គេហទំព័រ T-Mobile ហូល្លង់ បង្ហាញពីឈ្មោះរបស់ iPhone ឆ្នាំ 2020​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

តាមរយៈដំណឹងបែកធ្លាយ បាននិយាយថា នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Apple អាចនឹងធ្វើការប្រកាសចេញ iPhone 5G ចំនួនដល់ទៅ 4 ម៉ូឌែល។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ T-Mobile ហូល្លង់ យើងបានប្រទះឃើញភស្តុតាងថ្មីមួយផ្សេងទៀត ដែលធ្វើឲ្យយើងបានដឹងពីឈ្មោះរបស់ iPhone 5G ឆ្នាំ 2020 កាន់តែច្បាស់ជាងមុនថែមមួយកម្រិតទៀត។

ដោយនៅត្រង់ផ្នែក Accessories នៃគេហទំព័រ T-Mobile ហូល្លង់ បានបង្ហាញថា iPhone 5G ឆ្នាំ 2020 ត្រូវបានបែងចែកចេញជា 4 ម៉ូឌែល ដោយក្នុងនោះមានដូចជា iPhone 12, iPhone 12 Max, iPhone 12 Pro និង iPhone 12 Pro Max។ ដូច្នេះមានន័យថា iPhone 5G ឆ្នាំ 2020 អាចនឹងមានភាគរយច្រើនក្នុងការបង្ហាញខ្លួនមកក្រោមឈ្មោះថា iPhone 12 Series មែន។ ផ្អែកទៅតាមដំណឹង ដែលទទួលបានកន្លងមក បានបង្ហាញថា iPhone 12 និង iPhone 12 Max អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 5.4 អ៊ីញ និង 6.1 អ៊ីញ ជាប្រភេទ OLED ខណៈដែល iPhone 12 Pro និង iPhone 12 Pro Max អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.1 អ៊ីញ និង 6.7 អ៊ីញ ជាប្រភេទ OLED 10-Bit Color Depth។ ចំពោះកម្លាំងម៉ាស៊ីន iPhone 12 និង iPhone 12 Max អាចនឹងប្រើប្រាស់បន្ទះឈីប A14 ទំហំ 5nm គួបផ្សំជាមួយជម្រើស RAM ទំហំ 4GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB ខណៈដែល iPhone 12 Pro និង 12 Pro Max អាចនឹងប្រើប្រាស់បន្ទះឈីប A14 ទំហំ 5nm គួបផ្សំជាមួយជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB។

ចំណែកឯផ្នែកកាមេរ៉ាវិញ iPhone 12 និង iPhone 12 Max អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ខណៈដែល iPhone 12 Pro និង iPhone 12 Pro Max នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ គួបផ្សំជាមួយសេនស័រ LiDAR Scanner 1 គ្រាប់។ អញ្ចឹងសរុបមកវិញ ទាំងនេះអាចជាឈ្មោះ ក៏ដូចជាលក្ខណៈសម្បត្តិរបស់ iPhone 5G ឆ្នាំ 2020 ដែលត្រៀមនឹងប្រកាសចេញជាផ្លូវការ នាពេលប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលនេះ យើងក៏ទាន់អាចប្រាកដបានដែរថា ព័ត៌មានទាំងនេះគឺជាការពិតទាំងស្រុងនោះដែរ ដូច្នេះយើងមានតែរង់ចាំដានមើលទាំងអស់គ្នាជាបន្តទៀត។

ដោយ​ ៖ T-Mobile Netherland
អត្ថបទទាក់ទង