ចំថ្ងៃនេះកាលពី 13 ឆ្នាំមុន iPhone ជំនាន់ដំបូងបង្អស់ ត្រូវបានដាក់លក់ជាផ្លូវការលើទីផ្សារ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2007 បើតាមពេលវេលានៅប្រទេសយើង ឬត្រូវនឹងថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2007 នៅឯសហរដ្ឋអាមេរិក គឺជាថ្ងៃដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានធ្វើការដាក់លក់ទូរសព្ទឆ្លាតស៊េរី iPhone ជំនាន់ដំបូងគេបង្អស់ជាផ្លូវការ។ ជាការពិតណាស់ រហូតមកដល់ពេលបច្ចុប្បន្ននេះ វាមានអាយុកាលប្រមាណ 13 ឆ្នាំមកហើយ ដោយវាព្រមទាំងមានភាពលេចធ្លោជាងគេ បើប្រៀបធៀបទៅនឹងទូរសព្ទដទៃទៀត កាលពីអំឡុងសម័យនោះ។

បើតាមការពិតទៅ Apple បានធ្វើការបង្ហើបប្រាប់ពីវត្តមានរបស់ iPhone ជំនាន់ដំបូង តាំងពីនៅថ្ងៃទី 9 ខែមករា ឆ្នាំ 2007 មកម្ល៉េះ ហើយបានធ្វើការបញ្ចេញជាផ្លូវការ ក្នុងថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2007 នៅឯសហរដ្ឋអាមេរិក ដោយលោក Steve Jobs ផ្ទាល់តែម្ដង។ វាជាទូរសព្ទកំពូលមួយ កាលពីអំឡុងជំនាន់នោះ ដែលមានអេក្រង់ថាច់ស្រ្គីនទំហំ 3.5 អ៊ីញ ហើយអាចបង្ហាញគុណភាពបានកម្រិត 320x480p (163ppi) ជាមួយនឹងកាមេរ៉ាទំហំ 2MP នៅពីខាងក្រោយផងដែរ។ សម្រាប់លក្ខណៈសម្បត្តិទាំងអស់នោះ គឺវាមានសមត្ថភាពខ្ពស់ជាងគេ ព្រមទាំងមានផ្ទៃប្រើប្រាស់ងាយស្រួលជាងគេ កាលពីអំឡុងឆ្នាំ 2007 នោះ ហើយក៏ចាប់ផ្ដើមទទួលបាន ប្រជាប្រិយភាពខ្លាំង តាំងពីពេលនោះរហូតមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា iPhone ជំនាន់ដំបូងមានតម្លៃដល់ទៅ 499 ដុល្លារ សម្រាប់ជម្រើសអង្គផ្ទុកទិន្នន័យទំហំ 4GB ហើយសម្រាប់ជម្រើសអង្គផ្ទុកទិន្នន័យទំហំ 8GB គឺមានតម្លៃដល់ទៅ 599 ដុល្លារឯណោះ។

យ៉ាងណាមិញ វាគ្មានភ្ជាប់មកជាមួយ App Store ឬ 3G នោះទេ ដូច្នេះអ្នកប្រើប្រាស់មិនអាចទាញយកម្មវិធី ឬហ្គេមមកលេង ដូចនៅក្នុងសព្វថ្ងៃនេះឡើយ ប៉ុន្ដែវាមានភ្ជាប់ជាមួយកម្មវិធី YouTube មកស្រាប់ ហើយនិង Safari សម្រាប់បើកមើលវេបសាយ ជាដើម។ ចុះប្រិយមិត្តអ្នកអានវិញនោះ តើធ្លាប់បានប្រើប្រាស់ ឬចាប់កាន់ iPhone ជំនាន់ដំបូងគេបង្អស់នេះ កាលពីមុនមកឬនៅទេ?

ដោយ​ ៖ Apple
អត្ថបទទាក់ទង