OPPO គ្រោងបញ្ចេញកាសឥតខ្សែជំនាន់ថ្មី អាចមានមុខងារទប់សម្លេងរំខានផងដែរ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

យើងបានដឹងហើយថា ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើន បានប្រកាសចេញនូវកាសឥតខ្សែរបស់ខ្លួន ដែលផលិតវាមកដើម្បីបំពេញតម្រូវការរបស់អតិថិជនខ្លួន ឬ សម្រាប់អ្នកប្រើប្រាស់ទូទៅ ជាដើម។ ជាក់ស្ដែង ក្នុងពេលនេះ ក្រុមហ៊ុន OPPO អាចនឹងមានគម្រោងនឹងធ្វើការប្រកាសចេញនូវកាសឥតខ្សែ True Wireless Earbuds របស់ខ្លួនមួយម៉ូឌែលទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ពិតណាស់ នៅក្នុងពេលនេះ កាសឥតខ្សែជំនាន់ថ្មីរបស់ OPPO នេះ ត្រូវបានលេខធ្លាយរូបរាងយ៉ាងច្បាស់ នៅលើគេហទំព័រ CNIPA ដោយបានបង្ហាញពីពណ៌របស់វា ខណៈពេលដែល ការប្រកាសចេញ មិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ។ មិនខុសនោះទេ បើយើងមើលទៅលើរូបភាពទាំងអស់នេះ វាបានបង្ហាញយ៉ាងច្បាស់ថា កាសឥតប្រើខ្សែជំនាន់ថ្មីរបស់ OPPO ថ្មីនេះ មានរចនាបថរូបរាងប្លែក ខុសពីកាសឥតខ្សែ របស់ក្រុមហ៊ុនដទៃទៀត ដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះ បើយោងទៅតាមប្រភពព័ត៌មានដដែល បានបង្ហើបថា កាសឥតខ្សែ True Wireless Earbuds ថ្មីនេះ នឹងត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន (Noise Cancelling) ថែមទៀតផង។ លើសពីនេះ វាអាចមានមុខងារការពារទឹកកម្រិត IP54 ជាមួយប្រព័ន្ធ Bluetooth ជំនាន់ 5.0 និងវាមានថ្ម អាចប្រើបានរយៈពេល 5 ម៉ោង នៅពេលសាកពេញម្ដង។

អញ្ចឹងសរុបមកវិញ នេះគឺជារចនាបថរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួននៃកាសឥតខ្សែជំនាន់ថ្មី OPPO ទើបត្រូវបានបែកធ្លាយលើគេហទំព័រ CNIPA ។ ដូច្នេះ អាចនិយាយបានថា វាអាចនឹងបង្ហាញខ្លួនលើទីផ្សារជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ដោយ​ ៖ 91Mobiles
អត្ថបទទាក់ទង