ទូរសព្ទឆ្លាតលំដាប់មធ្យម OnePlus Nord នឹងមានតម្លៃក្រោម ២ លានរៀល (500 ដុល្លារ)​
ដោយ​ ៖ ឈីរ៉ូ | 2 ថ្ងៃមុន SHARE

 

បន្ទាប់ពីទទួលបានដំណឹងបែកធ្លាយ ក៏ដូចជារបាយការណ៍ជាច្រើន និយាយទាក់ទងទៅនឹងទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មីរបស់ OnePlus ស្ទើរតែមិនលស់ថ្ងៃរួចមក ទីបំផុតកាលពីយប់មិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន OnePlus បានបញ្ជាក់ឲ្យយើងបានដឹងច្បាស់ហើយថា ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មីរបស់ពួកគេ នឹងមានឈ្មោះជាផ្លូវការថា OnePlus Nord។ 

ជាងនេះទៅទៀត ក្រុមហ៊ុន OnePlus ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មីរបស់ពួកគេនឹងមានតម្លៃក្រោម ២ លានរៀល (500 ដុល្លារ)។ តាមរយៈដំណឹងដែលទទួលបាន កាលពីពេលថ្មីៗនេះ ក៏បានបង្ហាញថា OnePlus Nord នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខសរុបចំនួន 2 គ្រាប់ ជាប្រភេទលេនទម្លុះអេក្រង់ ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់។ លើសពីនេះ OnePlus Nord ក៏ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយបន្ទះបង្ហាញ ជាប្រភេទ AMOLED ដែលមានអេក្រង់ Refresh Rate 90Hz ក៏ដូចជាបន្ទះឈីប Snapdragon 765G គួបផ្សំជាមួយជម្រើស RAM ទំហំ 6/8/12GB និងអង្គផ្ទុកទិន្នន័យទំហំ 64/128/256GB ថែមទៀតផង។ 

បន្ថែមពីនេះ ផ្អែកទៅតាមដំណឹងផ្ទៃក្នុង ដែលយើងទទួលបានកាលពីពេលកន្លង បាននិយាយថា ទូរសព្ទឆ្លាតលំដាប់មធ្យម OnePlus Nord អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា នេះតែម្តង។ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ តម្លៃក្រោម ២ លានរៀល (500 ដុល្លារ) ដែលក្រុមហ៊ុន OnePlus បាននិយាយ គឺប្រហែលជាចង់សំដៅទៅលើជម្រើសទំហំ RAM និងអង្គផ្ទុកទិន្នន័យធំបំផុតរបស់ OnePlus Nord ហើយមើលទៅ។ ដូច្នេះមានន័យថាជម្រើសទំហំ RAM និងអង្គផ្ទុកទិន្នន័យទាបបំផុត អាចនឹងមានតម្លៃខ្ទង់ចន្លោះពី ១ លាន ៤0 ម៉ឺនរៀល (350 ដុល្លារ) ទៅ ១ លាន ៦0 ម៉ឺនរៀល (400 ដុល្លារ) ក៏ថាបាន។

ដោយ​ ៖ OnePlus
អត្ថបទទាក់ទង