Samsung នឹង​មិនមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ IFA 2020 នៅខែ​កញ្ញា​ខាងមុខ​នេះ​ទេ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ស្គាល់ហើយ ពីព្រឹត្តិការណ៍ដាក់បង្ហាញផលិតផល ទាក់ទងនឹងបច្ចេកវិទ្យាធំមួយប្រចាំឆ្នាំ លំដាប់ពិភពលោក និយាយឲ្យច្បាស់ទៅ នោះគឺជាព្រឹត្តិការណ៍ ដែលត្រូវបានគេដាក់ឈ្មោះថា Internationale Funkausstellung ឬយើងចំណាំតែហៅថា IFA នេះឯង ហើយសម្រាប់ឆ្នាំនេះ IFA នឹងត្រូវរៀបចំឡើង នៅក្នុងខែកញ្ញាខាងមុខ បើសិនជាមិនមានបញ្ហាអ្វីកើតឡើង។ ដោយឡែក ឆ្នាំនេះអាចនឹងដូចឆ្នាំមុនឡើយ ពោលគឺរបាយការណ៍ថ្មី បានបញ្ជាក់ថា Samsung បានធ្វើការដកខ្លួនចេញ ពីព្រឹត្តិការណ៍នោះជាផ្លូវការហើយ ដោយសារតែបញ្ហាជំងឺរាតត្បាតហ្នឹងតែម្ដង។

ប្រាកដណាស់ បើតាមរបាយការណ៍មួយ ចេញមកពីប្រភពមួយ ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការបង្ហាញឲ្យដឹងថា Samsung បានបញ្ជាក់ជាផ្លូវការហើយថា ពួកគេនឹងមិនចូលរួមជាមួយព្រឹត្តិការណ៍ IFA 2020 ខាងមុខនេះឡើយ ខណៈពេលដែលមូលហេតុវិញ គឺដោយសារតែបញ្ហាជំងឺរាតត្បាត COVID-19 នៅតែជាកង្វល់មួយ ដែលគួរឲ្យបារម្ភខ្លាំងបំផុតផងដែរ។ យ៉ាងណាក៏ដោយ ដូចយើងធ្លាប់បានឃើញអញ្ចឹងថា Samsung ក៏បានធ្វើសកម្មភាពជាច្រើនដែរ ដើម្បីប្រយុទ្ធជាមួយវីរុសរាតត្បាតខាងលើនេះ ជាក់ស្ដែងដូចជា ការកំណត់ ក៏ដូចជាតាមដានចំនួនបុគ្គលិករបស់ខ្លួន ដែលត្រូវបំពេញបេសកកម្មឆ្លងដែនសំខាន់ៗផ្សេង ក៏ដូចជាមានសកម្មភាពជាច្រើនផ្សេងទៀត ដែលគេបានចាត់វិធានការកន្លងមក។ គួរបញ្ជាក់ដែរថា IFA 2020 ត្រូវបានគេកំណត់កាលវិភាគ ក្នុងការរៀបចំឡើងរួចរាល់ហើយ ពោលគឺចាប់ពីអំឡុងថ្ងៃទី 4 ដល់ថ្ងៃទី 9 នៃខែកញ្ញាខាងមុខនេះ នៅឯទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង់ ហើយជារៀងរាល់ឆ្នាំ Samsung គឺជាក្រុមហ៊ុនមួយ ដែលមិនងាយនឹងបាត់មុខចេញពី IFA នោះទេ ជាក់ស្ដែងក្រុមហ៊ុនកូរ៉េខាត្បូងនេះ ក៏ធ្លាប់បានធ្វើការប្រកាសចេញ ទូរសព្ទឆ្លាតលំដាប់កំពូលត្រកូល Note របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នោះដែរ កាលពីប៉ុន្មានឆ្នាំមុន។ 

បើយើងរំឮកទៅកាន់ IFA 2019 វិញ យើងឃើញថា Samsung បានប្រកាសចេញផលិតផលរបស់ខ្លួនជាច្រើនដែរ នៅក្នុងព្រឹត្តិការណ៍នោះ និយាយឲ្យចំទៅ រួមមានដូចជាទូរសព្ទឆ្លាតត្រកូល A គឺ Galaxy A90 5G ដែលជាម៉ូឌែលទូរសព្ទឆ្លាតលំដាប់បង្គួរ ដំបូងបំផុតរបស់ Samsung ដែលមានភ្ជាប់មកជាមួយ 5G ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏បានប្រកាសចេញ ទូរទស្សន៍ឆ្លាតជាច្រើនម៉ូឌែល ក៏ដូចជាមានផលិតផលផ្សេងៗមួយចំនួនទៀត។ ជារួមមកវិញ បើតាមការរៀបរាប់ខាងលើនេះ គឺ Samsung បានធ្វើការបញ្ជាក់យ៉ាងច្បាស់ហើយថា ពួកគេនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ ដាក់បង្ហាញដ៏ធំប្រចាំទ្វីបអឺរ៉ុប ក្នុងឆ្នាំនេះនោះទេ (IFA 2020) ចំណែកឯមូលហេតុវិញនោះ គឺព្រោះតែគេនៅបារម្ភពីមេរោគរាតត្បាត COVID-19 ហ្នឹងឯង។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង