ថ្មីៗ​នេះ Google បាន​ទិញ​យក​ក្រុមហ៊ុន​ផលិត​វ៉ែនតា​ឆ្លាត​មួយទៀត​ឈ្មោះថា North​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងគ្រប់គ្នាច្បាស់ជាស្គាល់ច្បាស់ហើយ ពីក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ នៅក្នុងពិភពលោក ពោលគឺ Google នេះឯង ហើយគិតមកទល់ពេលនេះ គេបានទិញយកក្រុមហ៊ុនផ្សេងៗទៀតជាច្រើន ដើម្បីយកមកអភិវឌ្ឍអ្វីដែលថ្មីៗ ក៏ដូចជាធ្វើគេ កាន់តែមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត។ ដោយឡែក នៅក្នុងពេលនេះ Google ក៏បានធ្វើការទិញយកក្រុមហ៊ុនធំមួយទៀត បានសម្រេច ដោយនោះគឺជា ក្រុមហ៊ុនមួយ ដែលធ្វើការទៅលើការផលិតវ៉ែនតាឆ្លាតវៃ ដោយបំពាក់បច្ចេកវិទ្យាទំនើបឈានមុខមួយ នៅលើទីផ្សារ ក៏ដូចជាមានមូលដ្ឋានក្នុងប្រទេសកាណាដាផងដែរ។

មិនខុសទេ បើតាមការបង្ហាញចេញពី Google ផ្ទាល់តែម្ដង គឺនៅក្នុងពេលនេះ គេបានធ្វើការទិញយកក្រុមហ៊ុនផលិតវ៉ែនតាឆ្លាតវៃ ឬ AR Glasses ក៏ដូចជាក្រុមហ៊ុនដែលធ្វើការលើ Human Computer Interfaces មួយដែលមានឈ្មោះថា North ដើម្បីឲ្យគេជួយពង្រឹងបន្ថែម ទៅលើផ្នែកផ្សេងៗ ដែលពាក់ព័ន្ធគ្នា និយាយឲ្យចំទៅ គោលដៅសំខាន់នៃការទិញមកនោះ គឺដើម្បីមកបំពេញបន្ថែមចំណុចមួយ ដែលត្រូវបានគេហៅថា Ambient Computing របស់ Google។ យ៉ាងណាក៏ដោយ មិនថា Google ឬមួយក៏ North នោះទេ គឺគេមិនបានបញ្ជាក់ពីចំណុចលម្អិត ទាក់ទងនឹងការទិញយកនោះឡើយ ជាក់ស្ដែងសូម្បីតែតម្លៃនៃការទិញនោះ ក៏គេមិនបានប្រាប់ដែរ។ គួរបញ្ជាក់ដែរថា ដោយសារតែ Google បានធ្វើការទិញយក North បានសម្រេចហើយ ដូចច្នេះក្រុមហ៊ុន ដែលមានមូលដ្ឋានក្នុងប្រទេសកាណាដានេះ មិនអាចធ្វើការប្រកាសចេញ វ៉ែនតាឆ្លាតត្រកូល Focals 2.0 ដែលមានគម្រោងប្រកាសចេញ នៅចុងឆ្នាំនេះបាននោះទេ ពោលគឺគេធ្លាប់មានគម្រោងប្រកាសចេញ នៅខែធ្នូខាងមុខទៀតផង។

បើក្រឡេកទៅមើល វ៉ែនតាឆ្លាតត្រកូល Focals 1.0 ដែលប្រកាសចេញចុងឆ្នាំមុនវិញ យើងឃើញថា មានគេចាប់អារម្មណ៍ច្រើនមែនទែន ប៉ុន្តែនៅក្នុងនោះ North បានដាក់លក់វាដល់ទៅខ្ទង់ 999 ដុល្លារឯណោះ កាលពីចេញដំបូង ប៉ុន្តែមួយខែក្រោយមក គេក៏បានទម្លាក់តម្លៃមកនៅត្រឹម 599 ដុល្លារវិញ។ វ៉ែនតានេះដែរ វាមានសមត្ថភាពអាចធ្វើការ បញ្ចេញរូបភាព ក៏ដូចជាដំណឹងផ្សេង ឲ្យអ្នកប្រើប្រាស់បានឃើញ នៅលើកញ្ចក់របស់វាតែម្ដង ហើយវាក៏អាចភ្ជាប់ជាមួយទូរសព្ទឆ្លាតបាន តាមរយៈ Bluetooth ដើម្បីទទួលបានដំណឹងផ្សេងៗពីទូរសព្ទឆ្លាត ចូលមកក្នុងវ៉ែនតាឆ្លាតជាដើម។ និយាយរួមមកវិញ នៅក្នុងពេលនេះ North ត្រូវបាន Google ទិញយកបានសម្រេចហើយ ប៉ុន្តែចំណុចសំខាន់លម្អិត នៅក្នុងការទិញនោះ គឺមិនទាន់មានការបញ្ជាក់ឲ្យច្បាស់នោះឡើយ ដោយ Google គ្រាន់តែបញ្ជាក់ថា North នឹងចូលខ្លួនមកជួយជំរុញបន្ថែមដល់ផ្នែក Ambient Computing នៃក្រុមហ៊ុនរបស់គេ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង