Redmi ប្រកាសចេញ Redmi 9A និង 9C ជាមួយឈីបជំនាន់ថ្មីរបស់ MediaTek​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

មិនយូរប៉ុន្មាន បន្ទាប់ពី Redmi 9 បានបង្ហាញវត្តមាន នៅក្នុងទឹកដីប្រទេសអេស្ប៉ាញ និងចិនហើយនោះ ស្រាប់តែយប់មិញនេះ ក្រុមហ៊ុន Xiaomi ក៏ឆ្លៀតប្រកាសចេញទូរសព្ទឆ្លាតលំដាប់ថវិកា 2 ម៉ូឌែលផ្សេងទៀត ដែលស្ថិតក្នុងខ្សែស្រឡាយ Redmi 9 តែមួយ គឺ Redmi 9A និង 9C លើទីផ្សារម៉ាឡេស៊ីតែម្តង។ ដោយសម្រាប់ម៉ូឌែល Redmi 9A មានតម្លៃត្រឹមខ្ទង់ ៣៣ ម៉ឺនរៀល ឬប្រហាក់ប្រហែល 83 ដុល្លារប៉ុណ្ណោះ ខណៈ Redmi 9C នឹងដាក់លក់ក្នុងតម្លៃខ្ទង់ ៤០ ម៉ឺនរៀល (100 ដុល្លារ)។ 

ក្រៅពីមានតម្លៃសមរម្យហើយ Redmi 9A និង 9C ក៏បានជាប់ឈ្មោះជាទូរសព្ទឆ្លាតដំបូង ដែលប្រើប្រាស់ឈីបជំនាន់ថ្មី របស់ក្រុមហ៊ុន MediaTek ទៀតផង។ បើទោះបីជាមានរូបរាងខាងក្រោយ និងជម្រើសពណ៌ផ្សេងគ្នា ប៉ុន្តែ ពួកវាសឹងតែមានលក្ខណៈសម្បតិ្តដូចគ្នាច្រើន ជាពិសេស នៅផ្នែកខាងមុខអេក្រង់ តែម្តង។ ទាំង Redmi 9A និងម៉ូឌែល 9C បំពាក់អេក្រង់ទំហំ 6.53 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD+ ជាមួយម៉ូតឆកដំណក់ទឹកមួយគ្រាប់ សម្រាប់ផ្ទុកកាមេរ៉ា Selfie ដែលមានទំហំ 5MP ដូចគ្នា។ ចំពោះកម្លាំងម៉ាស៊ីន Redmi 9A ភ្ជាប់មកជាមួយឈីបជំនាន់ថ្មី Helio G25 រីឯ Redmi 9C ប្រើឈីប Helio G35 គួបផ្សំនឹងទំហំរ៉េម 2GB និងទំហំអង្គផ្ទុកទិន្នន័យ 32GB ហើយថែមទាំងអាចបន្ថែមមេម៉ូរីកាត ពីក្រៅបានដូចគ្នាទៀតផង។ កាន់តែពិសេសទៀតនោះ ពួកវាទាំង 2 អាចផ្ទុកថាមពលថ្មធំ រហូតដល់ទំហំ 5,000mAh ឯណោះ ល្មមនឹងការប្រើប្រាស់ទូទៅបានប៉ុន្មានថ្ងៃដែរ ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន មានកម្លាំង 10W ផងដែរ។ 

ចូលមកដល់ចំណុចដែលប្លែកពីគ្នានោះ ត្រង់ការឌីហ្សាញម៉ូតកាមេរ៉ាខាងក្រោយ ដែល Redmi 9C មានម៉ូតពេញនិយមជាង ជាមួយកញ្ចប់កាមេរ៉ាសរុបចំនួន 3 គ្រាប់ រួមមានលេនគោលទំហំ 13MP, លេន Ultra-Wide ទំហំ 5MP និង Depth Sensor ទំហំ 2MP អមនឹងភ្លើង Flash LED មួយគ្រាប់ទៀតផង។ យ៉ាងណាមិញ បើងាកមកមើលម៉ូឌែល Redmi 9A វិញ Xiaomi បានផ្តល់លេនគោលមួយគ្រាប់ប៉ុណ្ណោះ ដែលមានទំហំ 13MP ដូចគ្នា។ ចុងក្រោយ Redmi 9A បានកើតមកជាមួយជម្រើសពណ៌ 3 ដូចជាពណ៌ប្រផេះ, ខៀវ និងបៃតង ខណៈ 9C រួមមានពណ៌ខ្មៅ, ខៀវ និងពណ៌ទឹកក្រូច យ៉ាងស្រស់ស្អាត ហើយពួកវានឹងត្រូវបានដាក់លក់ នៅលើទីផ្សារប្រទេសម៉ាឡេស៊ីមុនគេ ក្នុងអំឡុងខែកក្កដានេះ បន្ទាប់មកទើបមានចែកចាយដល់ប្រទេសផ្សេងៗ ក៏អាចបង្ហាញខ្លួន ក្នុងប្រទេសកម្ពុជាយើង នាពេលខាងមុខនេះដែរ។ 

ដោយ​ ៖ Beebom
អត្ថបទទាក់ទង