គិតយ៉ាងណាដែរ បើ Apple មិនដាក់កាស EarPods និងឆ្នាំងសាកនៅក្នុងប្រអប់របស់ iPhone 12?​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

កាលពីចុងសប្តាហ៍មុន អ្នកវិភាគរបស់ធនាគារអង់គ្លេស Barclays បានរាយការណ៍មកថា ផ្អែកទៅតាមអ្វីដែលពួកគេទទួលបាន ពីដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានចង្អុលបង្ហាញថា Apple នឹងមិនដាក់កាស EarPods នៅក្នុងប្រអប់របស់ iPhone 12 នោះទេ។ ជាងនេះទៅទៀត ពួកគេក៏ទទួលបានដំណឹងថា Apple ក៏ប្រហែលជាអាចនឹងដកទាំងឆ្នាំងសាកចេញពីប្រអប់របស់ iPhone 12 ថែមទៀតផង។

ដោយឡែកនៅក្នុងថ្ងៃនេះ កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo ក៏បានរាយការណ៍មកថា Apple ពិតជានឹងមិនដាក់កាស EarPods នៅក្នុងប្រអប់របស់ iPhone 12 មែន។ លើសពីនេះ ពួកគេក៏ប្រហែលជាអាចនឹងដកទាំងឆ្នាំងសាកចេញពីប្រអប់របស់ iPhone 12 ថែមទៀតផង។ លោក Ming-Chi Kuo ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា មូលហេតុដែលក្រុមហ៊ុន Apple អាចនឹងមិនដាក់កាស EarPods និងឆ្នាំសាកនៅក្នុងប្រអប់របស់ iPhone 12 ក៏ព្រោះតែពួកគេចង់រក្សាតម្លៃដាក់លក់របស់ iPhone 12 ឲ្យប្រហាក់ប្រហែលគ្នាជាមួយ iPhone 11 ដោយយកតម្លៃដែលត្រូវចំណាយទៅលើកាស EarPods និងឆ្នាំសាក ទៅកាត់កងជាងមួយតម្លៃដែលត្រូវចំណាយទៅលើបច្ចេកវិទ្យា 5G វិញ។ ប្រភពខាងលើដដែលនេះ ក៏បានបន្ថែមទៀតថា ឆ្នាំងសាកល្បឿនលឿនកម្លាំង 20W ដែលយើងបានប្រទះឃើញកាលពីប៉ុន្មានថ្ងៃមុននេះ ពិតជាឆ្នាំងសាកសម្រាប់ប្រើប្រាស់ជាមួយ iPhone 12 Series មែន ប៉ុន្តែក្រុមហ៊ុន Apple នឹងមិនដាក់វានៅក្នុងប្រអប់របស់ iPhone 12 Series នោះទេ ដោយពួកគេដាក់លក់នៅខាងក្រៅជំនួសវិញ។ 

អញ្ចឹងបើដំណឹងខាងលើនេះ គឺជាការពិតមែននោះ មានន័យថា Apple នឹងទុកត្រឹមតែខ្សែសាកមួយប៉ុណ្ណោះ នៅក្នុងប្រអប់របស់ iPhone 12។ តាមរយៈដំណឹងបែកធ្លាយ ដែលយើងទទួលបានកន្លងមក បាននិយាយថា iPhone 12 ម៉ូឌែល 5G ទំហំ 5.4 អ៊ីញ នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៥៩ ម៉ឺន 6 ពាន់រៀល (649 ដុល្លារ) ឡើងទៅ។ គួរបញ្ជាក់បន្តិចផងថា កាសឥតខ្សែ AirPods និង AirPods Pro របស់ Apple ក៏មិនបានភ្ជាប់ឆ្នាំងសាកមកជាមួយផងដែរ ដោយនៅក្នុងប្រអប់របស់កាសឥតខ្សែទាំង 2 នេះ មានតែខ្សែសាក USB-A ទៅ Lightning មួយប៉ុណ្ណោះ។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង