Samsung ឈរលេខនៅ 1 ជាក្រុមហ៊ុនគ្រប់គ្រងចំណែកទីផ្សារការលក់ RAM ទូរសព្ទច្រើនជាងគេនាដើមឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ក្នុងពេលនេះ យើងទើបទទួលបានព័ត៌មានថ្មី ដែលបង្ហាញថា ក្រុមហ៊ុន Samsung បានបន្តនាំមុខនៅក្នុងទីផ្សារ Memory ឬ RAM របស់ទូរសព្ទឆ្លាត ក្នុងអំឡុងត្រីមាសដំបូង នៃឆ្នាំ 2020 នេះ។ ខណៈពេលដែល ក្រុមហ៊ុន SK Hynix និង Micron Technology បានឈរនៅលំដាប់ទី 2 និងទី 3 ផងដែរ។ ជាក់ស្ដែង បើគិតរួមបញ្ចូលគ្នា រវាងក្រុមហ៊ុនទាំង 3 គឺ Samsung, SK Hynix និង Micron Technology អាចទទួលបានប្រាក់ចំណូលប្រមាណជា 84% នៃប្រាក់ចំណូលសរុបពីការលក់បន្ទះឈីប Memory នេះ។

ជាការពិតណាស់ បើតាមព័ត៌មាន យើងទទួលបានថ្មីនេះ បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងមួយនេះ ទទួលបានចំណែកប្រាក់ចំណូលចំនួន 55 ភាគរយ នៅក្នុងទីផ្សារការលក់ Memory របស់ស្មាតហ្វូន រីឯក្រុមហ៊ុន SK Hynix បានគ្រប់គ្រងចំណែកប្រាក់ចំណូលខ្ទង់ 25 ភាគរយ និង Micron Technology មានចំណែកប្រាក់ចំណូលចំនួនត្រឹម 19 ភាគរយប៉ុណ្ណោះ។ ចំណូលទីផ្សារសរុបនៃការលក់បន្ទះឈីប Memory នេះ មានការធ្លាក់ចុះចំនួន 4 ភាគរយ ដោយសារជំងឺ COVID-19 និងការផលិតសា្មតហ្វូន មានការកាត់បន្ថយជាដើម។ មិនតែប៉ុណ្ណោះ បញ្ហាជំងឺ COVID-19 ក៏បាននាំអោយមានការធ្លាក់ចុះ នៃការលក់ស្មាតហ្វូន ដែលជាមូលហេតុចម្បង នៃការថយចុះនៃប្រាក់ចំណូលលើការលក់ឈីប Memory របស់ស្មាតហ្វូនផងដែរ។

លើសនពីនេះ គេរំពឹងថាការលក់ស្មាតហ្វូននឹងធ្លាក់ចុះថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដែលបណ្តាលអោយមានតម្រូវការ លើការផ្គត់ផ្គង់ Memory និងបន្ទះឈីបអង្គផ្ទុកទិន្នន័យ របស់ទូរសព្ទ អាចមានការថយចុះតាមនឹងដែរ។ សរុបមក នេះគឺជាចំនួនការលក់ឈីប Memory ទូរសព្ទឆ្លាតរបស់ក្រុមហ៊ុននីមួយៗ នៅទូទាំងសកលលោក សម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 កន្លងទៅ។ រីឯចំណែកទីផ្សារមួយចំនួនទៀត គឺបានទៅលើក្រុមហ៊ុនផលិតឈីប Memory ដទៃទៀត ដែលប្រភពខាងលើមិនបានធ្វើការបញ្ជាក់ប្រាប់ឈ្មោះអោយយើងបានដឹងនោះទេ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង