Map Livik ថ្មីរបស់ PUBG Mobile មានទំហំតូច 2x2 គីឡូម៉ែត្រ និងអាចលេងបានត្រឹម 40 នាក់ក្នុងមួយវគ្គៗ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តដែលនិយមលេងហ្គេម PUBG Mobile ពិតជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ គឺទទួលបានកាដូពិសេសថ្មីមួយ នោះគឺត្រូវជា Map ថ្មី ដែលមានឈ្មោះហៅថា Livik ហើយវានឹងដាក់ឲ្យលេង តែនៅលើទូរសព្ទប៉ុណ្ណោះ ជាកម្មសិទ្ធិផ្ដាច់មុខតែម្ដង។ រហូតមកដល់ពេលឥឡូវនេះ យើងក៏ទទួលបានដំណឹងបន្ថែមទៀតពីលោក Rick Li ត្រូវជាអ្នកផលិតករម្នាក់ នៅក្នុងការបង្កើតហ្គេម PUBG Mobile នេះឡើងមក ដោយបង្ហើបប្រាប់ឲ្យដឹងថា វាអាចផ្ទុកអ្នកលេងបានចំនួន 40 នាក់ក្នុងមួយវគ្គៗ ផងដែរ។

លើសពីនេះទៅទៀត គាត់ក៏បាននិយាយប្រាប់បន្ថែមទៀតថា Map Livik ថ្មីចុងក្រោយមួយនេះ នឹងមានទំហំតូជាងផែនទីដទៃទៀតទាំងអស់ ដោយត្រូវបានគេវាស់ស្មើនឹងប្រវែងប្រមាណ 2 គុណនឹង 2 គីឡូម៉ែត្រ ទើបបានជាកំណត់ឲ្យអាចគាំទ្រអ្នកលេងបានត្រឹមតែ 40 នាក់បែបនេះ។ ហេតុដូច្នេះហើយ ក៏ធ្វើឲ្យរយៈពេលលេងកាន់តែឆាប់ចប់ជាងមុន ដោយចំណាយត្រឹមតែ 15 នាទីប៉ុណ្ណោះក្នុងមួយវគ្គៗ ព្រមទាំងធ្វើឲ្យមានឱកាសជួបជាមួយសត្រូវ បានច្រើនដងជាងផែនទីមុនៗ ថែមទៀតផង។ យើងបានឃើញរូប Poster ជាផ្លូវការរួចមកហើយថា Map Livik នឹងមានតំបន់ទាក់ទាញចំនួន 5 ខុសៗគ្នា ដោយរួមមានដូចជា កន្លែងមានទឹកធ្លាក់ ឬ កន្លែងមានផ្កាស្រស់ស្អាត ជាដើម។ នេះពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន សម្រាប់អ្នកចូលចិត្តកន្លែងបាញ់ប្រហារច្រើន ហើយមានភាពក្លាហានក្នុងការប្រយុទ្ធជាមួយសត្រូវ ឲ្យបានកាន់តែច្រើនដងជាងមុន។

ខណៈពេលដែល មិនទាន់មានដំណឹងច្បាស់ពីថ្ងៃទម្លាក់ Map ថ្មីមួយនេះ ឲ្យចូលលេងជាផ្លូវការនៅឡើយទេ ដោយឡែក វាត្រូវបានគេរំពឹងទុកថា នឹងអាចភ្ជាប់មកជាមួយកំណែអាប់ដេតទី 0.19.0 នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2020 ខាងមុខនេះ។ ស្របនឹងពេលនេះផងដែរ Map Livik ថ្មីនៅលើហ្គេម PUBG Mobile គឺមានតែដាក់ឲ្យលេងនៅលើទូរសព្ទប៉ុណ្ណោះ ដោយវាមិនត្រូវបានដាក់បញ្ចូលទៅហ្គេម PUBG លើកុំព្យូទ័រ ឬ ម៉ាស៊ីនហ្គេម Console នោះទេ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង