វេបសាយ Netflix លើ Safari ដើរដោយ macOS Big Sur អាចគាំទ្រកម្រិតបង្ហាញដល់ 4K HDR និងបច្ចេកវិទ្យា Dolby Vision ហើយ​
ដោយ​ ៖ គាលី | 5 ថ្ងៃមុន SHARE

 

ប្រិយមិត្តដែលជាអ្នកគាំទ្រស្លាកយីហោ Apple ប្រាកដជាបានដឹងហើយ ទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ macOS ជំនាន់ទី 11.0 ចុងក្រោយ ហៅថា macOS Big Sur ជាកំណែអាប់ដេតធំបំផុតមួយ សម្រាប់ឆ្នាំ 2020 នេះ ដែលបានកែលម្អទៅលើការឌីហ្សាញផ្ទៃប្រើប្រាស់ និង Widgets ថ្មីៗ ស្រដៀងគ្នានឹង iOS 14 ឬ iPadOS 14 ព្រមទាំងមុខងារមួយចំនួនផ្សេងទៀត។ ជាពិសេសនោះ កម្មវិធី Safari ក៏ជាចំណុចផ្ដោតសំខាន់ដ៏ធំមួយ សម្រាប់កំណែអាប់ដេត macOS Big Sur នេះដែរ។

ពិតមែនណាស់ សម្រាប់កំណែអាប់ដេតថ្មីនេះ Apple បានបន្ថែមមុខងារថ្មីៗជាច្រើន ទៅឲ្យអ្នកប្រើប្រាស់ Mac ដោយក្នុងចំណោមនោះ វាបានបន្ថែមសមត្ថភាពដល់ Safari ឲ្យកាន់តែសម្បូរបែបជាងមុនថែមទៀត។ ហើយមូលហេតុដែល អ្នកប្រើប្រាស់កុំព្យូទ័រ Mac ទាំងអស់ មិនអាចមានលទ្ធភាពទស្សនាវីដេអូ 4K នៅក្នុង Netflix បាន ក៏ព្រោះតែកុំព្យូទ័រ Mac ពឹងផ្អែកទៅលើកូដ HEVC សម្រាប់បម្លែងឯកសារវីដេអូ 4K ខណៈដែលវេបសាយ Netflix ប្រើកូដមួយផ្សេង សម្រាប់បម្លែងឯកសារវីដេអូ 4K ជាហេតុដូច្នេះហើយធ្វើឲ្យពួកវាមិនស៊ីគ្នា។ យ៉ាងណាមិញ ចំពោះបញ្ហាមួយនេះ ក៏ត្រូវបានដោះស្រាយ នៅលើកំណែអាប់ដេត macOS Big Sur ហើយ ព្រោះថាបើយោងទៅតាមអ្នកប្រើប្រាស់មួយចំនួន បានបង្ហាញឲ្យយើងឃើញថា បន្ទាប់ពីពួកគេបានអាប់ដេតទៅកាន់ macOS Big Sur ជំនាន់សាកល្បង នៅលើកុំព្យូទ័រ Mac របស់ពួកគេ ក៏ចាប់ផ្តើមអាចទស្សនាខ្សែភាពយន្តផ្សេង នៃវេបសាយ Netflix ក្នុង Safari ជាមួយកម្រិតបង្ហាញ 4K តែម្តង។ ស្របគ្នាផងដែរនោះ បច្ចេកវិទ្យា Dolby Vision និង HDR10 អាចដំណើរការបានដូចគ្នា ដែលនឹងផ្តល់បទពិសោធន៍ទស្សនា កាន់តែមានពណ៌ដិតច្បាស់ត្រជាក់ភ្នែកមួយកម្រិតទៀត។

គួរឲ្យស្តាយ បើយោងតាមការបញ្ជាក់របស់ Apple បានឲ្យដឹងដែរថា យ៉ាងហោចណាស់ កុំព្យូទ័រ Mac ស៊េរីចាប់ពីឆ្នាំ 2018 ឡើងទៅ ទើបអាចគាំទ្រមុខងារទស្សនាវីដេអូ ក្នុងកម្រិតបង្ហាញ 4K High Dynamic Range នេះបាន សម្រាប់កម្មវិធី Netflix ក្នុង Safari ដូច្នេះ មានន័យថាម៉ាស៊ីន Mac ស៊េរីចាស់ៗ នៅតែបន្តទស្សនាវីដេអូ ក្នុង Netflix ត្រឹមកម្រិត 1080 ភិចសែលដដែល ទោះបីជាអាចធ្វើការអាប់ដេតឡើងទៅកាន់ macOS Big Sur ជំនាន់ថ្មីដូចគេឯងពិតមែនក៏ដោយ។ 

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង