NASA បាន​បង្កើត​ខ្សែ​ក​មួយ ទុក​សម្រាប់​ធ្វើការ​រំឮក​អ្នក​ប្រើប្រាស់ កុំឲ្យ​យក​ដៃ​ទៅ​ប៉ះ​ផ្ទៃ​មុខ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ ការរីករាលដាលនៃមេរោគ COVID-19 នៅមិនទាន់មានភាពស្រាកស្រាននោះឡើយ ដូច្នេះពលរដ្ឋគ្រប់រូប គឺត្រូវតែយកចិត្តទុកដាក់ខ្ពស់ ទៅលើការការពារដដែល ព្រោះថាយើងមិនដឹងនោះឡើយ ថាមេរោគនោះ វាមាននៅទីណាខ្លះ។ ជាមួយការជួយជំរុញ ទៅលើការពារបន្ថែមនេះ ទើបពេលថ្មីៗនេះ NASA បានធ្វើការបង្កើតខ្សែកមួយ ដែលមាននាទីជួយរំឮកដល់អ្នកប្រើប្រាស់ កុំឲ្យយកដៃទៅប៉ះផ្ទៃមុខទៀតផង ហើយអ្វីដែលពិសេសនោះ NASA ក៏បានធ្វើការចែករំលែកពីរបៀបធ្វើខ្សែកនោះ ដោយមិនគិតថ្លៃផងដែរ។

មិនខុសទេ នៅក្នុងពេលថ្មីៗនេះ NASA បានធ្វើការប្រកាសចេញខ្សែកមួយប្រភេទ សម្រាប់រំឮកដល់អ្នកប្រើប្រាស់ កុំឲ្យយកដៃទៅប៉ះផ្ទៃមុខ ហើយនៅក្នុងនោះដែរ អង្គការខាងលើ ក៏បានធ្វើការចែករំលែក ដោយបើកចំហ ពីរបៀបក្នុងការធ្វើខ្សែកនោះទៀតផង ដើម្បីអ្នកដែលចង់បានវា អាចធ្វើដោយខ្លួនឯងបាន។ ខ្សែកនោះដែរ វាមានប្រើប្រាស់សេនស័រមួយ ដែលអាចកំណត់សម្គាល់បានចម្ងាយ 12 អ៊ីញពីតួខ្លួនរបស់វា ក៏ដូចជាមានប្រើប្រាស់ម៉ូទ័រខ្នាតតូចមួយ ដើម្បីបង្កើតជារំញ័រ នៅពេលដែលអ្នកប្រើប្រាស់ យកដៃរបស់គេសំដៅទៅកាន់ក្បាល ហើយកាន់តែប្រសើរនោះ នៅពេលដែលអ្នកយកដៃទៅកាន់តែជិតក្បាល នោះរំញ័រដែលបង្កើតឡើងដោយម៉ូទ័រនោះ គឺកាន់តែខ្លាំងឡើងដូចគ្នា។ គួរបញ្ជាក់ដែរថា សម្រាប់ការធ្វើបែបនេះឡើង គឺគោលដៅសំខាន់របស់ NASA គឺចង់ជួយកាត់បន្ថយកំណើននៃវីរុស COVID-19 នេះឯង ព្រោះថា នៅក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃរបស់យើង គឺអាចនឹងមិនចាប់អារម្មណ៍នោះទេថា ខ្លួនបានយកដៃទៅចាប់កាន់អ្វីខ្លះ ខណៈពេលដែលចំណុចសំខាន់បំផុត ក្នុងការការពារវីរុសខាងលើនោះ អង្គការសុខភាពពិភពលោក បានណែនាំថា កុំឲ្យយកដៃទៅផ្ទៃមុខ ព្រោះថាវាអាចនឹងងាយឆ្លងមេរោគនោះលឿនបំផុត។

ដូចបានប្រាប់នៅខាងលើនេះអញ្ចឹង NASA បានធ្វើការចែករំលែក ពីរបៀបធ្វើខ្សែកខាងលើនេះ ដោយបើកចំហ ព្រមទាំងមិនគិតថ្លៃនោះទេ ហើយអ្នកទាំងអស់គ្នា អាចចូលទៅទាញយកឯកសារ ដើម្បីដឹងពីសម្ភារៈ ឬតម្រូវការផ្សេងៗ សម្រាប់ធ្វើការខ្សែកនោះបាន ដោយចុចត្រង់នេះ ប៉ុន្តែសូមបញ្ជាក់ដែរថា ចំណុចសំខាន់ដែលត្រូវការនោះ គឺអ្នកត្រូវយកការរចនាជា CAD ទៅដាក់ក្នុងម៉ាស៊ីន 3D Print ដើម្បីបង្កើតជាស្រោមជ័រនៅខាងក្រៅរបស់ខ្សែកនោះ ហើយសម្រាប់ចំណុចផ្សេងៗទៀត អ្នកអាចចូលមើល នៅក្នុងលីងដែលយើងបានដាក់ ឲ្យទាញយកនោះបាន។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង