Xiaomi កំពុង​តេស្ត​មុខងារ​គ្រប់គ្រង​សម្លេង​ថ្មីក្នុង MIUI 12 ដោយ​អាច​កំណត់​សម្លេង​លើ​កម្មវិធី​ជាច្រើន​បាន​ក្នុង​ពេល​តែមួយ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទឆ្លាតរបស់ Xiaomi ប្រហែលជាបានស្គាល់ច្រើនហើយ ពីស្បែក UI ជំនាន់ថ្មីរបស់ក្រុមហ៊ុនចិនមួយនេះ ពោលគឺ MIUI 12 ហ្នឹងឯង ដោយក្នុងនោះ គេក៏បានធ្វើការទម្លាក់កំណែអាប់ដេត ទៅកាន់ទូរសព្ទឆ្លាតក្នុងទីផ្សារសកល មួយចំនួនរួចដែរហើយ ជាក់ស្ដែងដូចជា Mi 9T Pro ជាដើម។ បើទោះជាបានចាប់ផ្តើម ទម្លាក់កំណែអាប់ដេតជាបណ្ដើរៗក៏ដោយ ប៉ុន្តែនៅក្នុងពេលនេះ Xiaomi នៅតែបន្តធ្វើការអភិវឌ្ឍន៍បន្ថែមមុខងារថ្មីៗមួយចំនួនទៀត ទៅកាន់ស្បែកមុខថ្មីនោះ ហើយដូចពេលនេះអញ្ចឹង MIUI 12 ជំនាន់សាកល្បងក្នុងប្រទេសចិន កំពុងតែតេស្តប្រើប្រាស់ លើមុខងារគ្រប់គ្រងសម្លេងថ្មីទៀតផង។

មិនខុសទេ ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង ក្នុងពេលនេះ មុខងារគ្រប់គ្រងសម្លេងថ្មីរបស់ Xiaomi ត្រូវបានគេឃើញមាន នៅក្នុង MIUI 12 ជំនាន់សាកល្បងសម្រាប់ប្រទេសចិន អ្វីដែលពិសេសនោះ មុខងារថ្មីនេះ វាមាននាទីអាចធ្វើការគ្រប់គ្រង ឬកំណត់កម្រិតសម្លេង ទៅលើកម្មវិធីជាច្រើនបាននៅក្នុងពេលតែមួយ ដោយគេហៅថា Sound Assistant ថែមទៀតផង។ បើនិយាយដូចខាងលើនេះ អ្នកទាំងអស់គ្នាប្រហែលជា មិនទាន់យល់ច្បាស់នោះទេ ហេតុនេះសូមបញ្ជាក់បន្ថែមថា មុខងារគ្រប់គ្រងសម្លេងថ្មីនេះ គឺមានសារៈសំខាន់ នៅក្នុងពេលដែលយើងបើកដំណើរការ កម្មវិធីច្រើនក្នុងពេលតែមួយ ជាក់ស្ដែងដូចជាពេលដែល អ្នកប្រើប្រាស់មុខងារ Split Screen ឬមួយក៏មុខងារ Floating Window នៅលើ MIUI 12 នេះតែម្ដង ព្រោះថាវាអាចឲ្យអ្នកកំណត់សម្លេងនៅលើ ផ្ទាំងកម្មវិធីទាំងពីរនោះ បានដាច់ដោយឡែកពីគ្នា និងនៅក្នុងពេលតែមួយ ថែមទាំងមានរូប Icon បញ្ជាក់ពីកម្រិតសម្លេងលើកម្មវិធីទាំងប៉ុន្មាន ដែលបានបញ្ចេញសម្លេង ពេលយើងកំពុងបើកទៀតផង (ដូចក្នុងរូបភាពខាងក្រោម)។ លើសពីនេះទៅទៀតនោះ លើកនេះ Xiaomi ក៏បានបើកឲ្យអ្នកប្រើប្រាស់ ជំនាន់សាកល្បងនោះ អាចធ្វើការបិទមុខងារ ដែលធ្វើឲ្យមានការបន្ថយសម្លេង នៅពេលមានសារដំណឹង ក៏ដូចជាមិនបញ្ឈប់បទចម្រៀងទៀតទេ នៅពេលដែលគេបើកចូល ទៅក្នុងកម្មវិធីមួយផ្សេងទៀត ដែលមានសម្លេងដែរ។

នៅក្នុងនោះ ដើម្បីធ្វើការបើកដំណើរការមុខងារ Sound Assistant អ្នកប្រើប្រាស់ត្រូវចូលទៅក្នុង Sound & Vibration បន្ទាប់មកចុចលើ Icon Music មានរាងមូល នៅក្បែរគ្នានឹង Options ផ្សេងៗទៀត ប៉ុន្តែក៏សូមបញ្ជាក់ថា របាកំណត់កម្រិតសម្លេង ដែលមានបង្ហាញពី Icon កម្មវិធីផ្សេងៗនោះ គឺវាដំណើរការតែលើកម្មវិធីណា ដែលមានសម្លេងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ដូចបានបញ្ជាក់នៅខាងលើរួចហើយដែរថា ពេលនេះមុខងារ Sound Assistant គឺកំពុងស្ថិតក្នុងការប្រើប្រាស់សាកល្បងលើ MIUI 12 នៅឡើយទេ ដូច្នេះហើយវាមិនទាន់មាន សម្រាប់អ្នកប្រើប្រាស់ទូទៅឡើយ ប៉ុន្តែគេក៏បានរំពឹងថា Xiaomi នឹងធ្វើការទម្លាក់មុខងារនេះ ទៅកាន់ទូរសព្ទឆ្លាតរបស់ខ្លួនលើទីផ្សារសកល ដែលប្រើស្បែក MIUI 12 នៅក្នុងពេលឆាប់ៗនេះ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង