គម្រោងប្រកាសចេញ Galaxy Fold Lite អាចពន្យារទៅដល់ឆ្នាំ 2021 ឯណោះ​
ដោយ​ ៖ គាលី | 4 ថ្ងៃមុន SHARE

 

ដោយសារឃើញថា ទូរសព្ទឆ្លាតលំដាប់កំពូលៗបច្ចុប្បន្ន មានតម្លៃចេះតែកើនឡើង ពីមួយស៊េរីទៅមួយស៊េរី ដូច្នេះ ក្រុមហ៊ុន Samsung ក៏បានសម្រេចចិត្តបញ្ចេញទូរសព្ទប្រភេទ Lite មួយផ្សេងទៀត ដើម្បីផ្តល់ជម្រើសបន្ថែមទៅឲ្យអតិថិជនរបស់ខ្លួន។ ជាក់ស្តែង បន្ទាប់ពី Galaxy S10 Lite និង Note 10 Lite បានបង្ហាញខ្លួនជាផ្លូវការលើទីផ្សារហើយនោះ Samsung ក៏ហាក់ដូចជាកំពុងបន្តអភិវឌ្ឍប្រភេទ Lite នេះ សម្រាប់ម៉ូឌែល Galaxy S20 ដូចគ្នាដែរ ដោយគេស្គាល់ថាជា Galaxy S20 Fan Edition។ 

ទាក់ទងនឹងការបញ្ចេញទូរសព្ទឆ្លាតលំដាប់កំពូល ជាមួយជម្រើសប្រភេទ Lite នេះដែរ យើងក៏ទទួលបានរបាយការណ៍ថ្មីមួយទៀត ចេញពីប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា Samsung ក៏មានគម្រោងប្រកាសចេញទូរសព្ទអេក្រង់បត់ Galaxy Fold Lite ជាមួយការបន្ធូរបន្ថយតម្លៃច្រើន សល់ត្រឹមខ្ទង់ ៣ លាន ៦០ ម៉ឺនរៀល ឬប្រហាក់ប្រហែល 900 ដុល្លារប៉ុណ្ណោះ បើធៀបទៅនឹង Galaxy Fold ចេញដំបូង ខុសគ្នាសឹងតែជាង 1 ពាន់ដុល្លារទៅហើយ។ លើសពីនេះ គេថែមទាំងបានបង្ហាញទៀតថា វាអាចនឹងប្រកាសចេញជាផ្លូវការ នៅអំឡុងឆ្នាំក្រោយ 2021 ខាងមុខនេះផងដែរ។ តាមពិតទៅ បើយោងតាមរបាយការណ៍មិនច្បាស់ការមួយ ក៏ធ្លាប់បានចុះផ្សាយថា នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ Galaxy Note 20 Series, Galaxy Fold 2 និង Z Flip 5G ដែលអាចជាធ្វើឡើងក្នុងថ្ងៃទី 5 ខែសីហាឆាប់ៗនេះ Samsung ប្រហែលជាអាចនាំយកផលិតផល Galaxy Fold Lite មកបង្ហាញឲ្យមហាជនបានឃើញដែរ ប៉ុន្តែ ផ្អែកតាមរយៈដំណឹងថ្មីនេះ វាគួរតែត្រូវបានពន្យារទៅធ្វើនៅពេលវេលាសាកសមណាមួយ នាឆ្នាំ 2021 វិញ។ 

យ៉ាងណាមិញ សម្រាប់លក្ខណៈសម្បតិ្តផ្សេងៗរបស់ Galaxy Fold Lite មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែ បើគិតតាមតម្លៃបើកធ្លាយសល់ត្រឹមខ្ទង់ 900 ដុល្លារ ហើយព្រមទាំងស្ថិតក្នុងនាមជាឈ្មោះ Lite ទៀតនោះ Samsung អាចនឹងអភិវឌ្ឍវាឡើង ជាមួយការកាត់បន្ថយសមត្ថភាពបន្តិចបន្តួច ពីម៉ូឌែលដើម Galaxy Fold ដែលមិនខុសពីទូរសព្ទឆ្លាតស៊េរី Lite ផ្សេងៗនោះទេ។ សរុបមក ទូរសព្ទអេក្រង់បត់ជាអនាគតសម្រាប់ Samsung ហើយ ដោយទូរសព្ទស៊េរីថ្មីៗរបស់ក្រុមហ៊ុនយក្សមួយនេះ អាចនឹងជាប្រភេទអេក្រង់បត់កាន់តែច្រើនទៅៗ ហើយតម្លៃក៏នឹងចេះតែសមរម្យទៅតាមហ្នឹងផងដែរ។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង