ផ្ទាំងម៉ីនុយ Start នៅលើ Windows 10 ទទួលបានរចនាបថថ្មី ជាមួយការបន្ថែមមុខងារឲ្យប៊ូតុង Alt + Tab​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ឈានចូលមកដល់ខែកក្កដាភ្លាម Microsoft ក៏បានធ្វើការទម្លាក់នូវកំណែអាប់ដេតទៅឲ្យ Windows 10 ស្ថិតក្រោមជំនាន់ Insider Preview ជាមួយលេខ Build 20161 ដែលវាមានការឌីហ្សាញឡើងវិញនូវ ផ្ទាំងម៉ឺនុយ Start ឲ្យមើលទៅកាន់តែសាមញ្ញ ហើយស្រស់ស្អាតជាងមុន ព្រមទាំងបានកែប្រែមុខងារផ្សេងៗទៀតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្វើការបង្ហើបប្រាប់ពី រូបរាងឌីហ្សាញថ្មីទៅឲ្យ Windows 10 តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដោយហាក់បីដូចជា កំពុងតែចាប់ផ្ដើមទទួលបាន ជាបណ្ដើរៗហើយ។

ខណៈពេលដែល ជាធម្មតាផ្ទាំងម៉ឺនុយ Start តែងតែមានផ្ទៃពណ៌នៅខាងក្រោយ លើរាល់កម្មវិធីនានា ដែលស្ថិតនៅក្នុងទីនោះ ដោយផ្ដោតតាមពណ៌របស់រូប Wallpaper ឬតាមការកំណត់របស់អ្នកប្រើប្រាស់ជាដើម ដោយឡែក កំណែអាប់ដោតចុងក្រោយ លើជំនាន់សាកល្បងថ្មីនេះ ត្រូវបានលុបចេញអស់ហើយ ដើម្បីឲ្យកាន់តែងាយស្រួល មើលទៅឃើញស្រឡះភ្នែក។ ស្របនឹងពេលនោះផងដែរ ផ្ទៃធំនៅខាងក្រោយបង្អស់របស់ផ្ទាំងម៉ឺនុយ Start នឹងត្រូវបានផ្ដាស់ប្ដូរពណ៌តាមរូប Wallpaper ដែរហើយ ដោយលែងមានតែផ្ទៃពណ៌ស ឬ ខ្មៅទៀតនោះទេ។ ក្រៅពីការកែប្រែនេះ Microsoft ក៏បានអាប់ដេតឲ្យប៊ូតុង Alt + Tab ដូចគ្នា ដោយចាប់ពីកំណែអាប់ដេតនោះតទៅ រៀងរាល់ផ្ទាំងវេបសាយដែលបើកនៅលើ Microsoft Edge នឹងត្រូវបានគិតជាផ្ទាំងមួយនៅពេលចុច Alt + Tab ដែរ ដើម្បីឲ្យឆ្លាស់ពីផ្ទាំងវេបសាយមួយ ទៅវេបសាយមួយទៀត បានកាន់តែលឿនថែមទៀត។ យ៉ាងណាមិញ មុខងារថ្មីមួយនោះ កំពុងតែដាក់ឲ្យប្រើតែនៅលើ Microsoft Edge សិនប៉ុណ្ណោះ ប៉ុន្ដែវាក៏អាចបង្ហាញវត្តមាននៅលើកម្មវិធី Browser ផ្សេងៗ ក្នុងពេលខាងមុខៗទៀត។

អញ្ចឹង ទាំងអស់នេះជាការកែប្រែធំៗនៃ Windows 10 ប្រភេទ Insider Preview Build 20161 ដែលក្រុមហ៊ុន Microsoft បានទម្លាក់ឲ្យសាកដំឡើងប្រើ កាលពីពេលម្សិលមិញនេះ ជាមួយនឹងផ្ទាំងម៉ឺនុយ Start ថ្មីស្អាត និងអាប់ដេតមុខងារបន្ថែមទៅឲ្យប៊ូតុង Alt + Tab លើកម្មវិធី Microsoft Edge ជាពិសេស។ ចុះអ្នកទាំងអស់គ្នាវិញនោះ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ នៅពេលដែល Windows 10 ចាប់ផ្ដើមអាប់ដេតរូបរាងថ្មីបែបនេះ? តើមានចំណុចណាខ្លះទៅ ដែលលោកអ្នកចង់ឲ្យ Microsoft ធ្វើការដាក់បន្ថែម ឬក៏ដកចេញ?

ដោយ​ ៖ Microsoft
អត្ថបទទាក់ទង