Qualcomm បានប្រកាស​ចេញ​ឈីប Snapdragon Wear 4100 និង 4100+ សម្រាប់​ប្រើប្រាស់​លើនាឡិកា​ឆ្លាត​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ថ្ងៃមុន SHARE

 

កាលពីពីរឆ្នាំមុន Qualcomm បានធ្វើការប្រកាសចេញឈីបថ្មីរបស់ខ្លួនមួយ សម្រាប់ប្រើប្រាស់លើនាឡិកាឆ្លាត ដោយក្នុងនោះ វាត្រូវបានគហៅថា Snapdragon Wear 3100 ហើយលើនាឡិកាឆ្លាត Wear OS ភាគច្រើន នៅក្នុងពេលសព្វថ្ងៃនេះ គឺភាគច្រើនសុទ្ធតែប្រើប្រាស់ឈីបមួយនេះដូចៗគ្នា។ ដោយឡែក ថ្មីៗនេះ Qualcomm ក៏បានប្រកាសចេញ ឈីបសម្រាប់នាឡិកាឆ្លាតជំនាន់ថ្មីរបស់ខ្លួនមកហើយ ដោយលើកនេះ គេបានបញ្ចេញចំនួន 2 ម៉ូឌែល ដោយមានឈ្មោះផ្លូវការថា Snapdragon 4100 និង 4100+ នេះឯង កាន់តែពិសេស វាក៏បានភ្ជាប់មកជាមួយ លក្ខណៈសម្បត្តិប្រសើរៗជាងមុនជាច្រើន។ 

បើតាមការបង្ហាញចេញពី Qualcomm ផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា Snapdragon 4100 នេះ វាត្រូវបានគេរចនាឡើង ដោយមានទំហំតូចត្រឹម 12nm ប៉ុណ្ណោះ មិនធំដល់ 28nm ដូចជំនាន់មុនឡើយ ក្រៅពីនេះទៀត ដោយសារតែវាជាឈីបទំហំតូចជំនាន់ថ្មី ដូច្នេះគេបានបញ្ជាក់ថា វាប្រើប្រាស់ថាមពលថ្មតិចជាងមុន ពោលគឺប្រសើរជាងមុនប្រមាណជា 25% ថែមទាំងមានប្រើប្រាស់រ៉េម LPDDR3 ល្បឿនលឿនជាងមុនទៀតផង។ សម្រាប់ Processor របស់វា គឺបានប្រើប្រាស់ CPU ដែលមាន 4 cores ប្រភេទ Cortex-A53 មានល្បឿនខ្ពស់បំផុតដល់ 1.7GHz បើធៀបទៅ គឺប្រសើរជាងមុន 85% ខណៈពេលផ្នែក GPU វិញ គឺមានប្រើប្រាស់ប្រភេទ Adreno 504 មានល្បឿនប្រសើរជាងមុនដល់ទៅ 2.5 ដង។ ក្រៅពីនេះទៀត វាក៏អាចគាំទ្រជាមួយកាមេរ៉ាទំហំ 16MP ជាមួយម៉ូដឹម 4G LTE នៅលើ Board ផ្ទាល់ ហើយសម្រាប់ Snapdragon 4100+ វិញ វាមិនខុសគ្នាពីឈីបខាងលើប៉ុន្មាននោះទេ ប៉ុន្តែវាត្រូវបាន Qualcomm ដាក់បន្ថែម Co-Processor ប្រភេទ QCC1110 ដើម្បីទ្រទ្រង់ផ្ទាំងកម្មវិធី ដែលដំណើរការចោលជាច្រើន ជាក់ស្ដែងរួចមានដូចជា មុខងារតាមដានដំណេក នឹងមុខងារវាស់ចង្វាក់បេះដូងជាដើម ដើម្បីជំនួសឲ្យ CPU គោលរបស់វា។

ចំណុចប្រសើរផ្សេងពីនោះទៀត មានដូចជាការបង្កើនលើ Watch Mode ដែលអាចគាំទ្របានដល់ 64,000 ពណ៌, ការបង្ហាញពីថាមពលថ្ម, ការកំណត់ម៉ោងរោទិ៍, Reminder ក៏ដូចជារំញ័រ Haptic ជាដើម។ ក្រៅពីអាចដំណើរការជាមួយ Wear OS បានហើយ ឈីបថ្មី Snapdragon 4100 Series នេះ ក៏អាចគាំទ្រជាមួយ Android Open Source Platform បានដែរ ហើយសម្រាប់ពេលវេលា ដែលវានឹងមានបង្ហាញខ្លួនលើ នាឡិកាឆ្លាតនោះ Qualcomm បានធ្វើការបញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះឯង ប៉ុន្តែគេមិនបានបញ្ជាក់នោះទេ ថាមាននៅលើនាឡិកាឆ្លាតរបស់ក្រុមហ៊ុនណាខ្លះ។ យ៉ាងណាក៏ដោយ ប្រភពមួយចំនួនបានរំពឹងថា វាអាចនឹងមានលើនាឡិកាឆ្លាតរបស់ Mobvio នៅចុងឆ្នាំនេះ ចំណែកយីហោនាឡិកាឆ្លាត Imoo វិញ ក៏មានទំនងជាបំពាក់ឈីបនេះ លើនាឡិកាឆ្លាតរបស់ខ្លួន ដែលនឹងប្រកាសចេញ នៅខែក្រោយតែម្ដង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង