រូបភាពបែកធ្លាយបង្ហាញថា Galaxy Z Flip 5G នឹងមកជាមួយជម្រើសពណ៌ទង់ដែងដូចទៅនឹង Note 20 Ultra ដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានច្រឡំដៃបង្ហោះរូបភាពរបស់ទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី Galaxy Note 20 Ultra ដែលមិនទាន់បានប្រកាសចេញ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ ជាងនេះទៅទៀត តាមរយៈរូបភាពមួយនោះ ក៏បានបង្ហាញថាឲ្យយើងដឹងថា Galaxy Note 20 Ultra នឹងមកជាមួយជាជម្រើសពណ៌ទង់ដែង (Mystic Bronze)។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយ Evan Blass យើងក៏បានប្រទះឃើញរូបភាពរបស់ Galaxy Z Flip 5G វិញម្តង។ 

តាមរយៈរូបភាពមួយនេះ បានបញ្ជាក់ឲ្យយើងបានដឹងថា ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip 5G ក៏នឹងមកជាមួយជម្រើសពណ៌ទង់ដែង (Mystic Bronze) ដូចទៅនឹង Galaxy Note 20 Ultra ផងដែរ។ លើសពីនេះ វាក៏បានបង្ហាញឲ្យដឹងផងដែរថា Galaxy Z Flip 5G មានរចនាបថរូបរាងខាងក្រៅស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង Galaxy Z Flip ម៉ូឌែល 4G ទៅហើយ ដោយផ្នែកខាងក្នុង Galaxy Z Flip 5G បានបំពាក់មកជាមួយអេក្រង់លាត អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើ។ ចំណែកឯផ្នែកខាងក្រៅវិញ Galaxy Z Flip 5G បានភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 2 គ្រាប់ ក៏ដូចជាកូនអេក្រង់តូចមួយសម្រាប់ទុកមើលសារដំណឹង និងប្រើប្រាស់មុខងារមួយចំនួនទៀត។ មិនទាន់អស់នោះទេ តាមរយៈរូបភាពដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងបន្ថែមទៀតថា ផ្នែកខាងក្រៅរបស់ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip 5G ត្រូវបានស្រោបការពារដោយកញ្ចក់ប្រភេទគ្រើម (Frosted Glass) ថែមទៀតផង។ 

ចំពោះផ្នែក Hardware វិញ Galaxy Z Flip 5G នឹងបំពាក់មកជាមួយអេក្រង់ខាងក្នុងទំហំ 6.7 អ៊ីញ ជាប្រភេទ Foldable Dynamic AMOLED និងអេក្រង់ខាងក្រៅទំហំ 1.05 អ៊ីញ ជាប្រភេទ AMOLED ក៏ដូចជាអាចប្រើប្រាស់បន្ទះឈីប Snapdragon 865+ គួបផ្សំជាមួយជម្រើស RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB ផងដែរ។ គួររំលឹកផងថា Galaxy Z Flip 5G ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនតំណាលគ្នាជាមួយ Galaxy Note 20 Series នៅក្នុងព្រឹត្តិការណ៍ Unpacked 2020 លើកទី 2 របស់ក្រុមហ៊ុន Samsung ដែលអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ។

ដោយ​ ៖ Evan Blass
អត្ថបទទាក់ទង