ទូរសព្ទឆ្លាតលំដាប់កំពូលរបស់ Huawei នៅឆ្នាំក្រោយ អាចនឹងមិនប្រើប្រាស់ឈីបផ្ទាល់ខ្លួនទៀតនោះទេ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

ដូចយើងបានដឹងហើយថា កាលពីឆ្នាំមុននេះ Huawei បានក្លាយជាក្រុមហ៊ុនមួយ ត្រូវបានសហរដ្ឋអាមេរិកចាត់ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ហើយចាប់ពីពេលនោះមក Huawei ក៏កាន់តែពិបាក ក្នុងការសហការគ្នាជាមួយក្រុមហ៊ុនអាមេរិកជាច្រើន ដែលសុទ្ធសឹងតែជាដៃគូសំខាន់ៗរបស់ខ្លួន។ ជាក់ស្ដែងថ្មីៗនេះ អាមេរិកកាន់តែបន្តដាក់គំនាមលើ Huawei បន្ថែមទៀត តាមរយៈក្រុមហ៊ុនផលិតឈីប TSMC ដែលធ្វើ Huawei ត្រូវស្វែងរកក្រុមហ៊ុនផលិតឈីបផ្សេងទៀត ដើម្បីបន្តគម្រោងរបស់ខ្លួននៅឆ្នាំក្រោយ ប៉ុន្តែបើតាមដំណឹងថ្មីពេលនេះ បានឲ្យដឹងថា ទូរសព្ទឆ្លាតលំដាប់កំពូលរបស់ Huawei សម្រាប់ឆ្នាំក្រោយ គឺអាចនឹងមិនប្រើឈីបផ្ទាល់ខ្លួននោះទេ។

បើតាមការបែកធ្លាយធ្លាយចេញពី អ្នកដែលធ្វើការក្នុងរោងចក្ររបស់ Huawei ដែលបានបង្ហោះនៅតាមបណ្ដាញសង្គម Weibo បានបញ្ជាក់ឲ្យដឹងថា ទូរសព្ទឆ្លាតលំដាប់កំពូលរបស់ Huawei សម្រាប់ឆ្នាំ 2021 នោះ គឺអាចនឹងប្រើប្រាស់ឈីប 5nm របស់ក្រុមហ៊ុនផ្សេង មិនមែនឈីបរបស់ខ្លួនទៀតនោះទេ ហើយក្រុមហ៊ុនដែលមានភាគរយច្រើនថា Huawei អាចនឹងសហការជាមួយនោះ គឺទំនងជា MediaTek ហ្នឹងឯង។ សម្រាប់មូលហេតុ ដែល Huawei អាចនឹងធ្វើបែបនេះនោះ គឺទំនងជាដោយសារតែក្រុមហ៊ុននេះ មិនអាចរកក្រុមហ៊ុនផលិតឈីបណាមួយ ដើម្បីសហការគ្នាផលិតឈីបរបស់ខ្លួនបានឡើយ ព្រោះជាក់ស្ដែងមានដំណឹងថា សូម្បីតែ SMIC ដែលជាក្រុមហ៊ុនផលិតឈីបរបស់ចិននោះ ក៏មិនអាចជួយ Huawei បានដែរ (អាចដោយសារតែ SMIC ប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក)។ 

គួរបញ្ជាក់ដែរថា អ្វីដែលបង្ហាញខាងលើ គឺសំដៅតែទៅលើឈីបដែល Huawei នឹងប្រើប្រាស់នៅក្នុងឆ្នាំក្រោយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ Huawei នៅតែអាចធ្វើការសហការគ្នាជាមួយ TSMC បានដដែល ក្នុងការផលិតឈីបរបស់ខ្លួន ដែលត្រូវបានគេរំពឹងថាជា Kirin 1000 ឬ Kirin 1020 នេះ ទៅតាមកាលវិភាគដែលគេបានកំណត់ ព្រោះថាមានរបាយការណ៍មួយបញ្ជាក់ថា TSMC នៅតែអាចធ្វើការផលិតឲ្យ Huawei រហូតទាល់តែដល់ខែកញ្ញាខាងមុខ ហើយវាក៏ជាពេលវេលារួចរាល់ល្មម សម្រាប់គម្រោងឈីបរបស់ Huawei នោះ ក៏ដូចជាអាចមិនធ្វើឲ្យមានផលប៉ះពាល់ ដល់ពេលវេលាប្រកាសចេញ Huawei Mate 40 Series ឡើយ។

យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំក្រោយនេះ បើសិនជា Huawei អាចនឹងធ្វើការទិញយកឈីបរបស់ក្រុមហ៊ុនដទៃទៀត មកប្រើប្រាស់លើទូរសព្ទឆ្លាតរបស់ខ្លួនមែន ហេតុនេះជម្រើសល្អបំផុតរបស់គេគឺមានតែ MediaTek និង Samsung ប៉ុណ្ណោះ ចំណែកឯ Qualcomm វិញ គឺមិនអាចទៅរួចនោះទេ បើទោះជា Huawei ចង់ទិញឈីបពីក្រុមហ៊ុននេះក៏ដោយ ព្រោះថានេះជាក្រុមហ៊ុនអាមេរិកហ្នឹងឯង។ អញ្ចឹងហើយ បើតាមដំណឹងថ្មីដែលគេបានបង្ហាញ នៅក្នុងពេលនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា ទូរសព្ទឆ្លាតត្រកូល P និងត្រកូល Mate របស់ Huawei នៅឆ្នាំក្រោយនេះ អាចនឹងប្រើប្រាស់ឈីបរបស់ក្រុមហ៊ុនដទៃទៀត ហើយសម្រាប់ក្រុមហ៊ុនដែល Huawei អាចនឹងសហការនោះ គឺមិនទាន់មានប្រភពណាមួយ បញ្ជាក់ច្បាស់ការនោះទេ ប៉ុន្តែភាគរយច្រើនគឺអាចជា MediaTek នេះតែម្ដង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង