របាយការណ៍​មួយ​បញ្ជាក់​ថា Xiaomi កំពុង​សហការ​គ្នា​ជាមួយ MediaTek ដើម្បី​បង្កើត​ឈីប​ផ្ទាល់ខ្លួន​មួយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងគ្រប់គ្នាច្បាស់ជាបានស្គាល់ហើយ ពីក្រុមហ៊ុនផលិតឈីប MediaTek ដែលក្នុងពេលបច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់គេ ក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ដែរ ជាក់ស្ដែងយើងតែងតែឈីបរបស់ក្រុមហ៊ុននេះមួយភាគធំ នៅលើទូរសព្ទឆ្លាតលំដាប់ថវិកា របស់ក្រុមហ៊ុនទូរសព្ទឆ្លាតជាច្រើន ជាក់ស្ដែងដូចជា Xiaomi ជាដើម។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀត ទាក់ទងនឹងក្រុមហ៊ុនទាំងពីរខាងលើ ពោលគឺគេបានបញ្ជាក់ថា Xiaomi កំពុងសហការគ្នាជាមួយនឹង MediaTek ដើម្បីបង្កើតឈីបផ្ទាល់ខ្លួនមួយទៀតផង។

ជាការពិតណាស់ នៅក្នុងពេលថ្មីៗនេះ បើតាមការបង្ហាញចេញពីអ្នកចែកដំណឹងបែកធ្លាយនៅតាមបណ្ដាញសង្គម Weibo ដែលមានឈ្មោះគណនីថា Digital Chat Station នោះ បានបញ្ជាក់ឲ្យដឹងថា Xiaomi នឹង MediaTek កំពុងតែសហការគ្នា ដើម្បីផលិតឈីបសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមួយ នៅលើទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ Xiaomi នាពេលអនាគត។ យ៉ាងណាក៏ដោយ នៅក្នុងនោះ គេមិនបានបញ្ជាក់ពីឈ្មោះឈីប ក៏ដូចជាចំណុចសំខាន់ផ្សេងៗទៀត នៃគម្រោងរបស់ Xiaomi និង MediaTek នេះនោះទេ។ គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Xiaomi ក៏មានទំនាក់ទំនងគ្នាល្អដែរជាមួយ MediaTek ព្រោះជាក់ស្ដែងកាលពីពេលដែល ក្រុមហ៊ុនឈីបនៅតៃវ៉ាន់ ប្រកាសចេញឈីប Helio G90T ដំបូងរបស់ខ្លួននោះ គឺ Redmi Note 8 Pro ជាទូរសព្ទឆ្លាតដំបូងគេ ដែលបានប្រើប្រាស់វា ខណៈពេលដែល Redmi 10X នេះវិញ ក៏ជាទូរសព្ទឆ្លាតមួយ ដែលប្រើប្រាស់ឈីប Dimensity 820 របស់ MediaTek មុនគេដូចគ្នា ហេតុនេះ ក៏អាចទៅរួចដែរ ដែលថាក្រុមហ៊ុនទាំងពីរ កំពុងសហការគ្នាបង្កើតឈីបផ្ទាល់ខ្លួនមួយ សម្រាប់ប្រើលើទូរសព្ទឆ្លាតយីហោ Xiaomi នាពេលអនាគត។

បើទោះជាពេលនេះ យើងនៅមិនទាន់មានដំណឹងអ្វីច្រើន ទាក់ទងនឹងឈីបខាងលើនោះមែន ប៉ុន្តែមានការរំពឹងទុកមួយចំនួន បានធ្វើការបង្ហាញថា ឈីបដែលកើតចេញពីការសហការគ្នា រវាង MediaTek និង Xiaomi នោះ អាចនឹងបង្ហាញខ្លួន នៅក្នុងពេលអនាគត ឆាប់ៗខាងមុខ ពោលគឺអាចនឹងមិនយូរពេកទៀតនោះទេ។ និយាយរួមមកវិញ នៅក្នុងពេលថ្មីៗនេះ អ្នកចែកចាយដំណឹងបែកធ្លាយម្នាក់ ដូចប្រាប់នៅខាងលើ បានធ្វើការបង្ហាញទាក់ទងនឹង ដំណឹងរបស់ឈីបផ្ទាល់ខ្លួនថ្មី ដែលកើតចេញពីការចាប់ដៃគូរគ្នារវាង Xiaomi និង MediaTek ប៉ុន្តែយ៉ាងណាក៏ដោយ ការបង្ហាញខាងលើនេះ មិនមែនជាការបញ្ជាក់ផ្លូវការ ចេញពីក្រុមហ៊ុនទាំងពីរនោះឡើយ ហេតុនេះយើងមិនទាន់អាចប្រាកដបាននោះទេ ថាអាចនឹងក្លាយជាការពិត ឬមួយក៏យ៉ាងម៉េច។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង