ហ្គេមសម្រាប់លេងនៅលើ PlayStation 5 និង Xbox Series X អាចនឹងត្រូវដាក់លក់ក្នុងតម្លៃ ២៨ ម៉ឺនរៀល (69.99 ដុល្លារ)​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈដំណឹងផ្លូវការ ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងបានដឹងពីលក្ខណៈសម្បត្តិពិសេសៗ ក៏ដូចជាកាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការរបស់ម៉ាស៊ីនហ្គេមជំនាន់ថ្មី PlayStation 5  និង Xbox Series X ហើយ។ ជាងនេះទៅទៀត យើងក៏បានឃើញការដាក់បង្ហាញ Trailer និង Gameplay ជាច្រើន ដែលដំណើរការនៅលើម៉ាស៊ីនហ្គេមជំនាន់ថ្មីទាំង 2 នេះ ផងដែរ។ 

ដោយឡែកនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានរបាយការណ៍ថ្មីមួយ រាយការណ៍ដោយភ្នាក់ងារសារព័ត៌មាន GamesIndustry បានបញ្ជាក់ថាហ្គេម NBA 2K21 សម្រាប់លេងនៅលើម៉ាស៊ីនហ្គេម PS5 និង Xbox Series នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៨ ម៉ឺនរៀល (69.99 ដុល្លារ) សម្រាប់ជម្រើស Standard Editon។ ខណៈដែល NBA 2K21 សម្រាប់លេងនៅលើម៉ាស៊ីនហ្គេម PS4 និង XB1 នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៤ ម៉ឺនរៀល (59.99 ដុល្លារ)។ ដូច្នេះមានន័យថា NBA 2K21 សម្រាប់ PS5 និង Xbox Series X មានតម្លៃថ្លៃជាង NBA 2K21 សម្រាប់ PS4 និង XB1 ចំនួន ៤ ម៉ឺនរៀល (9.99 ដុល្លារ)។ ជុំវិញរឿងរ៉ាងនេះដែរ ក្រុមហ៊ុនអភិវឌ្ឍហ្គេម 2K ក៏បានបញ្ជាក់ឲ្យភ្នាក់ងារសារព័ត៌មាន GamesIndustry បានដឹងផងដែរថា មូលហេតុដែលហ្គេម NBA 2K21 សម្រាប់លេងនៅលើ PS5 និង Xbox Series X មានតម្លៃថ្លៃជាងហ្គេម NBA 2K21 សម្រាប់លេងនៅលើម៉ាស៊ីនហ្គេម PS4 និង XB1 នោះ ក៏ព្រោះតែវាត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម៉ាស៊ីនហ្គេម PS5 និង Xbox Series តែម្តង ហេតុដូច្នេះហើយពួកគេត្រូវការចំណាយពេលវេលា និងដើមទន់ច្រើនក្នុងការអភិវឌ្ឍន៍។

ទាក់ទងទៅនឹងតម្លៃរបស់ហ្គេម NBA 2K21 នេះដែរ មានមតិមួយចំនួនបានលើកឡើងថា នេះគឺជាតម្រុយមួយដែលបង្ហាញឲ្យយើងបានដឹងថា ហ្គេមល្បីៗសម្រាប់លេងនៅលើម៉ាស៊ីន PlayStation 5 និង Xbox Series X អាចនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ ២៨ ម៉ឺនរៀល (69.99 ដុល្លារ) ឡើងទៅ។ ជាងនេះទៅទៀត យើងក៏សង្កេតឃើញថា មានមនុស្សមួយចំនួនបានធ្វើការបញ្ចេញការមិនពេញចិត្តពាក់ព័ន្ធទៅនឹងតម្លៃហ្គេមរបស់ PS5 និង Xbox Series X ផងដែរ។ ចុះសម្រាប់ប្រិយមិត្តដែលមានបំណងចង់ក្លាយជាម្ចាស់របស់ម៉ាស៊ីនហ្គេម PS5 ក៏ដូចជា Xbox Series X គិតយ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះ?

ដោយ​ ៖ GamesIndustry
អត្ថបទទាក់ទង