អ្នកប្រើប្រាស់ Galaxy S20 Series មួយចំនួនបានជួបប្រទះបញ្ហាសាកថ្មអត់ចូល ដោយមិនដឹងពីមូលហេតុ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ដូចដែលយើងបានដឹងហើយថា សម្រាប់ទូរសព្ទឆ្លាតលំដាប់កំពូលស៊េរីចុងក្រោយរបស់ Samsung ចាប់តាំងពីពួកវាបានបង្ហាញខ្លួនលើទីផ្សារនៅជុំវិញពិភពលោក កាលពីខែមីនារួចមក វាបានជួបនូវបញ្ហាជាច្រើន ដែលធ្វើអោយទូរសព្ទឆ្លាតមួយនេះ បាត់បង់ប្រជាប្រិយភាពមិនស្ទើរនោះទេ។ ជាក់ស្ដែង បញ្ហាទាំងនោះរួមមានដូចជា បញ្ហាកាមេរ៉ានៅលើ Galaxy S20 Ultra បន្ទាប់មកមានបញ្ហា ចេញពណ៌បៃតងលើអេក្រង់នៅលើ Galaxy S20 ទាំង 3 ម៉ូឌែលជាដើម។ 

ដោយឡែក រហូតមកដល់ពេលឥឡូវនេះ យើងទើបទទួលបានដំណឹង អំពីបញ្ហាថ្មីមួយទៀត ដែលហាក់ដូចជាកំពុងបង្កបញ្ហា ដល់អ្នកប្រើប្រាស់មួយចំនួនក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ។ ជាការពិតណាស់ បើយោងទៅតាមម្ចាស់ទូរសព្ទ Galaxy S20, S20+ និង Galaxy S20 Ultra មួយចំនួន បានប្រាប់អោយដឹងថា ទូរសព្ទរបស់ពួកគេ នៅពេលខ្លះ វាមិនអាចសាកថ្មបាននោះទេ រឺក៏នៅពេលកំពុងសាកថ្ម វាតែងតែលែងសាកវិញ រៀងរាល់ 2 ទៅ 3 នាទីម្តង ដោយតម្រូវអោយពួកគេដកខ្សែសាកចេញ រួចដោតវាម្តងទៀត។ លើសពីនេះទៅទៀត ពួកគេបាននិយាយទៀតថា ទោះបីជាពួកគេ បានធ្វើការ Restart ទូរសព្ទខ្លួនហើយក៏ដោយ វានៅតែមានជួបបញ្ហានេះ កើតឡើងម្តងទៀតដដែល។ បន្ថែមពីនេះ មានគេសន្និដ្ឋានថា វាហាក់ដូចជាមិនមែនជាកំហុសផ្នែករឹង (Hardware) ឡើយ ដោយអ្នកប្រើប្រាស់មួយចំនួន បាននិយាយថា បញ្ហានេះកើតមានឡើង បន្ទាប់ពីពួកគេ បានការធ្វើអាប់ដេតទៅកាន់ជំនាន់ចុងក្រោយរួច។

យ៉ាងណា ខណៈពេលនេះ ខាងក្រុមហ៊ុន Samsung មិនទាន់បានធ្វើការបកស្រាយបញ្ជាក់អោយយើងដឹងនៅឡើយ ថាបញ្ហានេះកើតដោយសារ Hardware ឬក៏ Software នោះ។ មួយវិញទៀត បញ្ហានេះ ភាពច្រើនបានកើតឡើងចំពោះតែអ្នកប្រើប្រាស់ នៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ។ អញ្ចឹង ប្រសិនបើមានប្រិយមិត្ត ដែលកំពុងប្រើប្រាស់ទូរសព្ទ Galaxy S20, S20+ ឬ S20 Ultra មានជួបបញ្ហាជាមួយនឹងការសាកថ្មនេះ អ្នកអាចប្រាប់អោយយើងដឹងក្នុងប្រអប់បញ្ចេញមតិខាងក្រោមនេះបាន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង