ប្រភព​ថ្មី​មួយ​បញ្ជាក់​ថា ឈីប​ថ្មី Snapdragon 875 ទំនងជា​នឹង​មាន​តម្លៃ​កាន់តែ​ថ្លៃ​ជាងមុន​ទៅ​ទៀត​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ដូចអ្វីដែលយើងធ្លាប់ដឹងកន្លងមកហើយ ទាក់ទងនឹងទម្លាប់រាល់ដងរបស់ Qualcomm ពោលគឺក្រុមហ៊ុននេះ តែងតែធ្វើការប្រកាសចេញ ឈីបលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួន នៅអំឡុងពេលចុងឆ្នាំ ជាក់ស្ដែងដូចកាលពីខែធ្នូឆ្នាំមុននេះ គេបានប្រកាសចេញឈីប Snapdragon 865 ចេញមក ហើយក៏ចាប់ផ្តើមមាននៅលើទូរសព្ទឆ្លាតជាបណ្តើរៗ ក្នុងអំឡុងត្រីមាសទីមួយ កាលពីដើមឆ្នាំផងដែរ។ សម្រាប់ឆ្នាំនេះ Qualcomm ក៏ទំនងជានឹងធ្វើរាល់ដងអញ្ចឹង ពោលគឺគេអាចនឹងប្រកាសចេញ ឈីបកំពូលជំនាន់ថ្មី នៅចុងឆ្នាំនេះឯង ប៉ុន្តែបើតាមដំណឹងបែកធ្លាយថ្មីមួយ ក្នុងពេលនេះ គេបានបង្ហាញថា ឈីបថ្មីដែល Qualcomm អាចនឹងប្រកាសចេញនោះ គឺទំនងជានឹងមានតម្លៃ កាន់តែថ្លៃជាងមុនថែមទៀត។

មិនខុសទេ ដូចបាននិយាយនៅខាងលើអញ្ចឹង ឈីបកំពូលថ្មីរបស់ Qualcomm ដែលអាចជា Snapdragon 875 នោះ គឺទំនងជាមានតម្លៃកាន់តែថ្លៃជាងមុនថែមទៀត នេះបើតាមការបង្ហាញចេញពី អ្នកចែកចាយដំណឹងបែកធ្លាយម្នាក់ នៅតាមបណ្ដាញសង្គម Twitter មានគណនីឈ្មោះថា Sleepy Kuma ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ការតម្លើងតម្លៃលើកនេះ គឺមិនមែនតិចតួចដូចមុនឡើយ និយាយឲ្យចំទៅ បុគ្គលខាងលើនេះ បានបញ្ជាក់ថា វាថ្លៃជាងមុនស្ទើរតែ 2 ដងទៅហើយ ពោលគឺនៅក្នុងនោះ គេបានបញ្ជាក់ថា តម្លៃរបស់ឈីបថ្មីខាងលើ ទំនងជានឹងត្រូវ Qualcomm លក់ខ្ទង់ 250 ដុល្លារឯណោះ ខណៈពេលដែល Snapdragon 865 ដែលមានលើទីផ្សារសព្វថ្ងៃនេះ គឺមានតម្លៃត្រឹមតែខ្ទង់ពី 150 ទៅ 160 ដុល្លារប៉ុណ្ណោះ។ ដោយសារគម្លាតតម្លៃរបស់វា អាចនឹងខុសគ្នាដល់ទៅខ្ទង់ 100 ដុល្លារបែបនឹងហើយ ទើបធ្វើឲ្យគេរំពឹងថា ទូរសព្ទឆ្លាតកំពូលនានា ដែលមានគម្រោងប្រើប្រាស់ឈីបនោះ អាចនឹងកាន់តែមានតម្លៃថ្លៃជាងមុន ទៅតាមនឹងដែរ ហើយបើទោះជាមានក្រុមហ៊ុនមួយចំនួន ព្យាយាមធ្វើទូរសព្ទឆ្លាតរបស់ពួកគេ មានតម្លៃទាបក៏ដោយ ប៉ុន្តែកាលៈទេសៈនេះ អាចនឹងមិនទាបទៀតទេ។ 

យ៉ាងណាក៏ដោយ តម្លៃដែលយើងបានរៀបរាប់នៅខាងលើនេះ វាគ្រាន់តែជាការបង្ហាញក្រៅផ្លូវការមួយ ចេញពីអ្នកចែកចាយដំណឹងបែកធ្លាយ នៅតាមបណ្ដាញសង្គម Twitter ប៉ុណ្ណោះ ហេតុនេះ យើងមិនទាន់ជឿជាក់ថា នេះជាដំណឹងពិតប្រាកដ ឬយ៉ាងណានោះទេ ប៉ុន្តែបើសិនជាបែបនោះមែន ដូច្នេះនេះមិនមែនជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ Android នោះទេ ព្រោះថាទូរសព្ទឆ្លាតដែលគេចង់បាន គឺកាន់តែថ្លៃទៅៗ។ ពិតណាស់ ដោយសារដំណឹងខាងលើបង្ហាញដូច្នេះហើយ ទើបធ្វើឲ្យពេលនេះ យើងបានដឹងច្បាស់ក្នុងចិត្តជាងមុនថា ហេតុអ្វីបានជា Samsung នៅតែប្រើប្រាស់ឈីប Exynos របស់ខ្លួន? ចំពោះមូលហេតុនោះ គឺដោយសារពួកគេ អាចនឹងចំណាយទឹកប្រាក់ទាបជាងទិញឈីបកំពូល ពី Qualcomm ទាំងអស់ហ្នឹងឯង។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង