រូបភាព​លេចធ្លាយ​ថ្មី​មួយ​ទៀត​បង្ហាញ​ថា OnePlus Buds អាច​នឹង​មាន​ជម្រើស​ពណ៌ខ្មៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

កន្លងមកនេះ យើងធ្លាប់បានដឹងពីដំណឹងមួយចំនួនដែរ ទាក់ទងនឹងកាសឥតខ្សែប្រភេទ TWS របស់ OnePlus ហើយនៅក្នុងនោះ គេក៏ធ្លាប់បានបញ្ជាក់ថា វាអាចនឹងបង្ហាញវត្តមានជាមួយគ្នានឹង OnePlus Nord នៅក្នុងអំឡុងខែក្រោយនេះថែមទៀតផង។ ខណៈឯពេលនេះវិញ ដំណឹងលេចធ្លាយថ្មីមួយទៀត ដែលនិយាយពីកាសឥតខ្សែរបស់ OnePlus នោះ គឺទើបតែត្រូវបានគេបង្ហាញបន្ថែមទៀត ដោយលើកនេះ គឺមានបង្ហាញពីរូបរាងរបស់វាច្បាស់ជាងមុន ថែមទាំងប្រាប់ឲ្យយើងដឹង ពីជម្រើសពណ៌មួយ ដែលអាចនឹងមាននៅលើកាសនោះថែមទៀតផង។

មិនខុសទេ បើតាមការបង្ហោះនៅតាមបណ្ដាញសង្គម Twitter ចេញពីអ្នកចែកចាយដំណឹងបែកធ្លាយម្នាក់ឈ្មោះ Max J នោះ បានធ្វើការបង្ហាញឲ្យដឹងថា OnePlus Buds អាចនឹងភ្ជាប់មកជាមួយជម្រើសពណ៌ខ្មៅទៀតផង ហើយនៅក្នុងរូបភាពនោះ យើងក៏ឃើញថា វាមានរចនាមកជាមួយស្ទាយឆ្នូតក្រហមរាងរង្វង់ ក៏ដូចជាមានម៉ូតលើតួខ្លួន ខុសពីរូបភាពលេចធ្លាយលើកមុន ដែលធ្វើឲ្យលើកនេះ យើងមើលទៅមិនសូវស្រដៀងនឹង AirPods ដូចមុនប៉ុន្មានទៀតនោះទេ។ សម្រាប់ចំណុចផ្សេងទៀត ដែលយើងឃើញ គឺប្រអប់របស់វា មានរូបរាងប្លែកម្យ៉ាង ហើយក៏មានភ្លើង LED តូចពណ៌បៃតងមួយ នៅចំកណ្ដាល ខណៈពេលដែលលក្ខណៈសម្បត្តិផ្សេងទៀតនោះ គឺយើងមិនទាន់ដឹងនោះទេ ព្រោះថាបុគ្គលខាងលើ មិនបានបញ្ជាក់ប្រាប់នោះឡើយ។ គួរបញ្ជាក់ដែរថា បើតាមការរំពឹងទុកកាលពីលើកមុន បានបញ្ជាក់ឲ្យដឹងថា OnePlus Buds អាចនឹងភ្ជាប់មកជាមួយមុខងារប៉ះពីរដង ដើម្បីបញ្ជាកម្មវិធីផ្សេងៗ, មុខងារ “Find My” សម្រាប់ស្វែងរកកាស នៅពេលវាបាត់ ថែមទាំងអាចធ្វើការអាប់ដេត តាមរយៈ OTA ថែមទៀតផង។ 

ក្រៅពីនេះទៀត ដូចបានបង្ហាញនៅខាងលើអញ្ចឹងថា កាសឥតខ្សែប្រភេទ TWS ជំនាន់ដំបូងរបស់ OnePlus ទំនងជានឹងត្រូវបង្ហាញខ្លួន នៅក្នុងខែកក្កដាខាងមុខនេះ ជាមួយគ្នានឹងទូរសព្ទឆ្លាតលំដាប់ថវិការបស់គេដែរ ពោលគឺ OnePlus Nord ហ្នឹងឯង។ និយាយរួមមកវិញ ដូចបានបញ្ជាក់នៅខាងលើថា បើតាមរូបភាពថ្មីទើបបែកធ្លាយនោះ គឺកាសឥតខ្សែ OnePlus Buds អាចនឹងមានជម្រើសពណ៌ខ្មៅ ជាមួយការរចនាម៉ូតតួខ្លូនឲ្យប្លែកបន្តិច ជាពិសេសគឺមានខ្សែឆ្នូតពណ៌ក្រហមរាងរង្វង់នោះតែម្ដង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង