PUBG Mobile ប្រកាសសហការជាមួយ Yamaha ដើម្បីដាក់បញ្ចូលម៉ូតូថ្មីទៅក្នុងហ្គេម​
ដោយ​ ៖ ឡេង | 2 ថ្ងៃមុន SHARE

 

កំណែអាប់ដេតថ្មី v0.19.0 នៃហ្គេមបាញ់ប្រហារដ៏ល្បីល្បាញ PUBG Mobile គ្រោងនឹងចេញឲ្យដំឡើងលេងជាផ្លូវការ នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2020 នាពេលខាងមុខនេះហើយ ដោយវាត្រូវបានគេរំពឹងទុកថា នឹងអាចទទួលបាន Map ថ្មីក្រោមឈ្មោះថា Livik តែម្ដង ប៉ុន្ដែមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Tencent នៅឡើយទេ។ ដោយឡែក កាលពីពេលម្សិលមិញនេះ គណនី Twitter ផ្លូវការរបស់ហ្គេម PUBG Mobile បានបង្ហោះវីដេអូថ្មីមួយ ដើម្បីបង្ហើបប្រាប់ពីការចាប់ដៃគូគ្នាជាមួយ Yamaha និងដាក់បញ្ចូលម៉ូតូថ្មីរបស់ពួកគេ ថែមទៀតផង។

ខណៈពេលដែល យើងនៅមិនទាន់បានដឹងអំពី រូបរាងទាំងមូលរបស់ម៉ូតូនេះទេ ប៉ុន្ដែមានមនុស្សមួយចំនួនយល់ឃើញថា វាអាចជាម៉ូតូម៉ាក Yamaha MWT-9 ដែលមានកង់ចំនួនពីរនៅខាងមុខ និងកង់មួយទៀតនៅពីក្រោយ ជាមួយតួខ្លួនមើលទៅមានអំណោច គួរឲ្យចាប់អារម្មណ៍មែនទែន។ ហាក់បីដូចជា Map ថ្មីចុងក្រោយនោះដែរ ដោយក្រុមហ៊ុនបង្កើតហ្គេម PUBG Mobile នេះ មិនបាននិយាយប្រាប់ឲ្យច្បាស់ថា នៅពេលណានោះទេ ដែលពួកនឹងទម្លាក់ឲ្យលេងជាផ្លូវការ។ បើយោងទៅតាមវីដេអូខ្លីមួយនោះ គឺគ្រាន់តែដាក់បង្ហាញពី រូបរាងបន្ដិចបន្ដួចពីម៉ូតូ Yamaha មួយគ្រឿងនោះប៉ុណ្ណោះ ហើយដាក់ចំណងជើងមកថា វានឹងមកដល់ឆាប់ៗនេះហើយ ដូច្នេះយើងសង្ឃឹមថា នឹងអាចទទួលបានដំណឹងបន្ថែម ក្នុងពេលឆាប់ៗនេះដូចគ្នាទៅចុះ។ នេះមិនមែនជាលើកដំបូងនោះទេ សម្រាប់ហ្គេម PUBG Mobile ដែលបានសហការជាមួយក្រុមហ៊ុនដទៃទៀត នោះគឺរួមមានបញ្ចូលទាំងហ្គេម  Resident Evil 2, The Walking Dead និងផ្សេងៗជាច្រើនទៀត។

ដោយសារតែ កំណែអាប់ដេតទី 0.19.0 នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2020 នឹងត្រូវបានទម្លាក់ឲ្យទាញយកដំឡើងលេង នៅក្នុងពេលខាងមុខនេះ អញ្ចឹងហើយ យើងនឹងមានឱកាសឃើញវត្តមានរបស់ Map ថ្មីឈ្មោះថា Livik ឬក៏ម៉ូតូម៉ាក Yamaha ទំនើបមួយនោះ ក៏អាចថាបានដែរ។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា មានមតិយ៉ាងណាដែរ សម្រាប់ការដាក់បន្ថែមម៉ូតូធំរបស់ Yamaha ឲ្យជិះនៅក្នុងហ្គេម PUBG Mobile ក្នុងពេលខាងមុខនេះ?

ដោយ​ ៖ PUBG Mobile (Twitter)
អត្ថបទទាក់ទង