MediaTek ប្រកាសចេញឈីប Helio G25 និង G35 ជាផ្លូវការ សម្រាប់បំពាក់លើទូរសព្ទលំដាប់ថវិកា​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

យើងធ្លាប់បានឃើញហើយ នូវទូរសព្ទឆ្លាតមួយចំនួន ដែលបានប្រើប្រាស់ឈីបរបស់ក្រុមហ៊ុន MediaTek ដែលមានត្រកូល P និង G ហើយយើងតែងតែឃើញគេប្រើវា នៅលើទូរសព្ទលំដាប់មធ្យមភាគច្រើន។ ជាក់ស្ដែង នៅក្នុងពេលនេះ MediaTek បានប្រកាសចេញឈីបជំនាន់ថ្មី ដែលស្ថិតក្នុងត្រកូល G ចំនួន 2 បន្ថែមទៀត ដោយវាមានឈ្មោះថា Helio G25 និង G35 ហើយកាន់តែពិសេស លើកនេះ ក្រុមហ៊ុនផលិតបន្ទះឈីបខាងលើ បានធ្វើការបង្កើនសមត្ថភាពរបស់វា អោយសមស្របនឹងតម្លៃផងដែរ។

ជាការពិតណាស់ បើតាមព័ត៌មានដែលយើងទទួលបាន ក្នុងពេលនេះ បានបញ្ជាក់អោយដឹងថា MediaTek បានប្រកាសចេញឈីបជំនាន់ថ្មីចំនួន 2 ស្ថិតក្នុងត្រកូល Helio G-Series របស់ខ្លួនជាផ្លូវការហើយ។ ជាក់ស្ដែង សម្រាប់បន្ទះឈីប Helio G25 វាមាន CPU ជាប្រភេទ Octa-Core ដែលមាន 8 Core ជាប្រភេទ Cortex-A53 អាចរត់បានល្បឿន 2.0GHz និង GPU វិញ វាបានប្រើប្រាស់ត្រឹមប្រភេទ IMG PowerVR GE8320 រត់បានល្បឿន 650MHz។ លើសពីនេះ វាអាចគាំទ្រកម្រិតបង្ហាញរូបភាពលើអេក្រង់ បានត្រឹមកម្រិត HD+ (720 x 1600 ភិចសែល) ជាមួយ Aspect Ratio 20:9 និងគាំទ្រការប្រើប្រាស់អង្គផ្ទុកទិន្នន័យជាប្រភេទ eMMC 5.1 ផងដែរ។ ចំពោះផ្នែកាមេរ៉ាវិញ វាអាចធ្វើការគាំទ្របានមួយគ្រាប់ទំហំខ្ពស់បំផុត 21MP ហើយបើ 2 គ្រាប់គឺសេនស័រទាំងពីរនោះ ត្រូវមានទំហំធំបំផុតត្រឹម 13MP + 8MP ចំណែកឯ សមត្ថភាពថតវីដេអូវិញ វាអាចថតបានក្នុងកម្រិត 1080p 30fps ប៉ុណ្ណោះ។

ដោយឡែកចំពោះ បន្ទះឈីប Helio G35 វាមាន CPU ជាប្រភេទ Octa-Core ដែលមាន 8 Core ដូចគ្នានឹង G25 ដែរ ជាប្រភេទ Cortex-A53 បន្តែវាអាចរត់បានល្បឿន 2.3GHz និង GPU វាបានប្រើប្រាស់ជាប្រភេទ IMG PowerVR GE8320 រត់បានល្បឿន 680MHz។ មិនតែប៉ុណ្ណោះ វាអាចធ្វើការបំពាក់អេក្រង់ ដែលកម្រិតបង្ហាញរូបភាពដល់កម្រិត FHD+ (2400 x 1080 ភិចសែល) ជាមួយ Aspect Ratio 20:9 និងគាំទ្រការប្រើប្រាស់អង្គផ្ទុកទិន្នន័យជាប្រភេទ eMMC 5.1 ដែរ។ រីឯផ្នែកាមេរ៉ាវិញ បើបំពាក់មួយគ្រាប់ វាអាគាំទ្របានទំហំខ្ពស់បំផុត 25MP ឬបើ 2 គ្រាប់ វាប្រើបានទំហំ 13MP + 8MP ចំណែកឯ សមត្ថភាពថតវីដេអូវិញ វាអាចថតបានក្នុងកម្រិត 1080p 30fps ដូចឈីប G25 អញ្ចឹងដែរ។

ក្រៅពីនេះទៅទៀត បន្ទះឈីប Helio G25 និង G35 ជំនាន់ថ្មីនេះ នៅមានលក្ខណៈសម្បត្តិពិសេសមួយចំនួនទៀត ដូចជា គាំទ្រការប្រើប្រាស់ Wi-Fi ជំនាន់ទី 5, Bluetooth 5.0 និងមានទំហំ 12nm ជាមួយការគាំទ្រតម្រិតសេវា 4G LTE ជាដើម។ បន្ថែមពីនេះ មានការបង្ហើបប្រាប់ថា ចំពោះទូរសព្ទឆ្លាត ដែលបានបំពាក់បន្ទះឈីបទាំង 2 នេះ វាអាចនឹងមានតម្លៃប្រហាក់ប្រហែល ៤០ ម៉ឺនរៀល ឬអាចលើសនេះតិចតួចផងដែរ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង