Facebook និង Instagram នឹង​ដាក់​បញ្ចូល​សារ​រំឮក​មួយ​ដល់​អ្នក​ប្រើប្រាស់ ដើម្បី​ឲ្យពួកគេ​ពាក់​ម៉ាស់​ការពារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ វីរុស COVID-19 ហាក់ដូចជានៅមិនទាន់ មានសភាពធូរស្រាលនៅឡើយទេ ព្រោះជាក់ស្ដែងមានប្រទេសមួយចំនួនទៀត កំពុងតែមានការឆ្លងរាលដាលជាថ្មីថែមទៀតផង ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។ ហេតុដូច្នេះហើយ ទើបកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានប្រកាសថា ពួកគេនឹងធ្វើការដាក់សារមួយមួយ នៅក្នុងកម្មវិធីរបស់ខ្លួន ដើម្បីរំឮកដល់អ្នកប្រើប្រាស់ ឲ្យធ្វើការពាក់ម៉ាស់ការពាររៀងៗខ្លួន ក៏ដូចជាដើម្បីចូលរួមក្នុងការ ទប់ស្កាត់ពីមេរោគរាតត្បាតនោះទាំងអស់គ្នា។

ជាការពិតណាស់ បើតាមដំណឹងដែលយើងទើបតែទទួលបាន នៅក្នុងពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Facebook នឹងធ្វើការដាក់បន្ថែម ជាការផ្តល់ដំណឹងមួយ នៅលើ News Feed ដើម្បីបង្ហាញពីសាររំឮក ឲ្យអ្នកប្រើប្រាស់ធ្វើការពាក់ម៉ាស់ការពារ ហើយមិនត្រឹមតែដាក់នៅលើ Facebook មួយនោះទេ ជាក់ស្ដែងនៅលើ Instagram ក៏នឹងមានដូចគ្នាដែរ ដែលសាររំឮកនោះ នឹងលោតចេញឡើងដំបូងគេលើផ្ទាំង Instagram Feed តែម្ដង។ ភ្ជាប់ជាមួយការរំឮកនោះដែរ ទាំងនៅលើ Facebook និង Instagram គឺសុទ្ធតែមានតំណរភ្ជាប់មួយទៅកាន់ Centers for Disease Control និង Prevention ដូចគ្នា ដើម្បីឲ្យអ្នកប្រើប្រាស់ អាចស្វែងយល់បន្ថែម ពីព័ត៌មានផ្សេងៗទាក់ទងនឹងបញ្ហានេះ ប៉ុន្តែសម្រាប់ Facebook វិញ គឺមានរួមបញ្ចូលទាំងតំណរភ្ជាប់មួយទៀត ដើម្បីឲ្យអ្នកប្រើប្រាស់អាចចូលទៅកាន់ COVID-19 Information Center បានដោយផ្ទាល់តែម្ដង។ ក្រុមហ៊ុនខាងលើ ក៏បានបញ្ជាក់ដែរថា ការធ្វើបែបនេះ គឺដើម្បីឆ្លើយតបទៅលើការទប់ស្កាត់នៃកំណើនមេរោគ COVID-19 ព្រោះថាថ្មីៗនេះ គឺមានករណីឆ្លងថ្មីកើនឡើងជាច្រើនបន្ថែមទៀត ដែលអាចមកពីមនុស្សជាច្រើន មានការធ្វេសប្រហែសផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់សារដំណឹង ដើម្បីរំឮកឲ្យអ្នកប្រើប្រាស់ ធ្វើការពាក់ម៉ាស់នោះ គឺនឹងចាប់ផ្តើមមាននៅលើកម្មវិធី Facebook ក៏ដូចជា Instagram នៅក្នុងពេលឆាប់ៗនេះ ជាក់ស្ដែងតំបន់ខ្លះ អាចនឹងឃើញការរំឮកនោះ នៅក្នុងថ្ងៃនេះតែម្ដង។ និយាយរួមមកវិញ នេះជាចំណុចល្អមួយ ដែល Facebook បានគិតគូរដល់អ្នកប្រើប្រាស់ ក៏ដូចជាដើម្បីកាត់បន្ថយករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ព្រោះថាទាំងបណ្ដាញសង្គម Facebook ឬមួយក៏ Instagram នោះ គឺមានចំនួនអ្នកប្រើប្រាស់ច្រើនមែនទែន នៅជុំវិញពិភពលោក ដូច្នេះនេះជាការក្រើនរំឮកសំខាន់មួយ ដើម្បីឲ្យពួកគេនៅតែបន្តការពារខ្លួន ពីវីរុសខាងលើនេះដដែល។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង