ប្រភពមួយបញ្ជាក់ថា Apple អាចនឹងបញ្ចេញលក់ iPhone 12 ម៉ូឌែល 4G ប្រើអេក្រង់ LCD ជាមួយតម្លៃខ្ទង់ 549 ដុល្លារ​
ដោយ​ ៖ ឈីរ៉ូ | 5 ថ្ងៃមុន SHARE

 

iPhone 12 Series ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេបង្អស់របស់ក្រុមហ៊ុន Apple ដែលបំពាក់មកជាមួយបច្ចេកវិទ្យា 5G។ ប៉ុន្តែដូចដែលយើងបានដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា 5G មិនទាន់មានភាពទំលូទំលាយនៅឡើយទេ ដោយវាមានវត្តមានតែនៅតាមតំបន់មួយចំនួននៃប្រទេសធំៗតែប៉ុណ្ណោះ។ លើសពីនេះ ទូរសព្ទឆ្លាតភាគច្រើន ដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G គឺមានតម្លៃថ្លៃថែមទៀតផង។ ជុំវិញរឿងរ៉ាវខាងលើនេះដែរ យើងក៏ធ្លាប់ទទួលបានរបាយការណ៍ រាយការណ៍មកថា ក្រុមហ៊ុន Apple អាចនឹងធ្វើការបញ្ចេញលក់ iPhone 12 ម៉ូឌែល 4G សម្រាប់ទីផ្សារមួយចំនួន ដែលមិនទាន់មានបច្ចេកវិទ្យា 5G។ 

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់អ្នកចែកចាយព័ត៌មានបែកធ្លាយម្នាក់មានឈ្មោះថា Omegaleaks យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា iPhone 12 4G អាចនឹងមានចំនួន 2 ម៉ូឌែល គឺ iPhone 12 និង iPhone 12 Max។ ជាងនេះទៅទៀត ប្រភពខាងលើដដែលនេះ ក៏បាននិយាយថា iPhone 12 ម៉ូឌែល 4G អាចនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ១៩ ម៉ឺន ៦ ពាន់រៀល (549 ដុល្លារ) ខណៈដែល iPhone 12 Max ម៉ូឌែល 4G អាចនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៥៩ ម៉ឺន ៦ ពាន់រៀល (649 ដុល្លារ)។ ម៉្យាងវិញទៀត iPhone 12 ម៉ូឌែល 4G ក៏ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយអេក្រង់ LCD ផងដែរ។ តាមរយៈដំណឹងដែលទទួលបានកន្លងមក បានបង្ហាញថា iPhone 12 ម៉ូឌែល 5G នឹងត្រូវបែងចែកចេញជា 4 ម៉ូឌែល ក្នុងនោះរួមមានដូចជា iPhone 12 ទំហំ 5.4 អ៊ីញ, iPhone 12 Max ទំហំ 6.1 អ៊ីញ, iPhone 12 Pro ទំហំ 6.1 អ៊ីញ និង iPhone 12 Pro Max ទំហំ 6.7 អ៊ីញ។ 

សម្រាប់តម្លៃដាក់លក់របស់ iPhone 12 ម៉ូឌែល 5G វិញ ត្រូវបានគេជឿថា នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៥៩ ម៉ឺន 6 ពាន់រៀល (649 ដុល្លារ) ឡើងទៅ សម្រាប់ iPhone 12 និងតម្លៃខ្ទង់ប្រហែលជា ២ លាន ៩៩ ម៉ឺន 6 ពាន់រៀល (749 ដុល្លារ) ឡើងទៅ សម្រាប់ iPhone 12 Max។ ចំណែកឯ iPhone 12 Pro នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ៣ លាន ៩៩ ម៉ឺន 6 ពាន់រៀល (999 ដុល្លារ) ឡើងទៅ ខណៈដែល iPhone 12 Pro Max នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ៤ លាន ៣៩ ម៉ឺន 6 ពាន់រៀល (1,099 ដុល្លារ) ឡើងទៅ។ អញ្ចឹងសរុបមកវិញ បើសិនជាក្រុមហ៊ុន Apple ពិតជាធ្វើការបញ្ចេញលក់ iPhone 12 Series រហូតដល់ទៅ 6 ម៉ូឌែលពិតមែន ខ្ញុំគិតថាវាគឺដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ទិញ iPhone 12 Series យកមកប្រើប្រាស់ ព្រោះថាអ្នកនឹងមានជម្រើសច្រើនក្នុងការជ្រើសរើស។

ដោយ​ ៖ Omegaleaks
អត្ថបទទាក់ទង