នេះជាពិន្ទុធ្វើតេស្ដពី Benchmark លើកដំបូងរបស់ Mac ដើរលើស៊ីភីយូប្រភេទ ARM របស់ Apple ដោយផ្ទាល់​
ដោយ​ ៖ ឡេង | 3 ថ្ងៃមុន SHARE

 

ជាការពិតណាស់ Apple ពិតជាបានធ្វើការសម្រេចចិត្ត លែងប្រើប្រាស់ស៊ីភីយូរបស់ Intel តទៅទៀតមែន ដោយបានប្ដូរទៅប្រើស៊ីភីយូរបស់ខ្លួនឯងវិញ ចាប់ពីពេលចុងឆ្នាំនេះតទៅ ប៉ុន្ដែពួកគេបានបញ្ជាក់ប្រាប់ថា នឹងត្រូវការរយៈពេលប្រមាណជាង 2 ឆ្នាំ ទើបអាចប្ដូរផ្លាស់ទាំងស្រុងអស់បាន។ ខណៈពេលដែល Apple បានផ្ញើកុំព្យូទ័រ Mac Mini ទៅឲ្យក្រុមអ្នកអភិឌ្ឍន៍កម្មវិធីនានា ដើម្បីរៀបចំកម្មវិធីរបស់ពួកគេ ឲ្យដំណើរការជាមួយស៊ីភីយូថ្មីនេះ ជាបណ្ដើរៗហើយ ក៏ឃើញមានអ្នកយកទៅធ្វើតេស្ដពិន្ទុលើ Benchmarks ថែមទៀតផង។

បើយោងទៅតាមការធ្វើតេស្ដកម្លាំងម៉ាស៊ីននេះ គឺបានដាក់បង្ហាញឲ្យឃើញថា វាទទួលបានពិន្ទុ Single Core ខ្ទង់ចំនួន 833 ពិន្ទុ ជាមួយកម្មវិធី Geekbench v5 និងមានពិន្ទុ Multi-Core ទទួលបានខ្ទង់ចំនួន 2582 ពិន្ទុផងដែរ ដោយយកទៅប្រៀបធៀបជាមួយ MacBook Air 2020 (ជម្រើសកម្លាំងម៉ាស៊ីនដើម) គឺទទួលបាន 1005 ពិន្ទុលើ Single-Core និងបាន 2016 ពិន្ទុលើ Multi-Core ផងដែរ។ ហេតុដូច្នេះហើយ នេះពិតជាបញ្ជាក់ឲ្យបានដឹងថា កុំព្យូទ័របំពាក់ស៊ីភីយូប្រភេទ ARM របស់ Apple ផ្ទាល់ គឺមានកម្លាំងប្រហាក់ប្រហែលនឹង MacBook Air ស៊េរីឆ្នាំ 2020 នេះដែរ ព្រមទាំងអាចកើនពិន្ទុខ្ពស់ជាងនេះទៀត នៅពេលអភិឌ្ឍន៍រួចស្រេច និងដាក់លក់ជាផ្លូវការ ក្នុងពេលខាងមុខនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ការធ្វើតេស្ដកម្លាំងនេះ បានចង្អុលបង្ហាញថា វារត់នៅលើម៉ាស៊ីនត្រឹមតែ 4 Cores ប៉ុណ្ណោះ ខណៈពេលដែលឈីប A12Z មានដល់ទៅ 8 Cores ដែលមាន Core ចំនួន 4 សម្រាប់បញ្ចេញកម្លាំងខ្លាំង ហើយ Core ចំនួន 4 ទៀត សម្រាប់ជួយសន្យំថាមពល នៅលើ iPad Pro ជំនាន់ចុងក្រោយ។

គួរបញ្ជាក់ឲ្យដឹងផងថា នេះគ្រាន់តែជាកុំព្យូទ័រ Mac Mini ប្រភេទ Developer Transition Kit នោះទេ ដោយវាសម្រាប់ឲ្យក្រុមអ្នកអភិវឌ្ឍន៍នានា ធ្វើការតេស្ដកម្មវិធីរបស់ពួកគេ នៅលើស៊ីភីយូថ្មីមួយនេះ ដោយមិនទាន់ត្រូវបានសម្រេចថា វាជាម៉ាស៊ីនកុំព្យូទ័រ ដែលនឹងដាក់លក់លើទីផ្សារនៅឡើយទេ។ យ៉ាងណាមិញ អ្នកវិភាគជំនាញម្នាក់ លោក Ming-Chi Kuo បានលើកឡើងមកថា MacBook Pro 13.3 អ៊ីញស៊េរីថ្មី ជាមួយនឹងស៊ីភីយូប្រភេទ ARM របស់ Apple អាចនឹងត្រៀមចេញនៅចុងឆ្នាំនេះហើយ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង