ទស្សនាវីដេអូ Trailer ដំបូងរបស់ហ្គេមបាញ់រុំាបូ Metal Slug Code: J ជាមួយក្រាហ្វិកថ្មីនៅទីនេះ​
ដោយ​ ៖ ឡេង | 4 ថ្ងៃមុន SHARE

 

កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រុមការងារយើងទទួលបានដំណឹងថា ហ្គេមបាញ់រុំាបូវគ្គថ្មី សម្រាប់លេងនៅលើទូរសព្ទ និងម៉ាស៊ីនហ្គេម Console អាចបង្ហាញវត្តមានក្នុងឆ្នាំ 2020 នេះ ហើយវាក៏បានក្លាយជាការពិតមែន ដោយក្រុមហ៊ុន SNK បានបង្ហោះវីដេអូ Trailer ដំបូងថ្មីមួយ ដែលចាក់ផ្សាយឲ្យឃើញពី ការត្រឡប់មកវិញនៃហ្គេមថ្មីមួយនោះតែម្ដង។ បើទោះបីជាវាត្រូវបានដាក់ឲ្យលេង តាំងពីជាង 10 ឆ្នាំមុនយ៉ាងណាក្ដី ប៉ុន្ដែប្រជាប្រិយភាពរបស់ហ្គេមបាញ់រុំាំបូនេះ នៅតែទទួលបានការគាំទ្រច្រើនដដែល រហូតដល់មានការបង្កើតឡើងវិញ សាជាថ្មីម្ដងទៀត។

បើយោងទៅតាមវីដេអូមួយនោះ បានដាក់បង្ហាញឲ្យឃើញថា ហ្គេមបាញ់រុំាបូថ្មីមានឈ្មោះ Metal Slug Code: J ដោយវាហាក់បីដូចជា ការឌីហ្សាញឡើងវិញ ជាមួយក្រាហ្វិកថ្មី ហើយការបាញ់ឆ្លងវគ្គ និងការបញ្ជាលេង គឺភាគច្រើនស្ថិតនៅដដែល ប៉ុន្ដែបង្កើតឡើងជាពិសេស សម្រាប់លេងនៅលើទូរសព្ទ។ យ៉ាងណាមិញ យើងនឹងនៅតែឃើញមានតួឯកៗទាំងអស់ ត្រឡប់មកឲ្យបញ្ជាលេងវិញ ព្រមទាំងធ្វើការបាញ់សត្រូវ ដោយឆ្លងកាត់ប្រាសាទអង្គរវត្ត, ឆ្លងកាត់ភូមិបណ្តែតទឹកនៅទន្លេសាប ព្រមទាំងបានឃើញព្រះភក្ត្រ នៃប្រាសាទបាយ័ន ថែមទៀតផង។ នាពេលបច្ចុប្បន្ននេះ SNK មិនទាន់បានបង្ហើបព័ត៌មានច្រើន អំពីហ្គេមបាញ់រុំាបូថ្មីនេះនៅឡើយទេ ប៉ុន្ដែវាកំពុងតែត្រូវបានអភិវឌ្ឍន៍ឡើងជាមួយ ក្រុមហ៊ុនចិន Tencent Games និង TiMi Studios (ជាក្រុមហ៊ុនបង្កើតហ្គេម PUBG Mobile) សម្រាប់ដាក់ឲ្យលេងនៅលើ Android និង iOS ក្នុងពេលឆាប់ៗខាងមុខនេះ។

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញពី Trailer របស់ហ្គេម Metal Slug Code: J ៖

ខណៈពេលដែលក្រុមហ៊ុន SNK បញ្ជាក់ប្រាប់ឲ្យអ្នកគាំទ្រទាំងអស់ ធ្វើការរង់ចាំបន្ដិចទៀតសិន សម្រាប់ព័ត៌មានបន្ថែមអំពីហ្គេមបាញ់រុំាបូថ្មី ដែលមានឈ្មោះជាផ្លូវការហៅថា Metal Slug Code: J នេះ ប៉ុន្ដែយើងអាចរំពឹងទុកបានថា វានឹងអាចចេញឲ្យលេងនៅអំឡុងចុងឆ្នាំ 2020 តែម្ដង នេះបើយោងតាមប្រភពផ្ទៃក្នុងពីមុនៗមក។ បន្ទាប់ពីទស្សនាវីដេអូ Trailer នេះហើយ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា មានចំណាប់អារម្មណ៍យ៉ាងណាខ្លះដែរ? អញ្ចឹង អាចបញ្ចេញមតិរបស់លោកអ្នក តាមរយៈប្រអប់ Comment បាន។

ដោយ​ ៖ snkGame
អត្ថបទទាក់ទង