Huawei Mate 40 អាចនឹងមិនប្រើបច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់នោះទេ​
ដោយ​ ៖ ឈីរ៉ូ | 2 ថ្ងៃមុន SHARE

 

តាមរយៈពាក្យចចាមអារ៉ាមកាលពីពេលកន្លង បាននិយាយថា ទូរសព្ទឆ្លាតលំដាប់កំពូល Huawei Mate 40 Series អាចនឹងបំពាក់មកជាមួយកាមេរ៉ាបង្កប់ក្រោមអេក្រង់។ លើសពីនេះ ក៏មានរបាយការណ៍មួយចំនួនផ្សេងទៀត បានរាយការណ៍មកថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់បច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់របស់ក្រុមហ៊ុនផលិតបន្ទះបង្ហាញ Visionox ថែមទៀតផង។ 

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយជនជាតិចិន Changan Digital Jun យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងបានដឹងពីលក្ខណៈសម្បត្តិរបស់ Huawei Mate 40 Series បន្ថែមទៀត។ បើយោងទៅតាមការបញ្ជាក់របស់ប្រភពខាងលើនេះ បាននិយាយថា ផ្អែកទៅតាមម៉ាស៊ីនគម្រូចុងក្រោយគេបំផុតរបស់ Huawei Mate 40 ដែលគាត់បានឃើញកាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ថា វាមិនបានប្រើប្រាស់បច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់នោះទេ។ 

គួរបញ្ជាក់ផងថា ខណៈពេលនេះ យើងក៏មិនទាន់ដឹងច្បាស់ថា តើ Huawei Mate 40 Pro ឬក៏ Mate 40 Pro+ អាចនឹងបំពាក់មកជាមួយកាមេរ៉ាបង្កប់ក្រោមអេក្រង់ ឬក៏យ៉ាងណានោះដែរ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។ ប៉ុន្តែចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាយើងប្រហែលជាត្រូវរង់ចាំរហូតដល់ទៅដើមឆ្នាំ 2021 ឯណោះ ទើបយើងបានឃើញវត្តមានទូរសព្ទឆ្លាតលំដាប់កំពូល ដែលបំពាក់មកជាមួយកាមេរ៉ាបង្កប់ក្រោមអេក្រង់បង្ហាញខ្លួននៅលើទីផ្សារជាផ្លូវការ។ 

ដោយ​ ៖ Changan Digital Jun
អត្ថបទទាក់ទង