អ្នកវិភាគព្យាករណ៍ថា Samsung អាចកាន់តែរីកចម្រើនក្នុងប្រទេសឥណ្ឌា ស្របពេលមានជម្លោះជាមួយចិន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ប្រជាជនឥណ្ឌាជាច្រើននាក់ បានគាំទ្រឲ្យរដ្ឋាភិបាលរបស់ខ្លួន ឲ្យធ្វើការហាមឃាតផលិតផលទាំងឡាយណា ដែលនាំចូលមកពីប្រទេសចិន បន្ទាប់ពីមានជម្លោះគ្នានៅឯព្រំដែន រវាងប្រទេសទាំងពីរនោះ ហើយក៏បណ្ដាលឲ្យមានការបិទកម្មវិធីចិន អស់ចំនួន 59 កម្មវិធី នៅក្នុងស្រុកជាផ្លូវការតែម្ដង។ ហេតុដូច្នេះហើយ ក៏មានអ្នកព្យាករណ៍លើកឡើងមកថា Samsung អាចនឹងលក់ដាច់ផលិតផល បានកាន់តែច្រើនជាងមុនថែមទៀត នៅលើទីផ្សារប្រទេសឥណ្ឌា ក្នុងអំឡុងពេលខាងមុខនេះ។

ចាប់តាំងពីយូរណាស់មកហើយ ដែលម៉ាក Samsung ស្ថិតនៅលើតារាងកំពូល នៃប្រទេសឥណ្ឌា បើនិយាយអំពីគ្រឿងអេឡិចត្រូនិក ប៉ុន្ដែដោយសារតែ ក្រុមហ៊ុនចិនជាច្រើនដូចជា vivo និង Xiaomi បានវាយលុកទីផ្សារនោះមក ក៏ធ្វើឲ្យឃើញធ្លាក់ចុះបន្ដិចម្ដងៗវិញ។ ទោះបីជាយ៉ាងណាក្ដី ខណៈពេលដែល ប្រជាជនឥណ្ឌាចាប់ផ្ដើមលែងគាំទ្រ ផលិតផលរបស់ចិនវិញនោះ ដូច្នេះហើយក៏ធ្វើឲ្យក្រុមហ៊ុន របស់ប្រទេសផ្សេងៗទៀត ជាពិសេសម៉ាក Samsung មកពីប្រទេសកូរ៉េខាងត្បូង នឹងអាចទទួលបាន ការចាប់អារម្មណ៍កាន់តែច្រើន។ នេះមិនមែនជាលើកដំបូងនោះទេ សម្រាប់ក្រុមហ៊ុន Samsung ដោយបញ្ហារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ជួយដល់ពួកគេដូចគ្នា ព្រោះតែទូរសព្ទ Huawei លែងចូលទីផ្សារអាមេរិកបាន និងគ្មានសេវាកម្ម Google រីឯផលិតផលរបស់ Apple ដែលដំឡើងនៅប្រទេសចិន ក៏ត្រូវរដ្ឋាភិបាលចិនបន្ថែមពន្ធ ថែមទៀតផង។ អញ្ចឹង សម្រាប់ប្រជាជនឥណ្ឌា ដែលចង់ជៀសវាងផលិតផលចិន គឺនៅសល់ជម្រើសដូចជា Samsung, Apple, LG, HTC, Asus និង Nokia ជាដើម។

លើសពីនេះ ក្រុមហ៊ុនចិន Huawei ក៏អាចនឹងលែងផលិតឈីប ដោយខ្លួនឯងបន្ដទៀតដែរ ដោយសារតែទទួលរងសម្ពាធពី សហរដ្ឋអាមេរិក ដូច្នេះមានតែរកជាវឈីបមកប្រើពី MediaTek ឬ Samsung (Exynos) ប៉ុណ្ណោះ។ គួរតែបញ្ជាក់ដឹងថា នេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ ហើយសម្រាប់លទ្ធផលពិតប្រាកដ នឹងត្រូវរង់ចាំតាមដាននៅលើត្រីមាសក្រោយៗទៀត។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង