រដ្ឋាភិបាលឥណ្ឌាបានប្រកាសបិទកម្មវិធីចិនចំនួន 59 កម្មវិធីនៅក្នុងប្រទេសជាផ្លូវការ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

បន្ទាប់ពីបានប្រទះជម្លោះរវាងប្រទេសចិន និងប្រទេសឥណ្ឌា កាលពីប៉ុន្មានខែកន្លងទៅនេះ ក៏ធ្វើឲ្យកម្មវិធីរបស់ក្រុមហ៊ុនចិនជាច្រើនដល់ទៅ 59 កម្មវិធី ត្រូវបានហាមឃាត់លែងឲ្យប្រើប្រាស់ នៅប្រទេសឥណ្ឌាតទៅទៀតហើយ ចាប់ពីពេលបច្ចុប្បន្ននេះតទៅ។ ក្រសួងព័ត៌មានវិទ្យានៃប្រទេសឥណ្ឌា បានប្រកាសចេញច្បាប់ហាមឃាត់ថ្មីនេះ កាលពីពេលយប់ម្សិលមិញ ហើយបានចោទកម្មវិធីទាំងអស់នោះថា លួចលាក់ប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងធ្វើការបញ្ចូលទិន្នន័យ ដោយគ្មានសិទ្ធិអនុញ្ញាតនោះឡើយ។

ហាក់បីដូចជា សហរដ្ឋអាមេរិក បានធ្វើការហាមឃាត់ទៅលើក្រុមហ៊ុនចិន កាលពីពេលលើកមុនដែរ ដោយវាមានពាក់ព័ន្ធនឹងបញ្ហាខ្វះសុវត្ថិភាព ហើយប៉ះពាល់ដល់សន្ដិសុខជាតិ ថែមទៀតផង ក្រោយពីត្រូវបានគេរកឃើញថា លួចយកទិន្នន័យពីអ្នកប្រើប្រាស់ និងបញ្ចូលទៅកាន់ប្រទេសដើមវិញ។ ចំណែកឯកម្មវិធីរបស់ក្រុមហ៊ុនចិនទាំង 59 នោះ គឺរួមមានបញ្ចូលទាំងកម្មវិធីធំៗ កំពុងតែមានប្រជាប្រិយភាពខ្លាំងដូចជា TikTok, WeChat, Weibo, UC Browser, ហ្គេម Mobile Legends និងសូម្បីតែកម្មវិធីមួយចំនួនរបស់ Xiaomi ដូចជា Mi Community និង Mi Video Call ផងដែរ។ ជាការពិតណាស់ នេះអស់រយៈជាយូរណាស់មកហើយ ដែលប្រជាជនឥណ្ឌាភាគច្រើន បានស្នើសុំឲ្យរដ្ឋាភិបាលរបស់ខ្លួន ធ្វើការលុបកម្មវិធីចិនដូចជា TikTok ចេញពីប្រទេសរបស់ខ្លួន ដោយវាបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាតិ ខណៈពេលដែលយុវវ័យជាច្រើន តែងតែបានបង្ហោះវីដេអូមិនល្អនៅទីនោះ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចចូលអានសេចក្ដីសម្រេច នៅខាងក្រោមនេះបាន ដោយរួមមានទាំង បញ្ជីកម្មវិធីទាំងអស់របស់កម្មវិធីចិន ដែលត្រូវបានហាមឃាត់ក្នុងប្រទេសឥណ្ឌា។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចិនដែលបង្កើតកម្មវិធីទាំងនោះ គឺមិនទាន់បានឆ្លើយតប នឹងការហាមឃាត់នេះនៅឡើយទេ ប៉ុន្ដែយើងសង្ឃឹមថា នឹងអាចដឹងពីព័ត៌មានបន្ថែម ក្នុងពេលឆាប់ៗនេះទៅចុះ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះការហាមឃាត់នេះ? តើរដ្ឋាភិបាលឥណ្ឌាគួរនៅបន្ដហាមឃាត់ ឬក៏គួររំសាយវិញ?

ដោយ​ ៖ TNW
អត្ថបទទាក់ទង