Redmi K40 អាចនឹងប្រើប្រាស់ឈីប Dimensity 1000+ ជាមួយការគាំទ្រអេក្រង់ 120Hz​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ស្របពេលដែលក្រុមហ៊ុន MediaTek ប្រកាសចេញជាផ្លូវការនូវបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ខ្លួន គឺ Dimensity 1000+ បានជាងមួយខែមក ស្រាប់តែពេលនេះ ក៏មានរបាយការណ៍ថ្មីមួយ លេចឡើងថា Redmi នឹងនាំយកវាមកបំពាក់លើកំពូលទូរសព្ទឆ្លាត ស្ថិតក្រោមត្រកូល K ជំនាន់ថ្មីមួយម៉ូឌែលទៀតរបស់ខ្លួនផងដែរ។ 

ជុំវិញទូរសព្ទឆ្លាតជំនាន់ក្រោយរបស់ Redmi ដែលនឹងបំពាក់ឈីប Dimensity 1000+ នោះ ត្រូវបានគេសន្និដ្ឋានទុកមុនថា អាចមានឈ្មោះម៉ូឌែលថា Redmi K40 នឹងចូលខ្លួនមកបន្តតំណែងជំនួស Redmi K30 ទៀតផង។ បើនិយាយដល់ Redmi K40 យើងឃើញថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដំណឹងពាក់ព័ន្ធទៅនឹងវា ក៏ត្រូវបានលេចធ្លាយឡើងមកជាបន្តបន្ទាប់។ ជាក់ស្តែង ដូចឥឡូវនេះផ្ទាល់ តាមរយៈគណនី DigitalChatStation បានបង្ហាញសារជាថ្មីថា កំពូលទូរសព្ទឆ្លាត Redmi ជំនាន់ថ្មី អាចនឹងប្រើប្រាស់ឈីប Dimensity 1000+ ហើយថែមទាំង មានថាមពលថ្មទំហំ 4,500mAh ជាមួយការគាំទ្រអេក្រង់ LCD មានកម្រិត Refresh Rate 120Hz ផងដែរ។ លើសពីនេះ ប្រភពដដែល ក៏បានលើកឡើងថា ទូរសព្ទ Redmi ក្រោយនេះ ទំនងជាមិនមានបំពាក់មកជាមួយលេនទម្លុះអេក្រង់ ឬម៉ូតឆកដំណក់ទឹកទៀតទេ ពោលគឺវានឹងមានអេក្រង់លាតពេញតែម្តង ជាមួយម៉ូតកាមេរ៉ាមុខប្រភេទ Pop-Up ក៏ថាបានដែរ។ បើដូច្នេះមែននោះ វាគួរតែប្រើបច្ចេកវិទ្យាស្កេនម្រាមដៃ នៅផ្នែកចំហៀងនៃទូរសព្ទ។ 

មិនតែប៉ុណ្ណោះ នៅក្នុងវិញ្ញាបនបត្រ 3C ដែលបានចុះបញ្ជីក្នុងប្រទេសចិន បានបង្ហាញទៀតថា ទូរសព្ទឆ្លាតស៊េរីក្រោយរបស់ Redmi អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន មានកម្លាំង 33W ហើយត្រូវបានគេរំពឹងទុកថា វាអាចនឹងបង្ហាញខ្លួនជាផ្លូវការ នាអំឡុងខែកក្កដាខាងមុខនេះទៀតផង។ ដូច្នេះ តាមដែលសង្កេតមើលទៅ មិនខុសពីរាល់ដងនោះទេ សម្រាប់ពេលឆាប់ៗនេះ វាគួរតែនឹងមានការបញ្ជាក់ចេញពីក្រុមហ៊ុនផ្ទាល់តែម្តង។ 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង