ហាងលក់ចែកចាយទាំងអស់របស់ Microsoft គ្រោងនឹងត្រូវបានបិទជារៀងរហូតតែម្ដង​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសចេញជាផ្លូវការហើយថា ពួកគេនឹងធ្វើការបិទហាងលក់ចែកចាយទាំងអស់ ទាំងនៅតំបន់សហរដ្ឋអាមេរិក និងទូទាំងពិភពលោកតែម្ដង ដោយចាប់ផ្ដើមផ្ដោតទៅលើ ការលក់ផលិតផលតាមអនឡាញវិញ។ ជាការពិតណាស់ ដោយសារតែ ការរីករាលដាលពីវីរុសកូវីដ 19 ក៏បានធ្វើឲ្យអាជីវកម្មជាច្រើន សម្រេចចិត្តផ្អាកការលក់ដូរជាបណ្ដោះអាសន្ន រហូតដល់ស្ថានភាពត្រឡប់មកធម្មតាវិញសិន ប៉ុន្ដែវាបានធ្វើឲ្យក្រុមហ៊ុន Microsoft បង្កើតចេញយុទ្ធសាស្រ្ដថ្មី គឺបិទហាងជារៀងរហូតតែម្ដង។

ខណៈពេលដែល បានធ្វើការប្រកាសប្រាប់ពីគម្រោងថ្មីនេះ Microsoft ក៏បានលើកឡើងមកឲ្យដឹងថា វេបសាយលក់ផលិតផលអនឡាញ Microsoft.com ព្រមទាំងវេបសាយលក់របស់ Xbox និង Windows គឺទទួលបានអតិថិជនរហូតដល់ទៅ 1.2 ពាន់លាននាក់ ជាប្រចាំខែឯណោះ បើសរុបទាំង 190 ទីផ្សារជុំវិញពិភពលោក។ យ៉ាងណាមិញ សម្រាប់ហាងចែកចាយធំៗមួយចំនួន ដូចជាមានទីតាំងនៅឯទីក្រុងញូវយ៉ក (Fifth Ave), ទីក្រុងឡុង(Oxford Circus), ស៊ីដនី (Westfield Sydney) និងទីតាំងធំ Redmond របស់ Microsoft នៅរដ្ឋវ៉ាស៊ីនតោន នឹងត្រូវផ្លាស់ប្ដូរទៅជា ហាងតាំងពិពណ៌ផលិតផលវិញ ដោយលែងមានការលក់ដូរ តទៅទៀតហើយ។ ចំណែកឯគម្រោងថ្មីមួយនេះ នឹងចាប់ផ្ដើមពីពេលបច្ចុប្បន្ននេះ ហើយអាចរហូតដល់ឆ្នាំក្រោយ ទើបបានសម្រេចទាំងស្រុងបាន ហើយក្រុមហ៊ុន Microsoft បានបញ្ជាក់ប្រាប់ថា បុគ្គលិកនៅក្នុងហាងចែកចាយទាំងអស់ នឹងប្ដូរទៅផ្នែកលក់តាមអនឡាញវិញ ដោយមិននិយាយអំពី ការកាត់បន្ថយបុគ្គលិកនោះទេ។

ប្រភពមួយចំនួនក៏បានជឿជាក់ថា Microsoft ប្រហែលជាអាចរង់ចាំប្រកាសចេញ ម៉ាស៊ីនហ្គេម Xbox Series X និងផលិតផលធំៗដទៃទៀតឲ្យហើយសិន ទើបបានបិទហាងចែកចាយទាំងអស់ ដើម្បីពង្រីកប្រព័ន្ធលក់តាមអនឡាញ ឲ្យកាន់តែរីកចម្រើនថែមទៀត។ នេះអាចជាយុទ្ធសាស្រ្ដដ៏ល្អមួយសម្រាប់ Microsoft ហើយក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀត ក៏អាចនឹងយកគំរូតាមបានដែរ។

ដោយ​ ៖ TechCrunch
អត្ថបទទាក់ទង