នាវាកម្សាន្តខ្នាតតូចប្រណិតបែបគម្រូរបស់ Lamborghini មានតម្លៃខ្លួនខ្ទង់ 3.4 លានដុល្លារ និងមានតែ 63 គ្រឿងប៉ុណ្ណោះ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ក្រុមហ៊ុនរថយន្ដប្រណិត Lamborghini បានចាប់ដៃគូគ្នាជាមួយ ក្រុមហ៊ុនផលិតកប៉ាល់ Sea Group មកពីប្រទេសអ៊ីតាលីដូចគ្នា ដើម្បីបង្កើតចេញនូវនាវាកម្សាន្តខ្នាតតូចដ៏ប្រណិតថ្មីមួយ ដែលមានឈ្មោះហៅថា Tecnomar for Lamborghini 63 សម្រាប់ដាក់លក់នៅអំឡុងឆ្នាំ 2021 ខាងមុខនេះ។ នាវាកម្សាន្តខ្នាតតូចប្រណិតថ្មីមួយនេះ មានការឌីហ្សាញបែបរថយន្ដរបស់ Lamborghini តែម្ដង ដោយវានឹងត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ 3.4 លានដុល្លារ ជាមួយនឹងចំនួនកំណត់ត្រឹមតែ 63 គ្រឿងប៉ុណ្ណោះ ទូទាំងពិភពលោក។

នាវាកម្សាន្តខ្នាតតូចរបស់ Lamborghini និងក្រុមហ៊ុន The Italian Sea Group គ្រោងដាក់លក់នៅឆ្នាំក្រោយនេះ គឺគ្រាន់តែជារបស់គម្រូនៅឡើយទេ ដោយវាត្រូវបានរចនាបថឡើង តាមរូបរាងរបស់រថយន្ដកំពូល Lamborghini Sian FKP 37 តែម្ដង នេះបើយោងតាមសេចក្ដីប្រកាស។ តួខ្លួនទាំងមូលរបស់នាវាកម្សាន្តខ្នាតតូចនេះ ត្រូវបានដំឡើងដោយសធាតុ Carbon-Fiber ដើម្បីឲ្យវាមានភាពរឹងមាំ ព្រមទាំងជួយកាត់បន្ថយទម្ងន់ផងដែរ ដោយឡែក វានៅតែមានទម្ងន់ដល់ទៅ 24 តោនឯណោះ ហើយមានប្រវែងជិត 20 ម៉ែត្រ សម្រាប់រក្សាស្ថេរភាព នៅពេលបើកបរទាំងលឿន និងយឺត។ លើសពីនេះទៅទៀត ការឌីហ្សាញរបស់វា ពិតជាដូចរថយន្ដប្រណិតរបស់ Lamborghini មែនទែន ដោយមិនសូវដូចជានាវាកម្សាន្តខ្នាតតូចទូទៅនោះទេ នេះចង់សំដៅទាំងនៅខាងក្រៅ និងផ្នែកខាងក្នុងតែម្ដង។

ក្រុមហ៊ុន Lamborghini បានបង្ហើបឲ្យបានដឹងថា វាមានកម្លាំងដល់ទៅ 4,000 សេះ ដោយត្រូវបានទ្រទ្រង់ពីម៉ាស៊ីន V12 ចំនួនពីរឯណោះ ប៉ុន្ដែមិនទាន់បានប្រាប់ពីលឿនខ្ពស់បំផុត ឬ រយៈចម្ងាយបើកបរនៅឡើយទេ។ ចំណែកឯជម្រើសពណ៌វិញនោះ គឺវាមានផ្ដល់ជូននូវពណ៌ចំនួន ខុសៗគ្នាដូចជា ពណ៌បៃតង, ពណ៌លៀង, ពណ៌ប្រផេះ, ពណ៌ទឹកសមុទ្រ និងពណ៌ស ជាដើម ដោយវាមានភាពស្រស់ស្អាតម្យ៉ាងៗម្នាក់។

អញ្ចឹង នេះជានាវាកម្សាន្តខ្នាតតូច Tecnomar for Lamborghini 63 ដែលផលិតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Lamborghini និងក្រុមហ៊ុន The Italian Sea Group ជាមួយនឹងតម្លៃខ្លួនខ្ទង់ 3.4 លានដុល្លារ ហើយចំនួនកំណត់ត្រឹមតែ 63 គ្រឿងប៉ុណ្ណោះ សម្រាប់ឆ្នាំ 2021 ខាងមុខនេះ។ ចុះប្រិយមិត្តទាំងអស់គ្នា យល់ឃើញយ៉ាងណាដែរ ចំពោះនាវាកម្សាន្តខ្នាតតូចដ៏ប្រណិតមួយនេះ? តើមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់របស់វាដែរឬទេ?

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង