ហ្គេម Catan World Explorers បែប AR នឹងដាក់អោយលេងលើ Android និង iOS ឆាប់ៗនេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីឆ្នាំ 2019 កន្លងទៅ Niantic ដែលជាក្រុមហ៊ុនបង្កើតហ្គេម Pokémon Go បានប្រកាសគម្រោងផលិតវ៉ែនតា AR ដែលធ្វើអោយមើលឃើញផ្ទាល់ដូចពិតៗ ហើយវាព្រមទាំងបានប្រើប្រាស់ឈីបជំនាន់ក្រោយរបស់ Qualcomm ថែមទៀត។ ជាក់ស្ដែង Niantic គឺមិនត្រឹមតែទុកដាក់លក់វ៉ែនតា AR នៅលើទីផ្សារនោះទេ ប៉ុន្ដែក៏នឹងនាំយកហ្គេមរបស់ខ្លួន និងហ្គេមផ្សេងៗទៀត លើស្មាតហ្វូន មកកាន់ពិភពពិតនៅខាងក្រៅ ដែលអាចទទួលបានបទពិសោធន៍ថ្មី ក្នុងការបញ្ជាលេងហ្គេមទាំងនោះបែប AR ទៀតផង។

ដោយឡែក រហូតមកទល់ពេលនេះ ក្រុមហ៊ុន Niantic បានធ្វើការប្រកាសជាផ្លូវការថា ខ្លួននឹងបញ្ចេញហ្គេមបែប AR ថ្មីមួយ មានឈ្មោះថា Catan – World Explorers ដែលវាត្រូវបានដាក់អោយលេងនៅលើទូរសព្ទឆ្លាត នាពេលឆាប់ៗខាងមុខនេះ ថែមទៀតផង។ សម្រាប់ហ្គេមបែប Augmented Reality (AR) នេះ យើងសង្កេតឃើញថា ត្រូវបានបញ្ចេញដាក់អោយលេងច្រើនណាស់ នៅក្នុងឆ្នាំ 2019 នេះ ដែលរួមមានដូចជាហ្គេម Angry Birds AR: Isle of Pigs និងហ្គេម Five Nights at Freddy’s ជាដើម ដោយពួកវាត្រូវបានបញ្ចូលការលេងបែប AR បានអនុញ្ញាតអោយអ្នកលេង ត្រូវពឹងផ្អែកលើស្មាតហ្វូនរបស់ពួកគេ ដែលមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យា AR ដើម្បីអាចដើរនៅជុំវិញវត្ថុ លើទីតាំងរបស់ពួកគេបានកំណត់ និងស្វែងរកចំណុចពិសេស នៃទីតាំងជុំវិញខ្លួន ដើម្បីចូលទៅក្នុងពិភព AR ដែលប្រៀបដូចពិភពខាងក្រៅពិតៗ អញ្ចឹងដែរ។ ចំពោះហ្គេម Catan – World Explorers ក៏មិនសូវជាខុសគ្នាដែរ ដោយលោកអ្នកនឹងអាចលេងជាមួយមនុស្សជាច្រើនទៀត និងអាចដើរចេញទៅខាងក្រៅដើម្បីលេងបែប AR បានគ្រប់ទីកន្លែង ទៀតផង។

ជាចុងក្រោយ ក្រុមហ៊ុន Niantic បានដាក់ហ្គេម Catan – World Explorers បែប AR របស់ខ្លួន អោយយើងធ្វើការ Pre-Register នៅគេហទំព័រផ្លូវការ ចាប់ពីពេលនេះទៅហើយ ដែលវានឹងត្រូវបានដាក់អោយលេង ទាំងនៅលើស្មាតហ្វូន Android និង iOS ផងដែរ។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង