Galaxy Tab S7+ 5G ត្រូវបាន​គេប្រទះ​ឃើញ​នៅ​លើវេបសាយ​ផ្ទាល់​របស់ Samsung ក្នុង​ប្រទេស​អាល្លឺម៉ង់​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

គិតមកទល់ពេលនេះ គឺកាន់តែកៀកនឹងពេលវេលា ដែលអ្នកគាំទ្ររបស់ Samsung ជាច្រើនរង់ចាំហើយ ពោលគឺខិតជិតទៅរកពេលមួយ ដែលក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ប្រកាសចេញផលិតផលជំនាន់ថ្មីរបស់គេហ្នឹងឯង កាន់តែពិសេសនោះ ព្រឹត្តិការណ៍លើកនេះ Samsung អាចនឹងមានផលិតផលជាច្រើន ចង់បង្ហាញដល់អ្នករង់ចាំ ដោយក្នុងនោះ រួមមានទាំងថេប្លេតជំនាន់ថ្មី Galaxy Tab S7 Series ផងដែរ។ កន្លងមកនេះ យើងធ្លាប់បានឮដំណឹងលេចធ្លាយច្រើនដែរហើយ ទាក់ទងនឹងងថេប្លេតរបស់ Samsung នេះ ជាក់ស្ដែង វាអាចនឹងមានការផ្លាស់ប្តូររូបរាងមួយចំនួន ក៏ដូចជាអាចនឹងមានចំនួនពីរម៉ូឌែលទៀតផង។

បើទោះជារាល់ដងយើងធ្លាប់បានដឹងខ្លះៗហើយមែន ប៉ុន្តែដំណឹងលើកនេះ រាងពិសេសជាងមុនបន្តិច ព្រោះវាអាចបញ្ជាក់ឲ្យដឹងបាន កាន់តែច្បាស់ថា Samsung ពិតជាមានម៉ូឌែលថេប្លេតជំនាន់ថ្មី Galaxy Tab S7+ 5G មែន ព្រោះថាថ្មីៗនេះ កូដម៉ូឌែលរបស់វា ត្រូវបានគេប្រទះឃើញ នៅក្នុងវេបសាយផ្លូវការរបស់ Samsung ក្នុងប្រទេសអាល្លឺម៉ង់ ដែលមានន័យថា វត្តមានរបស់ថេប្លេតនេះ អាចនឹងត្រូវបានគេដាក់បង្ហាញ នៅក្នុងពេលឆាប់ៗខាងមុខតែម្ដង។ យ៉ាងណាក៏ដោយ Galaxy Tab S7+ 5G ដែលគេបានប្រទះឃើញនោះ គឺមានកូដម៉ូឌែល SM-T976B ហើយសម្រាប់ចំណុចផ្សេងក្រៅពីនេះទៀត ជាក់ស្ដែងដូចជារូបរាង ឬលក្ខណៈសម្បត្តិសំខាន់ៗរបស់វានោះ គឺគេមិនទាន់បានបង្ហាញឲ្យឃើញឡើយ។ សូមរំឮកដែរថា បើតាមដំណឹងលេចធ្លាយកន្លងមកនេះ Galaxy Tab S7+  អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 12.4 អ៊ីញ ជាប្រភេទ Super AMOLED ដោយអាចបង្ហាញរូបភាពក្នុងកម្រិត QHD+ ជាមួយកម្រិត Refresh Rate ដល់ទៅ 120Hz ថែមទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះទេ Galaxy Tab S7+ ក៏អាចនឹងប្រើប្រាស់ឈីប Snapdragon 865+ ព្រមទាំងអានឹងមានបំពាក់មកជាមួយ ថាមពលថ្មទំហំធំដល់ទៅ 10,090mAh ក៏ដូចជាអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក OneUI ជំនាន់ថ្មី 2.5 ចេញពីប្រអប់ស្រាប់តែម្ដង។ ក្រៅពីនេះក៏សូមបញ្ជាក់ដែរថា វាអាចមានម៉ូឌែលអេក្រង់តូចមួយទៀត ដែលត្រូវបានគេហៅថា Galaxy Tab S7 ធម្មតានេះឯង ដោយក្នុងនោះ វាទំនងជាប្រើអេក្រង់ទំហំ 11 អ៊ីញ, មានថាមពលថ្មតូចជាងម៉ូឌែលមានកន្ទុយ Plus ពោលគឺអាចត្រឹម 7,760mAh ប៉ុន្តែវាទំនងជាមានប្រើប្រាស់ឈីប Snapdragon 865+ ដូចគ្នាផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង