ហ្គេម CoD: Warzone ជាមួយវគ្គលេងបាន 200 នាក់ នឹងដាក់អោយលេងនៅថ្ងៃនេះហើយ​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

ប្រសិនបើប្រិយមិត្ត ជាអ្នកនិយមចូលចិត្តលេងហ្គេម Call of Duty: Warzone ថ្មីនេះ តាំងពីពេលចេញអោយលេងដំបូងមក នោះប្រាកដជាបានដឹងរួចមកហើយថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន Activision បានអនុញ្ញាតអោយយើងអាចលេងបែប Solo និងលេងលក្ខណៈជាក្រុមបានចំនួន 4 នាក់ផងដែរ។ ជាក់ស្ដែង Call of Duty: Warzone មានវគ្គ Battle Royale ដែលអនុញ្ញាតអោយអ្នកលេងអាចបានចំនួនដល់ 150 នាក់។

ដោយឡែក រហូតមកដល់ពេលនេះ ក្រុមហ៊ុន Activision បានធ្វើការប្រកាសជាផ្លូវការថា ខ្លួននឹងបន្ថែមអោយអ្នកលេង អាចចូលលេងបានកាន់តែច្រើនជាងមុនថែមទៀត ក្នុងមួយវគ្គ ដែលបានបង្កើនពី 150 នាក់ ដល់ទៅ 200 នាក់ឯណោះ។ ជាការពិតណាស់ បើយោងទៅតាមរូបភាពថ្មីមួយ ដែលបង្ហោះដោយ Activision ផ្ទាល់ គឺបានបង្ហាញអោយយើងឃើញអំពី លក្ខណៈកែប្រែថ្មីជាមួយនឹងវគ្គ Battle Royale ដោយបានអនុញ្ញាតអោយយើងអាចលេងបានដល់ 200 នាក់ ជាមួយរយៈពេលមានកំណត់ទៀតផង។ មិនខុសនោះទេ Activision នឹងបញ្ចេញកំណែអាប់ដេតថ្មី ដើម្បីដាក់អោយលេងវគ្គ Battle Royale ជាមួយចំនួនមនុស្ស 200 នាក់ក្នុងមួយវគ្គ ក្នុងថ្ងៃនេះហើយ នៅវេលាម៉ោង 1:00 PM សម្រាប់ម្ចាស់ហ្គេម Call of Duty: Warzone ទាំងអស់។ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពថ្មីនេះរួច ហើយអ្នកចូលទៅលេង នៅក្នុង Lobby នៃមនុស្ស 200 នាក់ ដែលអ្នកនឹងត្រូវប្រកួតប្រជែងជាមួយក្រុម 49 ផ្សេងទៀត ដែលធ្វើអោយហ្គេម Call of Duty: Warzone កាន់តែមានភាពទាក់ទាញថែមទៀត។

ដូច្នេះ សម្រាប់អ្នកមានកុំព្យូទ័រ ហើយមានចំណាប់អារម្មណ៍ ទៅលើហ្គេមបាញ់ប្រហារថ្មីមួយនេះ អាចចូលទៅវេបសាយ Battle.net ដើម្បីទាញយកវាមកលេងបាន។ អញ្ចឹង នេះគឺជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តណានិយមចូលចិត្តលេងហ្គេមបាញ់ប្រហារបែប Battle Royale ព្រោះថាលោកអ្នកអាចលេងជាមួយមនុស្សដល់ទៅ 200 នាក់ឯណោះ ក្នុងមួយវគ្គ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង