មកទស្សនារូបរាងគម្រូថ្មីរបស់ iPhone 12 Pro Max នៅក្បែរ Galaxy Note 20 Ultra ពណ៌ទង់ដែង​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ជាយថហេតុ កាលពីម្សិលមិញនេះ ហាក់បីដូចជាវេបសាយរបស់ Samsung Russia ផ្ទាល់ បានច្រឡំដៃបង្ហោះរូបភាពរបស់ Galaxy Note 20 Ultra ដែលបង្ហាញពីរចនាបថខ្នងខាងក្រោយ អមជាមួយប៊ិច S-Pen ក៏ដូចជាធ្វើឲ្យយើងបានដឹងផងដែរថា ទូរសព្ទលំដាប់កំពូលជំនាន់ថ្មីមួយនេះ នឹងមកជាមួយជម្រើសពណ៌បែបទង់ដែង ដែលស្រដៀងទៅនឹងជម្រើសពណ៌របស់ Galaxy Note 9 យ៉ាងស្រស់ស្អាតផងដែរ។ 

ដោយឡែក នៅក្នុងថ្ងៃនេះផ្ទាល់ អ្នកជំនាញខាង Render រូបភាពមួយរូប ក៏បានធ្វើការបង្ហោះរូបភាពគម្រូរបស់ iPhone 12 Pro Max ផ្ទឹមក្បែរគ្នាទៅនឹង Note 20 Ultra ពណ៌ទង់ដែង ចង់បង្ហាញឲ្យយើងឃើញ អំពីភាពលេចធ្លោ និងទាក់ទាញរបស់ទូរសព្ទជំនាន់ថ្មីទាំងពីរ។ តាមរយៈរូបភាពគម្រូថ្មីនេះដែរ ឃើញថា iPhone 12 Pro Max ទទួលបានរចនាបថរូបរាងថ្មី ដោយស៊ុមព័ទ្ធជុំវិញរបស់វា មានលក្ខណៈដូចទៅនឹង iPad Pro ជំនាន់ថ្មី ក៏ដូចជាស្រោបឡើងដោយពណ៌ទង់ដែង ស្រដៀងពណ៌ Mystic Bronze របស់ Galaxy Note 20 Ultra ដែលបានបែកធ្លាយកាលពីម្សិលមិញ។ ងាកទៅមើលខ្នងខាងក្រោយរបស់វាវិញ ឃើញថាត្រូវបានក្រាលឡើងដោយកញ្ចក់គ្រើម គួបផ្សំជាមួយពណ៌ Rose Gold ដែលយើងធ្លាប់ឃើញមាននៅលើ iPhone 8 ផងដែរ។ ហើយបើយើងមើលទៅលើ កាណុងកាមេរ៉ាក្រោយ បូករួមកងរង្វង់ការពារលេនទាំង 4 របស់ iPhone ជំនាន់ថ្មីនេះ ក៏ត្រូវបានរំលេចឡើងដោយពណ៌ទង់ដែង យ៉ាងទាក់ទាញដូចគ្នា។ 

យ៉ាងណាមិញ បើទោះជា iPhone ស៊េរីក្រោយនេះ មិនទាន់ដល់ពេលវេលាប្រកាសចេញ ជាផ្លូវការក៏ពិតមែន ប៉ុន្តែ រហូតមកដល់ពេលនេះ យើងក៏បានប្រទះឃើញរូបភាពគម្រូរបស់វា ជាច្រើនរួចមកហើយដែរ ដោយឃើញថារូបភាព Render ចុងក្រោយ ដែលយើងទទួលបានខាងលើ គឺវាពិតជាមានលក្ខណៈពិសេសជាងគេតែម្តង ជាមួយការផ្លាស់ប្តូររចនាបថតួខ្លួនថ្មី ពីរាងមូលមកជ្រុងវិញ គួបផ្សំនឹងពណ៌ទង់ដែងបែបនេះទៀតនោះ មើលទៅពិតជាសាកសមទៅនឹងទូរសព្ទថ្លៃថ្នូរមែន។  

ដោយ​ ៖ Aziz Ghaus
អត្ថបទទាក់ទង