SSD ស៊េរីថ្មីក្រោមត្រកូល 870 QVO របស់ Samsung បានបន្ថែមដល់ជម្រើស 8TB លើកដំបូងសម្រាប់អតិថិជន​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូង Samsung បានធ្វើការប្រកាសចេញ SSD ស៊េរីថ្មី ដែលស្ថិតនៅក្រោមត្រកូល 870 QVO ជាផ្លូវការហើយ ដោយវាមានជម្រើសឲ្យអតិថិជនជ្រើសរើសចំនួន 4 ខុសៗគ្នា នោះគឺរួមមានដូចជាទំហំ 1TB, 2TB, 4TB ឬដល់ទៅទំហំ 8TB ក៏បានដែរ។ ហេតុដូច្នេះហើយ វាបានធ្វើឲ្យត្រកូល SSD ស៊េរីថ្មីមួយនេះ ជាជម្រើសទំហំធំលើកដំបូងរបស់ Samsung និងជាឱកាសដ៏ល្អសម្រាប់អតិថិជន ដែលកំពុងចង់ផ្លាស់ប្ដូរ SSD ថ្មី ជាមួយទំហំធំជាងមុនបែបនេះ។

ចំពោះសមត្ថភាពរបស់ SSD 870 QVO ស៊េរីថ្មីនេះ គឺជាប្រភេទ SATA 2.5inch អាចទទួលបានល្បឿន Read ចំនួន 560MB/s និងល្បឿន Write ចំនួន 530MB/s ដោយវាមានល្បឿនលឿនជាងជំនាន់មុនប្រមាណ 10MB/s ជាងផងដែរ ហើយក្រុមហ៊ុន Samsung បាននិយាយអះអាងថា បើមើលទៅលើប្រសិទ្ធភាព សម្រាប់ស៊េរីថ្មីនេះ វាត្រូវបានកើនឡើងចំនួន 13% បើប្រៀបធៀបទៅនឹងជំនាន់មុន។ ជាការពិតណាស់ Samsung បានបំពាក់នូវបច្ចេកវិទ្យា SLC-buffering ទំហំធំ ក៏ដូចជាកម្មវិធីគ្រប់គ្រងឈ្មោះ Magician (ទុកឆែកមើលល្បឿន, សីតុណ្ហាភាព ឬ គុណភាពរបស់ SSD តែម្ដង) និងបច្ចេកវិទ្យា Intelligent TurboWrite សម្រាប់ជួយបន្ថែមលឿនរបស់ពួកវាទាំងអស់ ដើម្បីកុំឲ្យងាយប្រទះជួបបញ្ហានានា។

ខណៈពេលដែលជម្រើសទំហំ 1TB របស់ SSD 870 QVO ស៊េរីថ្មីនេះ គឺមានតម្លៃខ្ទង់ 129.99 ដុល្លារ, ទំហំ 2TB មានតម្លៃខ្ទង់ 249.99 ដុល្លារ, ទំហំ 4TB មានតម្លៃខ្ទង់ 499.99 ដុល្លារ និងកំពុងតែដាក់លក់នៅសហរដ្ឋអាមេរិក ជាបណ្ដើរៗហើយ ដោយឡែក សម្រាប់ជម្រើសធំបំផុតទំហំ 8TB ត្រូវរង់ចាំរហូតដល់ថ្ងៃទី 24 ខែសីហា ឆ្នាំ 2020 ទើបបានចេញលក់ជាផ្លូវការ ហើយក៏មិនទាន់មានតម្លៃខ្លួនទេ ប៉ុន្ដែមានគេព្យាករណ៍មកថា វានឹងអាចមានតម្លៃខ្ទង់ 900 ដុល្លារផងដែរ។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង