Galaxy Note 20, Fold 2, Tab S7 និង Galaxy Z Flip 5G ទំនងជា​បំពាក់​ឈីប Snapdragon 865+ ដូច​ៗគ្នា​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

មួយរយៈចុងក្រោយនេះ យើងហាក់ដូចជាទទួលបានដំណឹងបែកធ្លាយច្រើនគួរសមដែរ ទាក់ទងនឹងទូរសព្ទឆ្លាត ក៏ដូចជាថេប្លេតជំនាន់ថ្មីរបស់ Samsung ពោលគឺក្នុងនោះរួមមានដូចជា Galaxy Note 20 Series, Galaxy Fold 2, Galaxy Tab S7 Series និងមួយទៀតគឺ Galaxy Z Flip 5G នេះតែម្ដង។ ដោយឡែកសម្រាប់ពេលនេះវិញ ដំណឹងបែកធ្លាយរបស់វា នៅតែបន្តកើតមាន ចេញពីបុគ្គលដដែល ដែលធ្លាប់បានបង្ហាញការលេចធ្លាយកន្លងមក ប៉ុន្តែលើកនេះ គេបញ្ជាក់យ៉ាងច្បាស់ថា ទូរសព្ទឆ្លាត និងថេប្លេតជំនាន់ថ្មីរបស់ Samsung ដូចមានរៀបរាប់ខាងលើនេះ គឺសុទ្ធតែបានបំពាក់មកជាមួយ ឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm ដូចៗគ្នា។

បើយោងទៅតាមដំណឹងលេចធ្លាយថ្មី ត្រូវបានបង្ហាញដោយប្រភពមួយ នៅតាមបណ្ដាញសង្គម Twitter ដែលយើងបានស្គាល់ថាជា Ice Universe នោះ នៅក្នុងការបង្ហាញថ្មីៗនេះ គាត់បានធ្វើការបញ្ជាក់ថា Galaxy Note 20 Series, Galaxy Fold 2, Galaxy Tab S7 Series និង Galaxy Z Flip 5G គឺអាចនឹងត្រូវប្រើប្រាស់ជាមួយឈីបជំនាន់ថ្មីរបស់ Qualcomm ដូចៗគ្នា និយាយឲ្យចំទៅគឺគាត់ប្រាប់ថា ជាឈីប Snapdragon 865+ នេះតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមដំណឹងកន្លងមក ធ្លាប់បានបញ្ជាក់ថា ក្នុងឆ្នាំនេះ Qualcomm អាចនឹងមិនមានចំណាប់អារម្មណ៍ ក្នុងការផលិតទ្រាយធំនៃឈីប Snapdragon 865+ នោះទេ ហេតុនេះធ្វើឲ្យមតិមួយចំនួនបានរំពឹងថា Samsung អាចនឹងប្រើប្រាស់ឈីបខាងលើ សម្រាប់តែក្នុងទីផ្សារមួយចំនួនប៉ុណ្ណោះ ខណៈពេលដែលទីផ្សារមួយចំនួនទៀត គឺអាចនឹងប្រើប្រាស់ឈីប Snapdragon 865 ធម្មតា ឬក៏អាចជាឈីប Exynos ជំនាន់ថ្មីរបស់ខ្លួនផ្ទាល់តែម្ដង។ 

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ យើងក៏ធ្លាប់បានឃើញព័ត៌មានជាច្រើន បានធ្វើការបង្ហាញ ពីរូបភាពបែកធ្លាយនៃឈីប Snapdragon 865+ ដែលត្រូវបានគេធ្វើតេស្តក្នុងកម្មវិធីដាក់ពិន្ទុ AnTuTu ដោយក្នុងនោះ បន្ទះឈីបលំដាប់កំពូលមួយនេះ អាចធ្វើការទាញយកពិន្ទុសរុបបានដល់ទៅ 667,253 ពិន្ទុឯណោះ ហើយសម្រាប់ផ្នែក CPU វាទទួលបានពិន្ទុសរុបចំនួន 184,973 ខណៈពេលដែលពិន្ទុផ្នែក GPU វាទទួលបានចំនួន 283,302, ពិន្ទុផ្នែក Memory ទទួលបានចំនួន 112,050 និងចុងក្រោយគេ វាទទួលបានពិន្ទុសរុបចំនួន 86,928 ទៅលើផ្នែក UX ផងដែរ។ មិនតែប៉ុណ្ណោះ មានរបាយការណ៍ផ្សេងទៀតបង្ហាញថា បន្ទះឈីប Snapdragon 865+ អាចនឹងមាន CPU ចំនួន 8 គ្រាប់ ដោយមួយគ្រាប់អាចធ្វើការ Clock Speed ដល់ 3.1GHz រីឯ 3 គ្រាប់ទៀតអាចរត់បានល្បឿន 2.4GHz និង 4 គ្រាប់ចុងក្រោយអាចរត់បានល្បឿន 1.8GHz ថែមទៀតផង។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង