ប្រភពមួយនិយាយថា iPhone 12 Series អាចនឹងមានសមត្ថភាពថតវីដេអូ 4K បានក្នុងកម្រិតដល់ទៅ 240FPS ឯណោះ​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

តាមរយៈដំណឹងបែកធ្លាយ ក៏ដូចជាភស្តុងតាង ដែលគេបានរកឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14 ជំនាន់សាកល្បង បានបង្ហាញថា iPhone 12 និង iPhone 12 Max នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ខណៈដែល iPhone 12 Pro និង iPhone 12 Pro Max នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ គួបផ្សំជាមួយសេនស័រ LiDAR Scanner 1 គ្រាប់។ 

ដោយឡែកកាលពីម្សិលមិញនេះ YouTuber ល្បីឈ្មោះ Filip Koroy ដែលគេស្គាល់ថាជាម្ចាស់ YouTube Channel “EverythingApplePro” និងកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយ Max Weinbach បាននិយាយថា តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS 14 ជំនាន់សាកល្បង ដែលពួកគេបានរកឃើញកាលពីពេលថ្មីៗនេះ បានបង្ហាញថា iPhone 12 Series បានភ្ជាប់មកជាមួយជម្រើសថតវីដេអូថ្មីចំនួន 2 ក្នុងនោះមានដូចជា ការថតវីដេអូ 4K ក្នុងកម្រិត 120FPS និងការថតវីដេអូ 4K ក្នុងកម្រិត 240FPS។ ជាងនេះទៀត ប្រភពខាងលើដដែលនេះ ក៏បានជឿថា ការថតវីដេអូ 4K ក្នុងកម្រិត Frame Rate ខ្ពស់បំផុត អាចនឹងកើតមានឡើងតែនៅលើ iPhone 12 Pro និង 12 Pro Max ប៉ុណ្ណោះ។ 

គួរបញ្ជាក់បន្តិចផងថា iPhone 11 Series ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ននេះ អាចថតវីដេអូ 4K បានក្នុងកម្រិត 60FPS តែប៉ុណ្ណោះ។ អញ្ចឹងបើដំណឹងខាងលើនេះ គឺជាការពិតមែននោះ មានន័យថា ក្រុមហ៊ុន Apple ចង់ឲ្យសមត្ថភាពថតវីដេអូនៅលើ iPhone ជំនាន់ថ្មីរបស់ខ្លួន កាន់តែខ្លាំងជាងមុនថែមមួយកម្រិតទៀត។ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា iPhone 12 Series នឹងមានសមត្ថភាពថតវីដេអូ 4K បានក្នុងកម្រិត Frame Rate ខ្ពស់ជាង iPhone ជំនាន់មុនៗ ព្រោះថា iPhone 12 Series ទទួលបានជំនួយពីបន្ទះឈីបលំដាប់កំពូល A14 ទំហំ 5nm។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ?   

ដោយ​ ៖ EverythingApplePro
អត្ថបទទាក់ទង