iPad 10.8 អ៊ីញ អាចនឹងចេញលក់នៅចុងឆ្នាំនេះ ចំណែកឯ iPad Mini 8.5 អ៊ីញ អាចនឹងចេញលក់នៅឆ្នាំក្រោយ​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងសង្កេតឃើញថា Apple តែងតែមានឈ្មោះនៅលើគេហទំព័រល្បីៗ មូលហេតុនោះក៏ព្រោះតែពួកគេទើបតែបានប្រកាសចេញសមិទ្ធិផលថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍ដ៏ធំ WWDC ដែលបានធ្វើកាលពីជាង 1 សប្តាហ៍មុន។ ជាងនេះទៀត ដំណឹងបែកធ្លាយពាក់ព័ន្ធទៅនឹង iPhone 12 Series ក៏បានចូលរួមចំណែកធ្វើឲ្យ Apple មានឈ្មោះនៅលើគេហទំព័រ ក៏ដូចជាបណ្តាញសង្គមល្បីៗជាបន្តទៀតផងដែរ។ 

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ MacRumors យើងក៏ទទួលបានរបាយការណ៍ថ្មីមួយផ្សេង និយាយទាក់ទងទៅនឹងក្រុមហ៊ុន Apple ផងដែរ។ បើយោងទៅតាមការបញ្ជាក់របស់កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងធ្វើការបញ្ចេញលក់ iPad 10.8 អ៊ីញ នៅក្នុងអំឡុងចុងឆ្នាំ 2020 នេះតែម្តង។ លើសពីនេះ លោក Ming-Chi Kuo ក៏បានបន្តទៀតថា Apple ក៏មានគម្រោងធ្វើការបញ្ចេញលក់ iPad Mini 8.5 អ៊ីញ នៅក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2021 ខាងមុខនេះ ផងដែរ។ ម៉្យាងវិញទៀត ប្រភពខាងលើដដែលនេះ ក៏បានបន្ថែមទៀតថា iPad 10.8 អ៊ីញ និង iPad Mini 8.5 អ៊ីញ អាចនឹងភ្ជាប់មកជាមួយឆ្នាំងសាកល្បឿនលឿនកម្លាំង 20W នៅក្នុងប្រអប់ស្រាប់តែម្តង។ 

ផ្អែកទៅតាមដំណឹង ដែលយើងទទួលបានកន្លងមក បាននិយាយថា iPad Mini 8.5 អ៊ីញ អាចនឹងបំពាក់មកជាមួយបន្ទះបង្ហាញ mini-LED ក៏ដូចជាប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14 ទំហំ 5nm គួបផ្សំជាមួយជម្រើស RAM ទំហំ 4GB និងជម្រើសអង្គផ្ទុកទិន្នន័យចាប់ពី 128GB ឡើងទៅផងដែរ។ កាន់តែចាប់អារម្មណ៍ថែមទៀតនោះ iPad Mini 8.5 អ៊ីញ ក៏ត្រូវបានគេជឿថា នឹងមានរចនាបថរូបរាងស្រដៀងទៅនឹង iPad Pro ជំនាន់ថ្មី ថែមទៀតផង។            

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង