16 ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងទុកថា នឹងមានរូបរាង ក៏ដូចជាលក្ខណៈសម្បតិ្តផ្សេងៗទៀត ដូចទៅនឹង RedmiBook 16 ជំនាន់មុនផងដែរ។

សម្រាប់អ្នកមិនទាន់ដឹង RedmiBook 16 ដែលដំណើរការ ដោយឈីប Ryzen 4000 Series មានជម្រើស RAM ទំហំ 8/16GB និងអង្គផ្ទុកក្នុងម៉ាស៊ីន 512GB រហូតដល់ 1TB ជាប្រភេទ SSD ដែល Redmi បានបង្កើនល្បឿនលឿនជាងជំនាន់មុនដល់ 60 ភាគរយ ព្រមទាំងបំពាក់មកជាមួយថាមពលថ្ម 46Wh ដែលអាចប្រើបាន 12 ម៉ោង និងអាចអាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿនដល់កម្លាំង 65W ផងដែរ។ ចំណែកម៉ូឌែលក្រោយនេះវិញ វាត្រូវគេរំពឹងថា នឹងមានតម្លៃចាប់ពីខ្ទង់ ២ លាន ២៦ ម៉ឺនរៀល (567 ដុល្លារ) ឡើងទៅ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង