វគ្គបន្ទាប់នៃខ្សែភាពយន្ដហែកគុក នឹងចាប់ផ្ដើមថតនៅអំឡុងឆ្នាំ 2021 ខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រោយពីទទួលបានការគាំទ្រខ្ពស់ ពីអ្នកទស្សនាមកពីជាច្រើនប្រទេស ហើយជាពិសេសក្នុងស្រុកយើងផងនោះ ដូច្នេះហើយផលិតកម្មកងចក្រភីកឈ័រ Kongchak Pictures ក៏បានប្រកាសជាផ្លូវការ កាលពីពេលថ្មីៗនេះថា ខ្សែភាពយន្ដហែកគុកវគ្គ 2 ឬ Jailbreak Round 2 គ្រោងនឹងធ្វើការចាប់ផ្ដើមថតនៅឆ្នាំ 2021 ខាងមុខនេះតែម្ដង។ ស្របនឹងពេលនោះផងដែរ ក៏មានការចូលរួមពីតារាសម្ដែងក្បាច់គុន មកពីប្រទេសឥណ្ឌូនេស៊ីចំនួន 2 រូប ថែមទៀតផង នោះគឺលោក Yayan Ruhian និងលោក Cecep Arif Rahman ដែលសុទ្ធតែជាអ្នកអាជីពខ្ពស់ លើផ្នែកភាពយន្ដបែបវាយប្រហារ។

ប្រសិនបើប្រិយមិត្តអ្នកអាន តែងតែចូលចិត្តទស្សនារឿង John Wick និងរឿង The Raid គឺប្រាកដជាធ្លាប់ស្គាល់មុខពួកគាត់ ពីមុនរួចមកហើយ ដោយគាត់ទាំងពីរនាក់ បានបង្ហាញខ្លួនសម្ដែងក្នុងរឿង John Wick វគ្គ 3 (Parabellum) និងរឿង The Raid នេះជាមួយគ្នាផងដែរ។ លើសពីនេះទៅទៀត  លោក ហ្សង់ ប៉ូលី ជាតារាក្បាច់គុន, លោក អ៊ួ តារា ជាតារាក្បាច់គុនល្បុកតោខ្មែរ និងកញ្ញា សំ ថារ័ត្ន ជាតារាស្រីផ្នែកក្បាច់គុនល្បុកតោខ្មែរ ក៏នឹងត្រឡប់មកសម្ដែងជាតួអង្គសំខាន់ៗ ក្នុងរឿងហែកគុកវគ្គក្រោយនេះ។ ហាក់បីដូចជានៅលើវគ្គដំបូងអញ្ចឹងដែរ ដោយលោកដឹកនាំរឿង Jimmy Henderson នឹងសហការជាមួយផលិតករភាពយន្ដ លោក តែ ឡូយ សម្រាប់ការផលិតវគ្គបន្ទាប់នេះថែមទៀត ដូច្នេះយើងអាចរំពឹងទុកបានថា នឹងមានឈុតឆាកវាយប្រហារ កាន់តែអស្ចារ្យថែមទៀត ព្រមទាំងមានឱកាសបន្ដសាច់រឿងទៅមុខទៀត ក៏អាចថាបានដែរ។

ជាការពិតណាស់ រឿងហែកគុក Jailbreak កាលពីឆ្នាំ 2017 អាចទទួលបានពានរង្វាន់ ខ្សែភាពយន្តវាយប្រហារល្អបំផុត នៅមហោស្រពភាពយន្ត Fantasia ក្នុងអំឡុងឆ្នាំចាក់បញ្ចាំងនោះ ហើយក៏ទទួលបានឈ្នះពានរង្វាន់ ផ្នែកវាយប្រហារជាពិសេស និងបានតែងតាំងជាខ្សែភាពយន្ដ មានភាពច្នៃប្រឌិតថ្មីបំផុត ថែមទៀតផង។ នាពេលបច្ចុប្បន្ននេះ អ្នកទាំងអស់គ្នា អាចទទួលបានរឿងហែកគុកវគ្គទី 1 នៅលើសេវាកម្ម Netflix បាន ខណៈពេលដែល កំពុងរង់ចាំដំណឹងថ្មីៗបន្ថែមអំពីវគ្គទី 2 នេះទៀត។

ដោយ​ ៖ Kongchak Pictures
អត្ថបទទាក់ទង