ហ្គេម Worms Rumble បែប Battle Royale នឹងមកដល់លើ PS4 និងកុំព្យ័ទ័រឆាប់ៗខាងមុខនេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

សម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តលេងហ្គេមបែបបាញ់ប្រហារគ្នា ប្រាកដជាបានស្គាល់រួចមកហើយនូវហ្គេម Worms Series ដែលវាត្រូវបានប្រកាសចេញដាក់អោយលេងនៅលើកុំព្យូទ័រតាំងពីខ្ទង់ឆ្នាំ 1990s មកម៉្លេះ ហើយពេលនោះវាក៏ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកលេង ទៀតផង។ ដោយឡែក រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតហ្គេមខាងលើ មានឈ្មោះថា Team17 បានប្រកាសថា ខ្លួនបានធ្វើការបញ្ចេញហ្គេម Worms Rumble ប្រភេទ Battle Royale មួយទៀត សម្រាប់លេងលើកុំព្យូទ័រ និង Console ជាមួយក្រាហ្វិកកាន់តែច្បាស់ជាងមុនផងដែរ។

ជាការពិតណាស់ ខណៈពេលនេះក្រុមអ្នក Developer ហ្គេមមួយនេះ ទើបបានធ្វើការបញ្ជាក់ថា ហ្គេម Worms Rumble ដែលត្រូវបានបង្កើតឡើង ដើម្បីជាខួបរំលឹកដល់ខ្សែស្រឡាញហ្គេម Worms របស់ខ្លួន ដែលវាមានអាយុកាលដល់ទៅ 25 ឆ្នាំមកហើយ ហើយនឹងត្រូវដាក់អោយលេងលើម៉ាស៊ីនហ្គេម PlayStation 4, PlayStation 5 និង PC នៅក្នុងឆ្នាំ 2020 នេះតែម្ដង។ ក្នុងពេលតែមួយ ជាមួយការប្រកាសនេះ PlayStation ក៏បានបញ្ចេញវីដេអូ Trailer ប្រហែលជិត 2 នាទី ដែលបង្ហាញពីឈុតឆាកខ្លះៗ នៃរបៀបលេងបែប Battle Royale ជាមួយការកែប្រែលើក្រាហ្វិកប្រសើរជាងមុន ថែមទៀតផង។ ជាក់ស្ដែង ក្នុងវីដេអូ Trailer នេះ បានបង្ហាញអោយយើងមើលឃើញពីវគ្គថ្មីៗ ដែលអ្នកលេង នឹងត្រូវចូលទៅបាញ់ប្រហារគ្នា រួមជាមួយទីតាំងថ្មីមួយចំនួន ទៀតផង។ ដោយក្នុងនោះ មានវគ្គថ្មីដូចជា វគ្គ Death Match និងវគ្គ Battle Royale ហើយវាជាប្រភេទហ្គេម Cross Play និងអាចចូលលេងបានចំនួន 32 នាក់ ជាមួយនឹងប្រភេទអាវុធមានទាំងធុនធំ ធុនតូច នឹងឃើញមាននៅក្នុងហ្គេមនេះផងដែរ។

ដូច្នេះ សង្ឃឹមថាហ្គេម Worms Rumble ជំនាន់ថ្មី សម្រាប់លេងនៅលើ PC និង Console នេះ នឹងអាចផ្ដល់បទពិសោធន៍ថ្មី ដល់ប្រិយមិត្តណា ដែលនិយមចូលចិត្តលេងហ្គេមប្រភេទបាញ់ប្រហារគ្នា ដែលស្ថិតលើខ្សែស្រឡាយហ្គេមបែប Battle Royale មួយនេះ អោយមានភាពកាន់តែជក់ចិត្តដិតអារម្មណ៍ ថែមមួយកម្រិតទៀត ផងដែរ។ យ៉ាងណា ពេលនេះមិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ ថាតើហ្គេមមួយនេះ នឹងត្រូវបញ្ចេញដាក់អោយលេងជាផ្លូវការ នៅថ្ងៃណានោះ?

ដោយ​ ៖ Push Square
អត្ថបទទាក់ទង