ប្រភពមួយបង្ហាញថា Xbox Series S នឹងបង្ហាញខ្លួនជាផ្លូវការក្នុងខែសីហាខាងមុខ​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

កាលពីប៉ុន្មានសប្ដាហ៍មុននេះ យើងទទួលបានដំណឹង ក៏ដូចជាភស្តុតាងមួយចំនួន បានចង្អុលបង្ហាញថា ម៉ាស៊ីនហ្គេមជំនាន់ថ្មី Xbox Series របស់ក្រុមហ៊ុន Microsoft បានចុះកម្មសិទ្ធិបញ្ញា ដែលវាអាចនឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងពេលខាងមុខនេះ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រដ៏ល្បីឈ្មោះ The Verge យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងទៀត និយាយពាក់ព័ន្ធទៅនឹងម៉ាស៊ីនហ្គេម Xbox ដែលអាចមានឈ្មោះថា Xbox Series S ផងដែរ។

ពិតប្រាកដណាស់ បើយោងទៅតាម ឯកសារលេចធ្លាយរបស់ក្រុមហ៊ុន Microsoft ត្រូវបានគេប្រទះឃើញកន្លងទៅនេះ បានបង្ហាញថាម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Xbox ត្រូវបានចុះកម្មសិទ្ធិបញ្ញារួចរាល់ហើយ។ ដោយឡែក ឥឡូវនេះ មានពាក្យចចាមអារ៉ាមបានលើកឡើងថា ម៉ាស៊ីនហ្គេម Xbox Series S ជំនាន់ថ្មីនេះ នឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែសីហា ខាងមុខនេះហើយ។ លើសពីនេះទៅទៀត ប្រភពព័ត៌មានដដែល ក៏បានចង្អុលបង្ហាញថា Xbox Series S ទំនងជាមានទំហំតូចជាង Xbox Series X ឬមានតម្លៃទាបជាង ក៏អាចថាបាន។ សម្រាប់មូលហេតុវិញនោះ គឺដោយសារតែវា ប្រហែលជាគ្មានកន្លែងដាក់ឌីសនោះទេ ព្រោះតែវាជាប្រភេទឌីជីថលសុទ្ធ ហើយអ្វីៗគ្រប់យ៉ាងទាំងហ្គេម ឬ ខ្សែភាពយន្ដ ត្រូវការទាញយកពីអ៊ីនធឺណិត។

ចំពោះកម្លាំងម៉ាស៊ីនវិញ Xbox Series S អាចនឹងត្រូវបានប្រើប្រាស់ CPU ដូចគ្នាទៅនឹង Xbox Series X អញ្ចឹងដែរ ប៉ុន្តែវាអាចមាន RAM ទំហំ 7.5GB ខណៈពេលដែល Xbox Series X មាន RAM ទំហំ 13.5GB ឯណោះ។ នេះអាចជាជំហានបន្ទាប់របស់ Microsoft សម្រាប់ការតេស្ដលើម៉ាស៊ីនហ្គេម Xbox ដែលមិនត្រូវការដាក់ឌីសលេងទៀតនោះទេ ដែលវាអាចដូចគ្នានឹង Xbox One S “All Digital Edition” បានចេញលក់ កាលពីពាក់កណ្ដាលឆ្នាំមុន អញ្ចឹងដែរ។ ដូច្នេះ យើងនឹងរង់ចាំមើល ព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីបានដឹងអំពីលក្ខណៈសម្បត្តិ ក៏ដូចជារូបរាងរបស់ Xbox Series S នេះ កាន់តែច្បាស់។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង